Loading...

ព្រាប សុវត្ថិ យកបទចាស់ៗ ច្រៀងអង្រួនឆាកតន្ត្រីនៅកូរ៉េ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:06 pm

ព្រាប សុវត្ថិ នឹងឡើងច្រៀងនៅឆាកតន្ត្រីនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ នៅទីតាំង២ផ្សេងគ្នា គឺនៅក្រុងសេអ៊ូល និងទីក្រុងក្វាងជូ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កំពូលតារាចម្រៀងរូបនេះ នឹងលើកយកបទចាស់ៗរបស់ខ្លួនទៅបកស្រាយឡើងវិញ ដើម្បីជាកាលើកទឹកចិត្តដល់ពលករខ្មែរ នៅទីនោះ មានអារម្មណ៍នឹកស្រុកកំណើត ហើយបានធូរស្រាលក្នុងចិត្ត។

ប៉ុន្តែ តាមព័ត៌មានថា ព្រាប សុវត្ថិ ក៏មានយកបទចម្រៀងសម័យៗច្រៀងផងដែរ ដោយថែមទាំងយកក្រុមរាំអម និងកូនប្រុសទាំង៣របស់លោក សុវត្ថិ  មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ក៏បានអមដំណើរឪពុករបស់គេទៅចូលរួមអង្រួនឆាកតន្ត្រីនេះផងដែរ។

តាមអ្នករៀបចំប្រគំតន្ត្រី បានបង្ហើបឱ្យដឹងថា ការមានវត្តមានព្រាប សុវត្ថិ នៅលើឆាកតន្ត្រីនៃប្រទេសកូរ៉េខាងត្បូង នេះ ប្រាកដជាធ្វើឱ្យកក្រើកឆាកតន្ត្រីជាមិនខាន ព្រោះថា មានបងប្អូនខ្មែរនៅទីនោះ អន្ទះសារចង់ជួប និងមើលការសម្តែងរបស់ព្រាប សុវត្ថិ ជាខ្លាំង ហើយដោយមានការសំណូមពរឱ្យលោកឡេង ណាវ៉ាត់ត្រា យកតារារូបនេះមកច្រៀងសម្តែងឱ្យបានឆាប់ៗទៀតផង ហេតុនេះហើយបានជាឆាកតន្ត្រី ត្រូវបានគេរៀបចំនៅទីតាំងសុទ្ធតែកន្លែងដែលមានជនជាតិខ្មែរ រស់នៅទីនោះច្រើន ដើម្បីឱ្យពួកគេបានទស្សនា ដោយសប្បាយរីករាយជាមួយគ្នា។

តាមព័ត៌មានថា មានប្រទេសប៉ែកអឺរ៉ុប ជាច្រើនបានទាក់ទងចង់ឱ្យព្រាប សុវត្ថិ ចេញទៅច្រៀងសម្តែង តែតារាចម្រៀងហង្សមាស នេះ ជាប់មមាញឹកក្នុងកម្មវិធីហង្សមាស ដល់ទៅ២ផ្សេងគ្នា គឺធ្វើជាគណៈកម្មការ The Voice  Kids Cambodia និង Cambodian Got’s Tailent ហេតុនេះហើយបានជាព្រាប សុវត្ថិ អាចចេញទៅច្រៀង សម្តែងបានតែប្រទេសជិតខាង ក្នុងរយៈពេលខ្លីៗប៉ុណ្ណោះ។

តារាចម្រៀងហង្សមាស រូបនេះ ក៏ធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងថា លោកនឹងចេញទៅច្រៀងនៅប៉ែកអឺរ៉ុប  នាពេលវេលាសមស្របណាមួយ នាពេលខាងមុខ ខណៈដែលនៅខែតុលា នេះ លោកត្រៀមខ្លួនទៅច្រៀងលើកទី២ កម្មវិធីតំណាងឱ្យតារាខ្មែរ នៅជប៉ុន ក្នុងវេទិកា Asian Music៕