Loading...

បរិយាយថ្ងៃនេះ ៖ ថីបក រៀនសាលាខុសគ្នា

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 17:07 pm

ស្ថានការណ៍នយោបាយពេលនេះ បក្សកាន់អំណាច ដណ្តើមបានសិទ្ធិផ្តាច់មុខក្នុងការគ្រប់គ្រងប្រទេស ដោយគ្មានបក្សប្រឆាំង ក្នុងស្ថាប័ននីតិប្បញ្ញតិ ដូច្នេះ CPP ចង់បានការគាំទ្រពីសហគមន៍អន្តរជាតិបន្ថែមទៀត ដើម្បីទប់ទល់ពួកប្រឆាំង ដែលកំពុងធ្វើសកម្មភាពនៅក្រៅប្រទេស។ តាមការកត់សម្គាល់ ឱ្យតែមានសារលិខិតរបស់ថ្នាក់ដឹកនាំប្រទេសណា ផ្ញើជូនរាជរដ្ឋាភិបាលកម្ពុជា ឬក៏មានមន្ត្រីការទូតប្រទេសណាមួយចូលមកកម្ពុជា តែងតែមានការបកប្រែខុសគ្នា យោងទៅតាមនិន្នាការនយោបាយ។ ករណីបកប្រែមិនស្របគ្នានេះ គឺមកពី “ថីបក រៀនសាលាខុសគ្នា” ដែល “នគរធំ” សូមលើករឿង “ថីបក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

អ្នកបកប្រែភាសា ជាទូទៅខ្មែរយើងចូលចិត្តហៅ “អាំងទែរប្រែត” (Interprѐte) តាមបារាំង ជួនកាលហៅ “ថីបក” បើសិនជាអ្នកបកប្រែនោះ មានអាជីពខាងបកប្រែ ឬធ្វើស្មេន្មៀជំនិតអ្នកធំ។ កាលពីសម័យអង្គរ លង្វែក ឧដុង្គ បណ្ឌិតបុរាណាចារ្យខ្មែរ បានប្រើប្រាស់ភាសាបាលី ភាសាសំស្ក្រឹត ជា “ភាសាយាន” សម្រាប់ទាក់ទងកិច្ចការរដ្ឋបាល ឬពាណិជ្ជកម្ម ខណៈដែលកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធជាមួយជនជាតិក្លិង្គ ដែលនាំឱ្យអរិយធម៌ពុទ្ធសាសនា និងព្រហ្មញ្ញសាសនា មកសាបព្រោះនៅកម្ពុជា។ ព្រះមហាក្សត្រខ្មែរ តែងបញ្ជូនភិក្ខុ សាមណេរ ឱ្យទៅសិក្សាព្រះត្រៃបិដក នៅប្រទេសសិរីលង្កា ដើម្បីយកចំណេះដឹងមកបម្រើជាតិមាតុភូមិ សូម្បី “ព្រះបាទជយវរ័ន្មទី៧” ក៏បានបញ្ជូន “ព្រះតាមលិន្ទត្ថេរ” ជាព្រះរាជបុត្រឱ្យទៅសិក្សានៅឯ “វត្តមហាវិហារ” នាកោះសិរីលង្កា លុះព្រះភិក្ខុអង្គនេះវិលមកវិញ បាននាំភាសាបាលីសំស្ក្រឹត មកសាបព្រោះនៅកម្ពុជា។ នាសម័យលង្វែក ក៏មានជនជាតិព័រទុយហ្គេស៍ ចូលមកធ្វើជំនួញ និងសុំធ្វើរាជការផងដែរ ដោយមុនដំបូង បានប្រើភាសាបាលីសំស្ក្រឹត ទាក់ទងគ្នាជាមួយអាជ្ញាធរខ្មែរ លុះពួកស្បែកសទាំងនោះ ចេះនិយាយភាសាខ្មែរ ក៏យកប្រពន្ធខ្មែរ ដូចករណី “ម្សៀរវេឡូហ្សូ” នារជ្ជកាលព្រះបាទរាមាធិបតី ជាដើម។ លុះចូលមកដល់សម័យអាណាព្យាបាលបារាំង ទើបយកភាសាបារាំង មកប្រើសូម្បីតែលិខិតរដ្ឋបាល ក៏សរសេរជាភាសាបារាំង រហូតដល់ព្រះអាចារ្យហែម ចៀវ ដឹកនាំចលនាប្រឆាំងបារាំង ដែលចង់លុបបំបាត់អក្សរសាស្ត្រខ្មែរ។

សព្វថ្ងៃ ភាសាអង់គ្លេស ត្រូវយកមកប្រើម្តង សម្រាប់ប្រាស្រ័យទាក់ទងគ្នាតាមផ្លូវទូត ខណៈដែលភាសាបាលីសំស្ត្រឹត ក្លាយជា “ភាសាស្លាប់” រីឯភាសាបារាំង មិនសូវយកមកប្រើ។ ទោះជាប្រើភាសាណាក៏ដោយ តែងតែមានអាំងទែរប្រែត ឬថីបក ជានិច្ច សម្រាប់បកប្រែលិខិតស្នាមផ្ញើពីបរទេស ឬពាំនាំសម្តីមន្ត្រីទូតរបស់ប្រទេសណាមួយ ឱ្យសាធារណជនបានដឹង។

