Loading...

បរិយាយថ្ងៃនេះ ៖ ចរន្តទឹកក្តៅ ប៉ះទឹកត្រជាក់

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 17:38 pm

ថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក ស្របព័ត៌មានថា នឹងមានប្រជាពលរដ្ឋខ្មែរ សញ្ជាតិអាមេរិក ត្រៀមស្វាគមន៍ និងត្រៀមធ្វើបាតុកម្មប្រឆាំងដំណើរទៅដល់នេះ។ សកម្មភាពអាណិកជនខ្មែរ ដែលមាននិន្នាការខុសគ្នានេះ ប្រៀបបាននឹង “ចរន្តទឹកក្តៅ ប៉ះទឹកត្រជាក់” ធ្វើឱ្យខ្មែរបាត់បង់កិត្តិយស ខ្មាសអន្តរជាតិ ដែល “នគរធំ” យល់ស្ថានការណ៍មិនស្រួល ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

នៅមហាសមុទ្រអាត្លង់ទិក មានចរន្តទឹកពីរប៉ះទង្គិចគ្នា គឺចរន្តទឹកក្តៅ ហូរពីទ្វីបអាហ្វ្រិក បុកទៅទិសខាងជើង រីឯចរន្តទឹកត្រជាក់ ហូរចេញពីទ្វីបអឺរ៉ុប បុកទៅទិសខាងត្បូង។ លុះទៅដល់ចំណុចប្រសព្វមុខគ្នា ក្នុងមហាសមុទ្រអាត្លង់ទិក ចរន្តទឹកដ៏ធំទាំងពីរបុកគ្នាវិលខ្ញាល់ កើតជាអន្លង់ទឹកកួច ដែលយន្តហោះថតពីលើអាកាស ឃើញគួរឱ្យខ្លាច។ ចំណុចទឹកវិលនេះ សម្បូរត្រីណាស់ ព្រោះទឹកក្តៅទៅប៉ះទឹកត្រជាក់ ក៏ក្លាយជាទឹកឧណ្ហៗ ដែលត្រីចូលចិត្តរស់នៅ ប៉ុន្តែបង្កគ្រោះថ្នាក់ដល់នាវាចរណ៍ មិនអាចបើកបរកាណូតកប៉ាល់ ឆ្លងកាត់អន្លង់ទឹកវិលនោះបានឡើយ។ សូម្បីតែចំណុចប្រសព្វមុខគ្នារវាងទឹកឈូ និងព្រែកកំពត ក៏នាំគ្រោះថ្នាក់ដែរ ព្រោះចរន្តទឹកសាបធ្លាក់ពីភ្នំកំចាយ ទៅប៉ះចរន្តទឹកប្រៃ ហូរពីសមុទ្រ ទៅជួបគ្នានៅក្រោយវត្តទឹកវិល ក៏ក្លាយជាអន្លង់ទឹកកួច គ្មានអ្នកណាហ៊ានឆ្លងកាត់។

យ៉ាងណាមិញ “ចរន្តនយោបាយប្រឆាំង” ធ្វើសកម្មភាពប៉ះ “ចរន្តនយោបាយស្រប” ដែលរៀបចំធ្វើនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងក្លាយទៅជា “ចរន្តនយោបាយកួចវិល” រុញកិត្តិយសប្រជាជាតិខ្មែរឱ្យថយតម្លៃ អាម៉ាស់មុខនៅលើឆាកអន្តរជាតិ។ តាមព័ត៌មានលេចឮថា អាណិកជនខ្មែរនៅអាមេរិក គាំទ្រអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដឹកនាំដោយ លោកសម រង្ស៊ី កំពុងត្រៀមធ្វើបាតុកម្មប្រឆាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយត្រៀមពងមាន់គប់ទៅលើរថយន្តប្រតិភូ។ រីឯអាណិកជនដែលគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) ត្រៀមលើកបដាពាក្យស្លោក រង់ចាំស្វាគមន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចរន្តស្របនេះ មានលោកតឹក ង៉ូយ ជាអ្នកដឹកនាំ រួមជាមួយមនុស្សសំខាន់ៗមួយចំនួនទៀត ដែលធ្លាប់មានទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា។ បើសិនជាចរន្តមនុស្សទាំងពីរផ្នែកនេះប៉ះគ្នា ដូចចរន្តទឹកក្តៅ ប៉ះចរន្តទឹកត្រជាក់នៅមហាសមុទ្រអាត្លង់ទិក នោះ តើផលវិបាកធ្លាក់ទៅលើអ្នកណា? “កំហុសអ្នកណា?” បើទាំងស្រប និងប្រឆាំង សុទ្ធតែពូជខ្មែរ កសាងប្រាសាទអង្គរ យ៉ាងនេះ?

