Loading...

បរិយាយថ្ងៃនេះ ៖ ចង់បំភ្លេចអ្នកណា នឹកដល់អ្នកនោះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 17:52 pm

សុភាសិតបារាំង ១ឃ្លាថា “ចង់បំភ្លេចអ្នកណាម្នាក់ គឺនឹកគិតដល់អ្នកនោះហើយ” (Vouloir oublier quelqu’un c’est y penser) មានខ្លឹមសារបង្ហាញពីមនោសញ្ចោតនាមនុស្ស ទោះជាស្អប់គ្នា ចងគំនុំគុំកួនគ្នាយ៉ាងណា ក៏នៅតែនឹកឃើញអនុស្សាវរីយ៍ជាមួយគ្នារហូត។ យ៉ាងណាមិញ ករណីអតីតបក្សសង្គ្រោះជាតិ ត្រូវរំលាយទៅហើយ រីឯអតីតមន្ត្រីបក្សប្រឆាំងធំជាងគេនេះ រស់នៅរប៉ាត់រប៉ាយខ្លះនៅក្នុងស្រុក ខ្លះនៅក្រៅស្រុក ហើយបែរជាមន្ត្រីបក្សកាន់អំណាច (CPP) ឆ្លើយឆ្លងឌឺដង ផ្លែផ្កាមិនឈប់នោះ គឺស្របនឹងសុភាសិតខាងលើ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានចេញសាលដីកាស្ថាពររំលាយ “គណបក្សសង្គ្រោះជាតិ” (CNRP) បានទាំងដកសិទ្ធិមន្ត្រីបក្ស ១១៨រូប មិនឱ្យធ្វើនយោបាយ ៥ឆ្នាំ សូម្បីតែក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៥០០០នាក់ ក៏ត្រូវដកហូតកៅអីដែរ។ តាំងពីពេលនោះមក ពួកប្រឆាំងត្រូវបែកខ្ញែកគ្នារប៉ាត់រប៉ាយ ខ្លះជាប់ពន្ធនាគារ ខ្លះភៀសខ្លួនទៅបរទេស ខ្លះនៅក្នុងស្រុក សំងំសុខដូចកណ្តុរខ្លាចឆ្មា បើហ៊ានថាខ្លះ ក៏ថាស្រាលៗ មិនរម៉ាំងរម៉ោកដូចមុនពេកទេ។ អ្នកដែលហ៊ានរិះគន់បក្សកាន់អំណាចខ្លាំងជាងគេ គឺលោកសម រង្ស៊ី និងសហការីជំនិតគាត់ប៉ុន្មាននាក់ប៉ុណ្ណោះ ដែលកំពុងរស់នៅប្រទេសបារាំង ឬ អាមេរិក ប៉ុន្តែអ្វីដែលត្រូវយកមកបរិយាយនៅពេលនេះ គឺ “ចង់បំភ្លេចអ្នកណាម្នាក់ គឺនឹកគិតដល់អ្នកនោះ ហើយ” មានន័យថា CPP ប្តឹងរំលាយ CNRP ទៅហើយ និងបំភ័យលោកសម រង្ស៊ី ឱ្យរត់ទៅដល់នាយសមុទ្រទៅហើយ នៅតែ “នឹកដល់លោកសម រង្ស៊ី គ្មានថ្ងៃបំភ្លេចបាន”។

កន្លងមក យើងឃើញថា ឱ្យតែ “មេចលនាសង្គ្រោះជាតិ” នោះដាក់គន្លឹះអ្វីតាមបណ្តាញសង្គមហ្វេសប៊ុក ក៏ត្រូវបានអ្នកនាំពាក្យ CPP ឆ្លើយីបកទៅវិញភ្លាមៗ រហ័សណាស់ ឬថា “ប្រតិកម្មរហ័ស” ដូចកំដរលោកសម រង្ស៊ី ឱ្យមានឱកាសសៀតយុទ្ធសាស្ត្រនយោបាយថ្មីៗទៀត។

