ពលរដ្ឋហ៊្វីលីពីន ជាង5លាននាក់ កំពុងរត់ភៀសខ្លួនពីខ្យល់ព្យុះ Mungkhut
បើទោះជាខ្យល់ព្យុះ Mungkhut មិនទាន់បានវាយប្រហារខ្លាំងក្លានៅឡើយ គិតមកត្រឹមល្ងាចថ្ងៃសុក្រ ទី14 ខែកញ្ញា ឆ្នាំ2018 នេះ ក៏ប៉ុ៏ន្តែ អាជ្ញាធរហ៊្វីលីពីន បានប្រកាសអាសន្នឱ្យប្រជាជនរបស់ខ្លួនមានការប្រុងប្រយ័ត្ន និងភៀសខ្លួនទៅរកទីតាំងសុវត្ថិភាព មួយរយៈពេលសិន។
នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃនេះ។
ខ្យល់ព្យុះ Mungkhut នឹងចេញដំណើរពីភាគខាងជើងប្រទេសហ៊្វីលីពីន ជាមួយនឹងល្បឿន255គីឡូម៉ែត្រ ក្នុង១ម៉ោង ធ្វើដំណើរឆ្ពោះទៅភាគខាងកើត ដែលអាចប៉ះពាល់ទៅដល់ប្រទេសវៀតណាម និងចិន ផងដែរ។ ប្រជាជនហ៊្វីលីពីន ច្រើនជាង5លាននាក់ កំពុងប្រឈមមុខនឹងដំណើរខ្យល់ព្យុះដ៏ខ្លាំងនេះ។
ជាមួយគ្នានេះដែរ អាជ្ញាធរហ៊្វីលីពីន ក៏បានប្រកាសលុបចោលជើងហោះហើរ និងបិទសាលារៀន ខណៈដែលកងកម្លាំងប្រដាប់អាវុធ កំពុងត្រៀមខ្លួនជួយសង្គ្រោះប្រជាជនរបស់ខ្លួន។
អាជ្ញាធរហ៊្វីលីពីន បានបញ្ជាក់ថា កម្លាំងខ្យល់ព្យុះនេះ អាចបង្កឱ្យមានភ្លៀងខ្លាំងការបាក់ដី និងទឹកជំនន់។
គួររំលឹកផងដែរ ជារៀងរាល់ឆ្នាំ ប្រទេសហ៊្វីលីពីន ជាមធ្យម តែងតែរងនៅកម្លាំងខ្យល់ព្យុះប្រហែលជា20លើក ហើយបានសម្លាប់មនុស្សរាប់រយនាក់ និងមនុស្សច្រើនលាននាក់ទៀត គ្មានទីជម្រក៕