Loading...

ម៉ង់ ចាន់កញ្ញា មិនហ៊ានប្រាថ្នាតួឯក

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:58 pm

អតីតបេក្ខភាព Cambodian Idol រដូវកាលទី២ នាងម៉ង់ ច័ន្ទកញ្ញា ដែលបរាជ័យក្នុងការលើកពាន ព្រោះមិនអាចយកឈ្នះនាងឈិន ម៉ានិច្ច បាននោះ ត្រូវបានគេចាត់ទុកថា នាងជាអ្នកចម្រៀងម្នាក់ដែលទឹកដមសំនៀងក្រអួនក្រអៅមិនធម្មតាឡើយ ព្រមទាំងអាចច្រៀងបានជាច្រើនទំរង់ទៀតផង ទើបហង្សមាស ឃាត់នាងទុក ហើយផ្ដល់ឱកាសឲ្យឈរនៅទ្រនំធំនេះ ដោយត្រូវប្រជែងជាមួយតារាខ្លាំងជាច្រើនទៀត។

ទោះជាយ៉ាងណា រយៈពេលជាង១ឆ្នាំនេះ នាងចាន់កញ្ញា ហាក់មិនសូវទទួលបានបទចម្រៀងច្រើននោះទេ ខណៈដែលមហាជនមើលឃើញថា ស្រីស្រអែមស្រស់រូបនេះ មិនត្រូវបានហង្សមាស លើកស្ទួយដូចស្រីស្អាតសាច់សខ្ចី រ៉េត ស៊ូហ្សាណា ឡើយ។

ប៉ុន្ដែក្នុងជំនួបកាលពីពេលថ្មីៗនេះ ម៉ង់ ចាន់កញ្ញា បានអះអាងថា “នាងពេញចិត្តនៅហង្សមាស ជាបន្ដទៀត ហើយមិនដែលមានគំនិតអាក់អន់ចិត្តថា បទចម្រៀងនាងតិច មិត្តភក្ដិមានបទច្រៀងល្អៗជាងនោះទេ ព្រោះថា ហង្សមាស មានសមាជិកច្រើន ហេតុនេះហើយបទចម្រៀងត្រូវតែមានការបែងចែកគ្នាយ៉ាងនេះហើយ”។

អតីតបេក្ខភាព Cambodian Idol រូបនេះ វាចាថា ”ខ្ញុំច្រៀងនៅហង្សមាស ទើបបានជាង១ឆ្នាំបានប៉ុណ្ណឹង មិនអីទេ យើងនៅមានពេលវេលាជាច្រើនទៀត។ ពេលនេះខ្ញុំបង្កើតក្រុមរាំដែរ  ហើយទីផ្សារប្រែប្រួលជាងមុន ហើយកន្លងមក ហង្សមាស ក៏ធ្លាប់បានឲ្យខ្ញុំច្រៀងច្រើនកម្មវិធីដែរ ទាំងនៅប៉ុស្ដិ៍ និងConcert ខាងក្រៅ”។

ក្រៅពីបញ្ជាក់ថា គ្មានគម្រោងចង់ទៅណាចោលហង្សមាស នោះ នាងម៉ង់ ចាន់កញ្ញា ក៏មានបំណងថាចង់បន្ថែមអាជីពថ្មីមួយទៀតផងដែរ តាមរយៈការថតភាពយន្ដនាពេលខាងមុខនេះ ប្រសិនណាបើហង្សមាស មើលឃើញរូបនាងថា អាចធ្វើបានដូចតារាមួយចំនួនទៀតក្នុងក្រុមនោះ។ ប៉ុន្តែការប៉ងតំណែងតួឯកក្នុងរឿងភាគថ្មីរបស់ហង្សមាស នោះ នាងចាន់កញ្ញា ថា មិនហ៊ានដេកស្រម៉ៃនោះទេ ហើយឲ្យតែហង្សមាស ឲ្យលេង ទោះជាតួបែបណា ក៏នាងតាំងចិត្តថា អាចសម្ដែងបានទាំងអស់ដែរ។

តារាស្រអែមស្រស់រូបនេះ ថែមទាំងថ្លែងថា “សម្រាប់អាជីពចម្រៀង និងភាពយន្ដ សុទ្ធតែជាអ្វីដែលនាងប៉ងប្រាថ្នាពីមុនទៀតផង តែពេលនេះនៅខ្វះម្យ៉ាង គឺការថតកុនឲ្យហង្សមាស ដែលនាងមានរំពឹងថា អាចសម្រេចបំណងនេះបាននាពេលខាងមុននេះជាមិនខាន”៕