បើសួរថា “កំហុសអ្នកណា?” យើងទុកជូនអ្នកអានឆ្លើយទៅចុះ ប៉ុន្តែកន្លងមក ក៏មានការទម្លាក់កំហុសដាក់គ្នារួចទៅហើយ ពោលគឺ មន្ត្រីបក្សកាន់អំណាច ចោទពួកប្រឆាំងថា “ជាអាយ៉ងលក់ក្បាលឱ្យបរទេស” ចំណែកពួកប្រឆាំងចោទបក្សកាន់អំណាចថា “រំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ” ជាដើម។ ចរន្តទាំងសងខាង ចោទគ្នាទៀតថា “មិនចេះអៀនខ្មាស” ប៉ុន្តែបើជម្រះទស្សនៈពីរឿងអៀនខ្មាសនេះ ពួកប្រឆាំងប្រហែលជាមិនអៀសខ្មាសអ្វីទេ ព្រោះធម្មតាមនុស្ស ដែលអស់អ្វីពីខ្លួនទៅហើយនោះ គេលែងអៀនខ្មាសអ្វីទាំងអស់។ ឧទាហរណ៍ កំលោះម្នាក់ជាកូនអ្នកក្រ តែមានរូបរាងស្រស់សង្ហា មានទំនាក់ទំនងស្នេហាជាមួយនាងក្រមុំម្នាក់ជាកូនអ្នកមាន។ លុះពួកគេទុំមុនស្រគាល ចាស់ៗបំបែកមិនកើត ក៏រៀបការឱ្យទៅ ដោយភាគីប្តីឡើងទៅនៅវីឡាធំស្កឹមស្កៃជាមួយប្រពន្ធ។ ក្រោយមក បន្ទាប់ពីបានកូន១ ប្តីប្រពន្ធនេះជួបភាពរកាំរកូសឈ្លោះគ្នារាល់ថ្ងៃ រហូតដល់ប្រពន្ធដេញប្តីចេញពីផ្ទះ ដោយពាក្យសម្តីអសុរោះថា “អ្ហែងចេញតែខ្លួនទៅ”។ ហេតុតែខឹងដល់កពេក ប្តីនោះបាត់បង់ការអៀនខ្មាស ក៏ស្រាតខោអាវបោះឱ្យប្រពន្ធ រួច “ចេញតែខ្លួនននលគក”។ ជួនកាលទៀត កាលបើអស់សម្បុកសម្បត្តិអ្វីពីខ្លួន បណ្តាលឱ្យបុគ្គលនោះឆ្កួតវង្វេង បាត់បង់ការអៀនខ្មាស ដូចរឿង “នាងបដាចារ” ដែលឪពុកម្តាយ ស្វាមី និងកូនទាំងពីរ ស្លាប់ចោលអស់ ក៏ធ្លាក់ខ្លួនវិកលចរិត ស្រាតននលគក ដើរតាមផ្លូវរហូតដល់វត្តជេតពន ត្រូវបានព្រះពុទ្ធអង្គ ទេសនាប្រោសបានសម្រេចព្រះអរហត្តផលទៅ។

