Loading...

ព្រាប សុវត្ថិ ចេញពីកូរ៉េខាងត្បូង ទៅជប៉ុន យកទាំងល្ខោនខោលទៅជាមួយ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:27 pm

តារាចម្រៀងផលិតកម្មរស្មីហង្សមាស ព្រាប សុវត្ថិ នឹងត្រៀមខ្លួនចេញទៅច្រៀងសម្តែង ជាលើកទី3 នៅប្រទេសជប៉ុន នៅដើមខែតុលា ឆ្នាំ2018 នេះ ក្នុងនាមជាតារាចម្រៀងខ្មែរតែម្នាក់គត់ ដែលតំណាងឱ្យប្រទេសកម្ពុជា ប៉ះជាមួយកំពូលតារាល្បីៗទាំង11ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ាន។

វេទិកាថ្នាក់ជាតិនេះ លោកព្រាប សុវត្ថិ ធ្លាប់បានឱ្យដឹងថា លោកមានមោទកភាពណាស់ ព្រោះជាឱកាសដ៏កម្រ ហើយមិនមែនតារាផ្សេងៗទៀត អាចធ្វើបាននោះទេ ម៉្យាងទៀតលោកអាចស្វែងយល់បទពិសោធន៍ជាមួយតារាល្បីផ្សេងៗទៀត នៅឱកាសនោះដែរ តាមរយៈសិល្បៈ ហើយអ្វីដែលពិសេសនោះ គឺលោកអាចនាំយកនូវសិល្បៈអត្តសញ្ញាណរបស់ខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិឱ្យពិភពលោក បានស្គាល់ និងមកទេសចរណ៍នៅកម្ពុជា កាន់តែច្រើនថែមទៀតផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀត សម្រាប់ការបង្ហាញមុខលើឆាកតន្ត្រី Asian Music 2018 នេះ ក្រៅពីយកបទចម្រៀងថ្នាក់ជាតិ ទៅបកស្រាយនៅចំពោះប្រទេសអាស៊ាន ទាំងអស់នោះ។

តាមព័ត៌មានបានឱ្យដឹងថា ឆ្នាំនេះ ព្រាប សុវត្ថិ ក៏បានយកល្ខោនខោលទៅបង្ហាញនៅលើឆាកតន្ត្រីអាស៊ាននោះដែរ ដើម្បីបង្ហាញឱ្យអន្តរជាតិបានដឹងថា ល្ខោនខោលជារបស់ខ្មែរ។

លោកសេង សុវណ្ណារ៉ា អ្នកដឹកនាំសម្តែងរបស់ផលិតកម្មរស្មីហង្សមាស បានប្រាប់អ្នកកាសែតថា ព្រាប សុវត្ថិ ពិតជាបានយកល្ខោនខោលទៅបង្ហាញនៅឆាកតន្ត្រីអាស៊ាន នៅឆ្នាំ2018 នេះមែន ហើយនឹងមានការតែងកាយ ជា4សម័យកាលផងដែរ គឺសម័យលង្វែក, សម័យ ឧដុង្គ, សម័យចតុម្មុខ និងសម័យទសវត្សរ៍ ទី60។

លោកសុវណ្ណារ៉ា អះអាងថា ព្រាប សុវត្ថិ ក៏សម្តែងបញ្ចូលនូវទម្រង់សិល្បៈបុរាណ មួយចំនួនដែលមានទ្រង់ទ្រាយខ្មែរ ដូចជា របាំអប្សរា ជាដើម ហើយអ្វីដែលពិសេសទៅទៀតនោះ គឺរឿងដែលក្តៅគគុក ដែលគេកំពុងតែចាប់អារម្មណ៍នោះ គឺល្ខោនខោលនោះតែម្តង។ សម្រាប់ឆ្នាំនេះដែរ ព្រាប សុវត្ថិ នឹងយកបទថ្មីទាំងស្រុងទៅច្រៀង ដែលមានលក្ខណៈទំនុកជាខ្មែរ សុទ្ធសាទ ដែលមានការបញ្ចូលឧបករណ៍ភ្លេងខ្មែរជាច្រើន ដូចជា ខ្លុយ, ប៉ីអ, សាដៀវ, ទ្រ, ស្គរធំ, និងតាខេ ជាដើម។

ព្រាប សុវត្ថិ ធ្លាប់បានចេញទៅច្រៀងក្នុងវេទិកាអាស៊ាន ដែលប្រារឰនៅប្រទេសជប៉ុន ជោគជ័យ2លើកមកហើយ ក្នុងនាមជាអ្នកចម្រៀងខ្មែរ តំណាងឱ្យកម្ពុជា ហើយសម្រាប់ឆ្នាំ2018 នេះ លោកបានត្រៀមរួមដំណើរជាមួយកូនប្រុសទាំង3 របស់លោក គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ រួមទាំងភរិយារបស់លោក អ្នកស្រីឡុង ស្រីមុំ និងអ្នករាំអមផងដែរ។ ការត្រៀមខ្លួនទៅច្រៀងនៅប្រទេសជប៉ុន របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ខណៈដែលនៅថ្ងៃទី24 និង25 ខែកញ្ញា ឆ្នាំ2018 នេះ ព្រាប សុវត្ថិ ក៏បានត្រៀមខ្លួនចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េខាងត្បូង ផងដែរ ។

គួរបញ្ជាក់ថា លោកព្រាប សុវត្ថិ បានជោគជ័យជាមួយអាជីពចម្រៀងរយៈពេល21ឆ្នាំ (1997-2018) មកហើយ ដោយនៅមិនទាន់មានតារាណាអាចយកតំណែង និងផ្តួលលោកបានឡើយ គិតត្រឹមឆ្នាំ2018នេះ បើទោះជាបញ្ចុប្បន្នគេមើលឃើញថា ខេមរៈ សិរីមន្ត កាន់តែពុះកញ្ជ្រោលក្នុងការក្តាប់តំណែងលេខ1 នៅហង្សមាសក្តី។

អ្វីដែលគួរឱ្យកត់សម្គាល់នោះដែរ កាលពីពេលថ្មីៗនេះដែរ ព្រាប សុវត្ថិ បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ដោយបោះទុនរាប់លានដុល្លារទៀតផង ហើយនៅចុងឆ្នាំ2018 តារាចម្រៀងហង្សមាសនេះ ក៏ត្រៀមសម្ពោធភោជនីយដ្ឋាននៅលើផ្ទៃដីផ្ទាល់ខ្លួន នៅក្បែរវត្តសំរោងអណ្តែត ផងដែរ។

មហាជនជាច្រើននៅតែសម្តែងការកោតសរសើរចំពោះការឈរជើង បានយូរជាងគេរបស់ព្រាប សុវត្ថិ ក្នុងអាជីពចម្រៀងជាង2ទសវត្សន៍នេះ ខណៈដែលហង្សមាស នៅតែចាត់ទុកតារាជើងខ្លាំងរូបនេះជាស្នូល របស់ផលិតកម្មធំនេះដដែល ដោយឱ្យធ្វើជាគ្រូបង្វឹក និងគណៈកម្មការកម្មវិធីលំដាប់ថ្នាក់ពិភពលោក ដូចជា Cambo- dian Idol ,The Voice Kids Cambodia និង Cambodian Got’s Talent ជាដើម៕