ជាអកុសល សម័យនេះ ដោយសារតែ “និន្នាការនយោបាយ” ជាហេតុនាំឱ្យថីបក ខាងបក្សកាន់អំណាច និងថីបក ខាងពួកប្រឆាំង បកប្រែខុសគ្នា ធ្វើឱ្យប្រជាពលរដ្ឋដែលចង់ដឹងនូវអ្វីដែលពិត មិនដឹងជាជឿខាងណា។ កាលពីសប្តាហ៍មុន លោកស្រី អធិការបតីអាល្លឺម៉ង់ អែនចេឡា មឺរកែល (Angela Merkel) បានផ្ញើលិខិត១ច្បាប់ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានការបកប្រែខុសគ្នា។ លិខិតនោះ “ថីបក CPP” បកប្រែថា “អាល្លឺម៉ង់ សូមអបអរសាទរចំពោះការឡើងកាន់តំណែងថ្មី របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន” ដោយគូសបញ្ជាក់ថា “អាល្លឺម៉ង់ និងកម្ពុជា បានឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលចែងពីការគោរពសិទ្ធិមនុស្សនីតិរដ្ឋ និងលទ្ធិប្រជាធិបត្យេ”។ ជាការផ្ទុយទៅវិញ “ថីបក CNRP” បាន បកប្រែលិខិតនោះថា “អាល្លឺម៉ង់ នៅតែមានសង្ឃឹមថា នឹងមានដំណេះស្រាយបញ្ហានយោបាយកម្ពុជា” ជាពិសេស ថីបក ដែលមាននិន្នការប្រឆាំង បកប្រែចំណុចខ្លះថា លិខិតនេះមានន័យ “រំឭកសម្តេចហ៊ុន សែន អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់ និងកម្ពុជា។

កាលពីពីពេលថ្មីៗនេះទៀត ក្នុងឱកាសដែលលោកជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ចូលជូនសារតាំងចំពោះលោកប្រធានាធិបតីដូណាល់ ត្រាំ ក៏មានថីបក ដែលមាននិន្នាការខុសគ្នានោះបកប្រែពាក្យសម្តីលោកត្រាំ ខុសគ្នា។ ថីបក CPP បកប្រែថា “មានប្រទេសធំៗ៥ គាំទ្ររាជរដ្ឋាភិបាល ជាពិសេស អាមេរិក បារាំង និងអាល្លឺម៉ង់”។ ថីបក CPP បកប្រែទៀតថា “ប្រធានាបតីអាមេរិក បានបង្ហាញពីការស្ញប់ស្ញែង និងភ្ញាក់ផ្អើលចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា”។ ផ្ទុយទៅវិញ ថីបក CNRP បានបកប្រែពាក្យសម្តីលោកត្រាំ ថា “ជំហររបស់អាមេរិក នៅតែជំរុញឱ្យកម្ពុជា ងាកទៅរកលទ្ធិប្រជាធិបតេយ្យ និងសម្របសម្រួលវិបត្តិនយោបាយ”។

ដូច្នេះយើងឃើញថា រឿងបកប្រែខុសគ្នានេះ មកពី “និន្នាការនយោបាយ” ហើយបើដូចពីដើម ថាមកពី “ថីបក រៀនសាលាខុសគ្នា” បានជាបកប្រែមិនដូចគ្នា។ កាលអាចារ្យថាំ នៅរៀនបឋមសិក្សា ធ្លាប់ឮគ្រូបង្រៀន ២នាក់ គឺលោកគ្រូម្នាក់បង្រៀនថ្នាក់ទី៧A លោកគ្រូម្នាក់ទៀតប្រចាំថ្នាក់ទី៧B។ ថ្នាក់ទី៧ ជំនាន់នោះ ផុតកម្រិតបឋមសិក្សា ដែលសិស្សណាក៏ចេះនិយាយភាសាបារាំងដែរ។ ចំណែកគ្រូទាំងពីរនោះ មានកម្រិតឌីប្លូម ដែលឌីប្លូមសម័យនោះ ចេះនិយាយភាសាបារាំង  រលាយដូចទឹក។ ដឹងអី! ថ្ងៃមួយ គ្រូទាំងពីរនោះជជែកគ្នាងតឹងសរសៃក ក្នុងការបកប្រែពាក្យបារាំង ថា “Jeter l’argent par la fenêtre” ដែលគ្រូម្នាក់ បកប្រែថា “បាចប្រាក់តាមបង្អួច” ឯគ្រូម្នាក់ទៀត បកប្រែថា “ចាយខ្ជះខ្ជាយ”។ ពួកគាត់ដណ្តើមយកត្រូវតែរៀងខ្លួន ផ្អើលដល់កូនសិស្សថ្នាក់ទាំងពីរជាប់ជញ្ជាំងគ្នាចេញមកស្តប្កា់។ ទីបំផុត លុះបើកវចនានុក្រមមើល ទើបដឹងថា “ចាយខ្ជះខ្ជាយ” ត្រឹមត្រូវ ប៉ុន្តែបានត្រឹមធ្វើឱ្យគ្រូ ដែលបកប្រែថា “បាចប្រាក់តាមបង្អួច” អាម៉ាស់មុខមិនស្ទើរ។