យ៉ាងណាមិញ បើនិយាយពីរឿងអៀនខ្មាសនោះ ពួកប្រឆាំងមិនខ្មាសអ្វីទាំងអស់ ព្រោះសព្វថ្ងៃ ម្នាក់ៗមិនខុសពីចករសាត់កណ្តាលទន្លេ។ ករណីរលំរលាយគណបក្សសង្គ្រោះជាតិ ករណីជាប់បណ្តឹងអាជ្ញា ករណីរឹបអូសទ្រព្យសម្បត្តិ ធ្វើឱ្យអតីតមន្ត្រី CNRP មិនហ៊ាននៅក្នុងស្រុក ក៏ភៀសខ្លួនទៅក្រៅប្រទេស ពឹងលើលុយកាក់ដែលគេចិញ្ចឹម។ ធម្មតា មនុស្សសល់តែបាតដៃទទេ និងត្រូវដកសិទ្ធិធ្វើនយោបាយបែបនេះ គឺមិនខុសពី “បុរសប្រពន្ធដេញចេញពីផ្ទះ” មានកំហឹងដល់ក បាត់បង់ការអៀនខ្មាសអស់រលីង ក៏ស្រាតខោអាវបោះឱ្យប្រពន្ធ រួចចេញតែខ្លួន។ យ៉ាងណាមិញ ពួកប្រឆាំងនៅក្រៅប្រទេស មិនខ្មាសអ្វីទៀតទេ ទើបគេបំផុសបាតុកម្មប្រឆាំងប្រមុខបក្សកាន់អំណាចបែបនេះ។

ដូច្នេះយើងឃើញថា បើពួកប្រឆាំងមិនខ្មាសអន្តជាតិទៅហើយនោះ តើបក្សកាន់អំណាចត្រូវដោះស្រាយដោយវិធីណា? ចំណុចនេះសំខាន់ណាស់ ព្រោះរដ្ឋាភិបាល មិនអាច “ស្រាតខោអាវ ដូចបុរសប្រពន្ធដេញ” បានឡើយ ដោយហេតុថា CPP ជាអ្នកប្តឹងរំលាយ CNRP ឬថាជាតួអង្គប្រពន្ធអ្នកមាន ដេញប្តីអ្នកក្រឱ្យចេញពីផ្ទះ។ នាងមិនអាចស្រាតសំពត់ តតាំងច្បាំងជាមួយប្តីទុរគតនោះបានទេ ដូចឃ្លោងឃ្លាបុរាណមួយថា “ពស់កាចអាចទ្រុស្តទោះវាខាំ ពេទ្យកែដោយថ្នាំអាចស្ងប់បាន មនុស្សកាចលើសពស់សាមាន្យ ពុំមានអ្វីកែស្ងប់ស្ងាត់ឡើយ”។ បានន័យថា ពួកប្រឆាំងដែលអស់អ្វីរលីងនោះ ក្លាយជាមនុស្សកាចលើសពិសពស់ទៅទៀត បើ CPP ប្រើយុទ្ធសាស្ត្រ “ផ្សះផ្សាជាតិ” មិនដល់កម្រិត មិនអាចធ្វើឱ្យស្ថានការណ៍ប្រឆាំងនៅក្រៅប្រទេស ស្ងប់ស្ងាត់បានឡើយ។