បន្ទាប់ពីការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៦ រួចមក ពួកប្រឆាំងនៅក្រៅប្រទេស ជាពិសេស លោកសម រង្ស៊ី វាយប្រហារបក្សកាន់អំណាច កាន់តែខ្លាំង ដូច “អាយ៉ៃឆ្លងឆ្លើយ” ព្រោះបន្ទាប់ពីគាត់ “អើយ“ ភ្លាម ក៏មានអ្នកនាំពាក្យបក្សកាន់អំណាច “អើយ” សងវិញ ស្របតាមសុភាសិតថា “ចង់បំភ្លេចអ្នកណាម្នាក់ គឺនឹកគិតដល់អ្នកនោះហើយ”។ កន្លងមក ថ្នាក់ដឹកនាំបក្សកាន់អំណាចធ្លាប់លើកឡើងថា “ជាមួយមនុស្សម្នាក់ហ្នឹង កុំរវល់ ឈប់ជ្រលក់មាត់ចូល គ្មានរឿងចរចាសម្រុះសម្រួលជាមួយពួកក្បត់ជាតិជាដាច់ខាត”។ ទោះជាប្តេជ្ញាយ៉ាងនេះក្តី តែនៅពេលលោកសម រង្ស៊ី ទរប្រាវៗពីក្រៅប្រទេស ក៏មានអ្នកទរសងវិញ ក្លាយជាទម្លាប់ទៅហើយ។

កាលពីពេលថ្មីៗនេះ ក៏មានអ្នកគាំទ្រ CPP ខ្លះបញ្ចោញមតិថា លោកសម រង្ស៊ី គួរចូលនិវត្តន៍ ឈប់ធ្វើនយោបាយទៅ ព្រោះគាត់មានកូនច្បងឈ្មោះសម សារ៉ុម អាចស្នងតំណែងឪពុកបាន ដែលការបញ្ចោញមតិបែបនេះ ក៏មានន័យថា “នឹកដល់លោកសម រង្ស៊ី” ក៏ជួយផ្តល់យោបល់។ ជាងនេះទៀតក៏មាន “លិខិតចំហ” របស់លោកសម រង្ស៊ី ក៏ដូចជា “ញត្តិគាំទ្រ” លោកសម រង្ស៊ី វិលមកគ្រប់គ្រង CNRP វិញ ដើម្បីជំនួសលោកកឹម សុខា ដែលកំពុងជាប់ពន្ធនាគារ ប៉ុន្តែលិខិតចំហ និងញត្តិនោះ ត្រូវពួកប្រឆាំង ប្រកាសថា “ជាលិខិតក្លែងក្លាយ” ក្នុងបំណងចាក់បំបែក CNRP ឱ្យបែកបាក់គ្នាចែកជា “បក្សពួកលោកសម រង្ស៊ី ម្ខាង បក្សពួកលោកកឹម សុខា ម្ខាង” ឬអាចថា មកពី “អ្នកសរសេរនោះ នឹករលឹកលោកសម រង្ស៊ី” បានជាធ្វើញត្តិ ហៅ “គាត់មកគ្រប់គ្រង CNRP វិញ”។

នៅពេលនេះ បក្សកាន់អំណាច “ចេះតែដើរទៅមុខហើយ” តាមរយៈការបង្កើតរដ្ឋសភា នីតិកាលទី៦ ១២៥អាសនៈ អង្គុយតែបក្សមួយ រដ្ឋាភិបាលក៏តែបក្ស១ ដូច្នេះបើចង់ឱ្យដំណើរការទៅមុខដោយរលូន គួរតែអ្នកគាំទ្រ CPP ព្យាយាមបំភ្លេចខ្មោច CNRP នោះទៅ ទើបឈានទៅដល់ត្រើយសុខសាន្ត ដែលយើងសូមលើករឿង ក្នុង “គម្ពីរព្រះត្រៃបិដក” មក ធ្វើជាទឡ្ហីករណ៍ បង្ហាញថា បើ “នៅតែអាល័យ នឹករលឹក” មិនបានផលចំណេញទេ។

