Loading...

ពេជ្រ សោភា មិនចាប់អារម្មណ៍ដេវីត ចេញពីហង្សមាស

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 15:38 pm

ពេជ្រ សោភា  ហាក់មិនអើពើ និងចាប់អារម្មណ៍ចំពោះការដើរចេញពីផលិតកម្មរស្មីហង្សមាស របស់អតីតដៃគូចម្រៀងរបស់នាង ងួន ចាន់ដេវីត ហៅ G-Devith នោះទេ ដោយតារាចម្រៀងជើងចាស់របស់ហង្សមាស រូបនេះ បាននិយាយថា ខ្ជិលចង់ដឹង ហើយគ្មានអ្វីគួរឱ្យតាមដានរឿងអ្នកណាចេញ ឬចូលនោះឡើយ ព្រោះតែរវល់កិច្ចការផ្ទាល់ខ្លួនខ្លាំងពេក ហើយអ្នកមេម៉ាយឡើងកូដនេះ បានចាត់ទុកថា ការចេញ ឬចូលរបស់តារាចម្រៀង គឺជារឿងធម្មតា។

ទោះជាយ៉ាងណា គេជឿថា ការនិយាយរបស់ពេជ្រ សោភា នៅពេលនេះ ប្រហែលជាមិនអស់ពីចិត្តឡើយ ព្រោះថា តារាទាំង2ធ្លាប់មានអនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់ជាច្រើន ជាមួយគ្នានាពេលកន្លងមក។

ពេជ្រ សោភា ថ្លែងតាមទូរស័ព្ទថា នាងមិនដឹងពីតារាណា (ដេវីត) ចេញឬចូលនោះទេ   ព្រោះគ្មានពេលតាមដានរឿងគេ តែសម្រាប់តារាចម្រៀងចេញ និងចូល គឺជារឿងធម្មតាទេ ។

តារាដែលជ្រកកោនក្រោមដំបូលផលិតកម្មរស្មីហង្សមាស ជាង10ឆ្នាំនេះ ថ្លែងដោយសោះកក្រោះថា “អូ! រឿងហ្នឹងខ្ញុំអត់ចាប់អារម្មណ៍អីផង ខ្ញុំមិនដឹងទេ ឮតែគេថា តែគ្មានពេលតាមដានផង។ គេចេញចូលជារឿងធម្មតាតើ! ខ្ញុំរវល់ដែរ អ៊ីចឹងមិនសូវមានពេលតាមដាន និងចាំមើលថា អ្នកណាខ្លះចេញអ្នកណាខ្លះចូលហង្សមាសនោះទេ ព្រោះថា ពេលនេះ ហង្សមាស មានតារាច្រើន សូម្បីតែខ្ញុំមិនអាចចាំមុខ និងស្គាល់អស់ដែរ”។

ការអះអាងរបស់ពេជ្រ សោភា ដោយបង្ហាញអារម្មណ៍ថា នាងគ្មានអើពើចំពោះងួន ចាន់ដេវីត នេះ បញ្ជាក់ថា ក្រោយចែកផ្លូវគ្នាជាមួយហង្សមាសនោះ ដេវីត មិនបានជូនដំណឹងទៅសោភា ដែលជាអ្នកយកខ្លួនទៅធានាដេវីត ឱ្យចូលច្រៀងនៅហង្សមាស នោះទេ ព្រោះថា ពេលនេះសកម្មភាពរបស់តារាទាំង2 បានក្លាយទៅជាគូបដិបក្ខទៅហើយ បន្ទាប់ពីអ្នកទាំង2 បានចែកផ្លូវគ្នាកាលពីឆ្នាំ2017 ទាំងភាពចម្រូងចម្រាស ហើយដេវីត បានងាកទៅចាប់ដៃគូជាមួយនាងបូព្រឹក្ស ដែលមិនធ្លាប់ត្រូវគ្នាទាល់តែសោះជាមួយសោភា។

ពេជ្រ សោភា ថ្លែងទាំងអារម្មណ៍មិនសូវសប្បាយចិត្ត ពេលដែលនិយាយពីរឿងងួន ចាន់- ដេវីត នេះថា “អត់ទេ គេចេញមានបានប្រាប់ខ្ញុំឯណា? មានរឿងអីដែលចាំបាច់មកប្រាប់ខ្ញុំនោះ តារាផ្សេងៗទៀតចេញចូល ក៏គេមិនប្រាប់ខ្ញុំដែរ អ៊ីចឹងចាំបាច់អីគេ (ដេវីត) មកប្រាប់ខ្ញុំដែរ”។

ថ្វីត្បិតតែមហាជនមើលឃើញថា ពេជ្រ សោភា ជាអ្នកលើកស្ទួយងួន ចាន់ដេវីត ដែលជាអតីតជាងជួសជុសទូរស័ព្ទសាមញ្ញម្នាក់ នៅផ្សារម៉ុងឌីយ៉ាល់ ឱ្យល្បី និងមានជីវភាពបានធូរធារហូតមកដល់ពេលនេះក្តី តែសោភា ហាក់ដាក់ខ្លួន ដោយថា នាងមិនទទួលស្គាល់ថា ជាអ្នកមានគុណចំពោះដេវីត ម្ចាស់បទ “រាំញីកែងជើង” នោះឡើយ ដោយសោភា អះអាងថា អ្វីៗនៅលើសមត្ថភាពរបស់មនុស្សម្នាក់ៗទៅវិញ។

យ៉ាងណា នៅពេលដែលសួរពីរឿងដេវីត ចេញពីហង្សមាស តើជ្រើសផ្លូវខុសឬត្រូវ ហើយដេវីតកាន់តែល្បីល្បាញថែមទៀត ឬចុះខ្សោយនោះ? សោភា ហាក់មិនចង់ធ្វើការវិភាគរឿងអតីតដៃគូនេះទេ។

ពេជ្រ សោភា និយាយខ្លីថា “រឿងហ្នឹងខ្ញុំមិនអាចនិយាយជាមុនបានទេ ហើយក៏មិនចង់ធ្វើការវិភាគអីទាក់ទងរឿងហ្នឹងដែរ។ ខ្ញុំរវល់ទៅលើការធ្វើចម្រៀង និងស្ពតពាណិជ្ជកម្មសឹងអី មានពេលឯណាទៅតាមដាន និងវិភាគរឿងគេទៅ?”។

ប្រភពមួយចំនួនបានលើកឡើងថា ការដើរចេញរបស់ងួន ចាន់ដេវីត ដោយសារតែម្ចាស់ បទ “រាំញីកែងជើង” នេះ អាចមានការអាក់អន់ស្រពោនចិន្តាជាមួយហង្សមាស ដែលចុងក្រោយនេះ ប្រឹងលើកតែលោក Step ជាងខ្លួន ទាំងបទចម្រៀង, ស្ពត និងតំណែងតួឯកក្នុងភាពយន្តភាគរបស់ក្រុមហ៊ុននេះ។ ប៉ុន្តែការលេចឮទាំងនេះ ត្រូវបានសោភា ធ្វើការច្រានចោល ហើយនាងនិយាយការពារលោក Step ថា គេមានសមត្ថភាពខ្លួនឯង មិនមែនហង្សមាស លើកតារាណាម្នាក់ ទម្លាក់តារាម្នាក់នោះទេ៕