ងាកមករឿង “ចរន្តទឹកក្តៅ ប៉ះទឹកត្រជាក់” វិញ សំដៅដល់ចរន្តនយោបាយប្រឆាំង ប៉ះចរន្តនយោបាយស្រប នៅបុរីញូវយ៉ក ទឹកដីអាមេរិក។ ប្រវត្តិសាស្ត្រខ្មែរ មិនដែលប៉ះស្ថានការណ៍បែបនេះទេ ទើបតែបច្ចុប្បន្នកើតឡើងនាំអាម៉ាស់មុខដល់ប្រជាជាតិខ្មែរ។ អ្នកដឹកនាំប្រទេសជំនាន់មុន ដូចជាសម្តេចឪ ព្រះបរមរតនកោដ្ឋ ទោះជាការដឹកនាំរបស់ព្រះអង្គ មានអ្នកប្រឆាំងខ្លះ ក៏ពេលព្រះអង្គយាងទៅក្រៅប្រទេស មានតែអ្នកស្វាគមន៍ ហើយបើនៅក្នុងប្រទេសវិញ ឮតែសម្រែក “ជយោ! សម្តេចឪ!ៗ”។ ចំណែក ប៉ុល ពត និងមេដឹកនាំខ្មែរក្រហម ទោះជានាំសង្គមជាតិឱ្យធ្លាក់ទៅក្នុងគ្រោះអត់ឃ្លាន ប្រល័យពូជសាសន៍ ក៏គ្មានចរន្តប្រឆាំងអង្គការ ដោយចេញមុខនោះទេ បើមានគណៈតំបន់ ចុះទៅមូលដ្ឋានរៀបចំមីទ្ទិញ ឮតែសម្រែកអ្នកអត់ឃ្លានខ្ទរខ្ទារថា “ជយោ! អង្គការមហាលោតផ្លោះ មហាអស្ចារ្យ”។

អកុសលអ្វីតែពេលនេះ ស្រាប់តែមាន “ចរន្តទឹកក្តៅ ប៉ះទឹកត្រជាក់” បណ្តាលឱ្យកើតជាអន្លង់ទឹកកួចវិល ស្រូបទាញកិត្តិយសជាតិ មាតុភូមិ ឱ្យថយតម្លៃ។ កម្ពុជា មានមោទនភាពណាស់ ដោយមានប្រាសាទអង្គវត្ត ជាអច្ឆរិយវត្ថុ ជាប់លេខ១ លើពិភពលោក ប៉ុន្តែចរន្តនយោបាយស្រប និងប្រឆាំង បុកគ្នាលើឆាកអន្តរជាតិ នឹងក្លាយជាសោកនាដកម្មមួយ។ ប្រជាជាតិខ្មែរ ជាប់សែដូនតាកសាងប្រាសាទសិលារាយប៉ាយនៅពេញប្រទេស ជាង១០០០ប្រាសាទ ល្បីរន្ទឺខ្លាំងណាស់ ប៉ុន្តែការបាក់មុខលើឆាកអន្តរជាតិ ព្រោះតែចរន្តនយោបាយបុកគ្នានេះ បើភាគីម្ខាងៗបន្ទោសគ្នានោះ ជាលទ្ធផល គឺ “ខ្មែរជាអ្នកទទួល” មិនមែនអាមេរិក បារាំង ទទួលជំនួសខ្មែរនោះទេ។

សរុបទៅ “ចរន្តទឹកក្តៅ ប៉ះទឹកត្រជាក់” ចាត់ទុកជារឿងអកុសល និងសោកនាដកម្មសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមិនធ្លាប់មានក្នុងក្រាំងសាវតារ។ “តើនេះជាកំហុសអ្នកណា?” ដូចលើកឡើងខាងលើរួចហើយថា ពួកប្រឆាំងដែលសល់តែបាតដៃទទេ រសាត់ដូចចកកណ្តាលទន្លេនោះ បាត់បង់ការអៀនខ្មាសអស់ហើយ ដូច្នេះលុះត្រាតែបក្សកាន់អំណាច “ប្តូរយុទ្ធសាស្ត្រថ្មី” ឱ្យទាន់កាលៈទេសៈ ដើម្បីស្រោចស្រង់កិត្តិយសជាតិ មាតុភូមិមកវិញ ព្រោះអន្លង់ទឹកកួច បង្កដោយចរន្តស្រប និងប្រឆាំង បុកគ្នានៅក្រៅប្រទេស ផ្តល់គ្រោះថ្នាក់ណាស់៕