ករណីថីបក ភ្លាត់ស្លៀតបែបនេះ សូម្បីសម្តេចឪ ព្រះបរមរតនកោដ្ឋ បានទ្រង់ព្រះលិខិត (សរសេរ) នៅក្នុងអត្ថបទ “អនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់” ត្រង់ទំព័រមួយថា កាលនោះ ព្រះអង្គ បានជួបពិភាក្សាជាមួយលោកជួ អេនឡាយ នាយករដ្ឋមន្ត្រីចិន ដោយមាននារីចិនម្នាក់ ជាអ្នកបកប្រែ។ ព្រះអង្គមានព្រះបន្ទួលជាភាសាបារាំង ចំណែកលោកជូ អេនឡាយ និយាយភាសាចិន លុះចប់សព្វគ្រប់ ព្រះអង្គបានហៅនារីបកប្រែនោះ មកណែនាំថា “នាងបកប្រែខុសព្រះបន្ទូល” និងសូមឱ្យព្យាយាមកែលម្អ កុំឱ្យមានខុសទៀត។ ឯកំហុសនោះ គឺបកប្រែមិនចំន័យ មិនខុសពីរឿង “បាចប្រាក់តាមបង្អួច” និង “ចាយខ្ជះខ្ជាយ”។ បើថីបក រៀនមិនដល់កម្រិត ឬថា “បកតាមស័ព្ទដើម” ច្បាស់ជាខុសនឹង “បកតាមនិយមន័យ” មិនខានឡើយ។

អ៊ីចឹងករណីថីបក CPP និងថីបក CNRP ដែលបកប្រែលិខិតថ្នាក់ដឹកនាំអន្តរជាតិ ខុសគ្នានោះ គួរមានការកែលម្អផង ព្រោះបើសិនជាមហាជនបានឃើញលិខិតដើម ឬបានស្តាប់ការសន្ទនាតាមវិទ្យុ ដែលចេញពីមាត់មន្ត្រីទូត ច្បាស់ជាមហាជនយល់ច្បាស់។ សម័យនេះ មាននិស្សិតខ្លះចេះភាសាអស់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ៉ុល ជប៉ុន កូរ៉េ ថៃ វៀតណាម លាវ ស្ទាត់ជាងថីបកអាជីពទៅទៀត បើសិនជាថីបក ចេះតែបកតាមនិន្នាការនយោបាយ អាចធ្វើឱ្យនិស្សិតដែលចេះស្ទាត់ភាសាបរទេស សើចចំអកមិនខាន។ អ្នកបកប្រែ ឬថីបកនេះសំខាន់ណាស់ ដែលដឹកនាំប្រទេសណាក៏មានថីបក ជាជំនួយការ ប៉ុន្តែ បើគាត់បកតាមអ្វីដែលចៅហ្វាយនាយចង់បាន នឹងធ្វើឱ្យបាត់ខ្លឹមសារនៃពាក្យសម្តីគូសន្ទនា ឬសារលិខិតផ្លូវការ។ ធម្មតា លិខិតផ្លូវការ គេមិនលាក់លៀមទេ តែងតែថតចម្លង ឬផ្សាយតាមវិទ្យុ ហ្វេសប៊ុក យូធូប បេប៉ិះអ្នកចេះភាសាបរទេសស្ទាត់ជំនាញ គេដឹងថា ថីបកណាបន្លំមិនខាន។ សម័យវិទ្យាសាស្ត្រជឿនលឿននេះ ពិបាកបន្លំគេណាស់ ព្រោះបណ្ឌិតបញ្ញវន្ត ដើរជាន់ជើងគ្នា បើថីបក គិតមិនដល់ បានត្រឹមខូចកិត្តិយស ព្រោះតែខ្លួនបកប្រែខុស។

សរុបទៅ “ថីបក រៀនសាលាខុសគ្នា” សំដៅដល់ “សាលាមនោគមន៍វិជ្ចា” ដែលបណ្តាលឱ្យអ្នកបកប្រែតាមនិន្នាការនយោបាយ”។ បើរៀនពីសាលាទូទៅ ការបកប្រែមិនសូវខុសគ្នាទេ ប៉ុន្តែបើនិន្នាការនយោបាយប្រទាញប្រតោង ទោះជាមើលឃើញផ្លូវត្រង់ ក៏ដើរធ្លាក់ស្នាមភ្លោះដែរ។ ហេតុនេះ គួរតែថីបកគ្រប់ជាន់ថ្នាក់ ប្រយ័ត្នខ្មាសរាស្ត្រ ព្រោះរាស្ត្រសម័យនេះ មិនខ្វះអ្នកចេះភាសាបារាំង អស់គ្លេស អាល្លឺម៉ង់ នោះទេ៕