រឿងនោះ បានតំណាលពីបុរសពោះម៉ាយម្នាក់ ប្រកបរបរដាំត្រសក់ស្រូវ លក់ចិញ្ចឹមជីវិតនៅក្នុងនគរមួយ។ ក្រោយមក គាត់បានទៅសុំបួសក្នុងសំណាក់សាវ័ករបស់ព្រះពុទ្ធ ខំប្រឹងធ្វើសមាធិយ៉ាងណា ក៏មិនបានសម្រេចធម៌ជាន់ខ្ពស់ដែរ ព្រោះតែនឹករលឹកដល់ “គ្រាប់ត្រសក់” ដែលខ្លួនវេចទុក ១កញ្ចប់ នៅឯផ្ទះ។ លុះដល់រដូវភ្លៀងធ្លាក់ ភិក្ខុនោះ ក៏ថ្វាយបង្គំគ្រូឧបជ្ឈាយ៍ លាចាកសិក្ខាបទ ទៅដល់ផ្ទះ ចាប់ផ្តើមភ្ជួររាស់ កាប់គាស់ដី ដាំត្រសក់ស្រូវ បានផ្លែលក់ដូចមុន និងទុកគ្រាប់ពូជ ១កញ្ចប់ តាមទម្លាប់។ បន្ទាប់មក គាត់វិលទៅសុំបួសវិញ ប៉ុន្តែចិត្តមិនដាច់ពីគ្រាប់ត្រសក់ ក៏សឹកមកដាំដុះ ប្រមូលផលលក់យកប្រាក់ ដូចមុន។ គ្រាន់តែគាត់ “បួសសឹកៗ ៧ដង” ប៉ុន្តែនៅឆ្នាំទី៧ បន្ទាប់ពីពិចារណាល្អិតល្អន់មក ក៏យល់ថា មកពី “កាត់អាល័យមិនបាន” ទើបបួសមិនសុខ ទើបគាត់សម្រេចចិត្តចុងក្រោយ បាចគ្រាប់ត្រសក់ចោល លែងខ្ចប់ទុកដូចមុន រួចទៅបួសជាលើកទី៧ ព្យាយាមកាត់ក្តីអាល័យពីគ្រាប់ត្រសក់ ទីបំផុតក៏បានសម្រេចព្រះអរហត្តផល ភ្លេចមុខរបរចាស់អស់ទៅ…។ រឿងនេះចង់បង្ហាញថា “ត្រឹមតែគ្រាប់ត្រសក់” ធ្វើឱ្យមនុស្សនឹករលឹកមិនចង់ឃ្លាត ចុះទម្រាំរឿង “នយោបាយដណ្តើមអំណាចគ្នា” ច្បាស់ណាស់ថា “CPP មិនភ្លេចលោកសម រង្ស៊ី” ជាគូប្រជែងនោះទេ។

នៅអាណត្តិទី៦ នេះ ឈានចូលទៅអាណត្តិទី៧ បើបក្សកាន់អំណាច នៅតែបន្តឆ្លើយឆ្លងជាមួយគូប្រជែងនយោបាយនោះ អាចនឹងដូចរឿង “បុរសដាំត្រសក់” ដែលបួសមិនសុខ ព្រោះតែនឹកគ្រាប់ត្រសក់។ អាណត្តិទី៦នេះ សំខាន់ណាស់ ព្រោះ CPP ត្រូវដើរម្នាក់ឯង រីឯអ្នកនាំពាក្យក៏កាន់តែចាស់ទៅៗ បើគាត់នៅតែត្រៀមខ្លួនចាំវាយបក ឬបញ្ចោញប្រតិកម្មរហ័សនោះ ឃើញថាយ៉ាប់ណាស់។ គ្មានមន្ត្រីណាយ៉ាប់ជាងអ្នកនាំពាក្យនោះទេ ព្រោះមួយថ្ងៃៗ គាត់ត្រូវតាមដានគណនីហ្វេសប៊ុករបស់លោកសម រង្ស៊ី និងពួកប្រឆាំងឯទៀត ដើម្បីរៀបគន្លឹះវាយបក។ ជាងនេះទៀត បើមានអ្នកកាសែតសាកសួរពីអ្វីទាក់ទងដល់ពួកប្រឆាំង អ្នកនាំពាក្យ ទោះជានឿយហត់យ៉ាងណា ក៏ប្រឹងឆ្លើយតបតាមសំណួរ ជួនកាលបែកអូរហូរជាស្ទឹង ដើម្បីពន្យល់អ្នកកាសែត ព្រោះបើឆ្លើយខុសប្រធានបទនោះ គាត់នឹងត្រូវប្រឈមនឹងការស្តីបន្ទោសពីថ្នាក់លើមិនខាន។

សរុបទៅ “ចង់បំភ្លេចអ្នកណាម្នាក់ គឺនឹកគិតដល់អ្នកនោះហើយ” មានន័យយ៉ាងនេះឯង។ ដូច្នេះបើចង់ឱ្យផុតកង្វល់គ្រប់ជំពូក គួរយកគំរូតាម “បុរសដាំត្រសក់” ដោយបាចគ្រាប់ត្រសក់ចោល ឈប់នឹកនា ទើបគាត់ក្លាយជា “ព្រះអរហន្ត” ដែលជាបរិបទសម្រាប់អ្នកនយោបាយពិចារណាតាមការគួរ…៕