Loading...

មាស សុខសោភា ប៉ះវី ឌីណែត ផ្អើលឆាក CBL

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 15:38 pm

តារាចម្រៀងជួរមុខគេរបស់ផលិតកម្មថោន នាងមាស សុខសោភា បង្ហាញខ្លួនក្នុងកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ របស់ក្រុមហ៊ុន CBL ដែលរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីរាត្រីថ្ងៃទី១៩ ខែកញ្ញា នោះ ធ្វើឱ្យភ្ញៀវជាច្រើនបានភ្លឹក ដោយសារអ្នកចម្រៀងសំនៀងស្រទន់នេះ បានយកបទល្បីៗរបស់ខ្លួនទៅបំពេរភ្ញៀវជាច្រើន ឱ្យលន្លង់លន្លោចទៅតាមទឹកដមចម្រៀងបំពេររបស់តារាថោននេះ។

បទ “ម្នាក់ឯងមិនស្លាប់ទេ”, “ដើមឈើស្នេហ៍” ជាដើម ដែលមាស សុខសោភា បានច្រៀងផ្ទាល់នោះ ធ្វើឱ្យអ្នកទស្សនាផ្ទាល់សរសើរនាងមិនដាច់ពីមាត់ឡើយថា សោភា ច្រៀងបទស្លូវពិរោះឥតខ្ចោះ និងស្ទើរតែគ្មានតារាណាអាចច្រៀងបទប្រភេទនេះ បានល្អដូចអ្នកចម្រៀងរូបនេះឡើយ ហេតុនេះហើយបានជានាងទៅដល់ផលិតកម្មណា ក៏នៅតែល្បីរហូតនោះ។

ភ្ញៀវជាច្រើនបានទះដៃសាទររាល់ការបកស្រាយបទចម្រៀងរបស់សោភា ចប់ម្តងៗ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺតារាល្បីល្បាញរូបនេះ ថែមទាំងគ្រងគ្រឿងអលង្ការពាក់ពេជ្រទាំងឈុតទៀតផង ទើបធ្វើឱ្យសោភា កាន់តែទទួលបានការចាប់អារម្មណ៍ថែមទៀត។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ផងដែរ នៅរាត្រីជប់លៀងនោះ មាស សុខសោភា ក៏បានប៉ះជាមួយសិស្សប្អូន ដែលមានទឹកដមសំនៀងក្រអួនក្រអៅមិនចាញ់នាងប៉ុន្មាននោះ គឺនាងវី ឌីណែត តារាចម្រៀងហង្សមាស និងជាកូនស្រីរបស់លោកហួរ ឡាវី ផងដែរ។

វី ឌីណែត ទោះជាមានបទពិសោធន៍សិល្បមិនដល់មាស សុខសោភា ក្តី តែទឹកដមសំឡេងអ្នកចម្រៀងវ័យក្មេងរូបនេះ ត្រូវបានអ្នកជំនាញសិល្បៈ បានឱ្យដឹងថា នាងអាចច្រៀងតុងខ្ពស់ និងប្រើប្រាស់តិចនិកច្រៀងបានគ្រប់ទម្រង់ទាំងអស់ ពិសេស គឺពេលច្រៀងបទជាភាសាអង់គ្លេសនោះ កាន់តែល្អថែមទៀត។

កូនស្រីលោកហួរ ឡាវី បានយកបទថ្មីរបស់ខ្លួនទៅជល់ជាមួយរៀមច្បង ដូចជាបទ “ខ្ញុំលែងត្រូវការស្នេហា” និងបទ “ស្រលាញ់ស្ទើរលេប”  ព្រមទាំងបទចម្រៀងភាសាអង់គ្លេសជាច្រើនបទទៀត។

លោក Samson Wong អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរ CBL បានឱ្យដឹងថា “កម្មវិធីកញ្ចប់អាពាហ៍ពិពាហ៍របស់ក្រុមហ៊ុនស្រាបៀរ CBL តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនជានិច្ច អស់រយៈពេលជាច្រើនឆ្នាំមកហើយ យើងបាននាំគូស្វាមីភរិយាជាច្រើនទៅក្រេបទឹកឃ្មុំ នៅទីក្រុងញូវយ៉ក (អាមេរិក) ទីក្រុងមីឡាន (អ៊ីតាលី) ប្រទេសសិង្ហបុរី និងឆ្នេរក្រាប៉ី ជាដើម។ សម្រាប់ឆ្នាំនេះ យើងនឹងនាំមកនូវកញ្ចប់អាពាហ៍ពិពាហ៍ កាន់តែអស្ចារ្យសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ខាងមុខ ដូចជាស្រាបៀរ ABC Extra Stoud ដំណើរកម្សាន្តទៅទីក្រុងឡុងដុងដ៍,  ស្រាបៀរ Heineken ដំណើរកម្សាន្តទៅទីក្រុងឡូសអាន់ជ័រលេស, ស្រាបៀរ Tiger ដំណើរកម្សាន្តទៅទីក្រុងស៊ីដនី និងស្រាបៀរ Anchor ដំណើរកម្សាន្តតាមនាវាដ៏អស្ចារ្យ”៕