Loading...

លី ម៉ារីណា ប្តីមិននៅ លោកថៅកែធ្វើខួបកំណើតឲ្យកូន

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:47 pm

លី ម៉ារីណា ត្រូវបានលោកឆេង វណ្ណា ថៅកែហាង VFriend រៀបចំធ្វើខួបកំណើតឲ្យកូនប្រុស ឈ្មោះសាត ថៃសាន់ គម្រប់អាយុ៤ឆ្នាំ នៅហាងផ្ទាសល់ខ្លួន នៅបឹងត្របែក ដោយមានតារាសិល្បៈរួមអាជីពជាច្រើនបានចូលរួមអបអរសាទរ។ ប៉ុន្ដែអ្វីដែលចម្លែក គឺកម្មវិធីខួបកំណើតរបស់កូនលី ម៉ារីណា ឆ្នាំនេះ មិនមានការចូលរួមពីស្វាមីនាងដែលជាអាណិកជនខ្មែរ នៅអាមេរិក លោកសាត ចាន់ថន ឡើយ ទើបធ្វើឲ្យមានការខ្សឹបខ្សៀវពីតារាដែលចូលរួមកម្មវិធីនោះ ដោយពួកគេសង្ស័យថា ម៉ារីណា អាចមានបញ្ហាជាមួយប្ដីហើយ បានជាខួបកំណើតកូនទាំងមូល បែរជាប្ដីមិនមកអើពើបន្ដិចសោះ តែបែរជាត្រូវបានលោកថៅកែហាងយកចិត្តទុកដាក់រៀបចំកម្មវិធី និងទទួលភ្ញៀវដូចម្ចាស់កម្មវិធីទៅវិញ។

ព័ត៌មានបានឲ្យដឹងថា ភ្ញៀវទាំងឡាយដែលចូលរួមកម្មវិធីខួបកំណើតកូនប្រុសម៉ារីណា នោះ​សុទ្ធតែសួរតារាសម្ដែងរូបនេះថា ម៉េចបានមិនឃើញប្ដីចូលរួមដូចមុនអ៊ីចឹង? តែម៉ារីណា និយាយខ្លីថា ប្ដីនាងមានធុរៈជាចាំបាច់ បានជាមិនបានមកធ្វើខួបឲ្យកូនប្រុសដូចពេលមុនៗ។

តារាសម្ដែងខ្ពស់ស្រឡះ លី ម៉ារីណា បានប្រាប់អ្នកយកព័ត៌មានយើងថា សម្រាប់ខួបកំណើតកូននាងឆ្នាំនេះ គឺពិតជាត្រូវបានលោកថៅកែហាង VFriend ជាអ្នករៀបចំកម្មវិធីឲ្យទាំងស្រុងមែន គឺនាងមិនមានការចំណាយប្រាក់កាសផ្ទាល់ខ្លួននោះទេ ហើយមូលហេតុដែលស្វាមីនាងមិនបានចូលរួម មកពីគាត់មានភារកិច្ចនៅអាមេរិក តែអាចនឹងមកស្រុកខ្មែរ ជាថ្មី នៅអំឡុងខែវិច្ឆិកា ខាងមុខនេះ។

តារាកូន១រូបនេះ ថ្លែងថា ”ថ្ងៃនេះខួបកូនប្រុសខ្ញុំ សាត ថៃសាន់ គម្រប់អាយុ៤ឆ្នាំហើយ។ កម្មវិធីទាំងមូលនេះ គឺលោកថៅកែហាងហ្នឹង ជាអ្នករៀបចំឲ្យទាំងអស់ ខ្ញុំមិនបានចេញលុយផ្ទាល់ខ្លួនទេ ព្រោះក្រុមគ្រួសារខ្ញុំ និងគាត់ បានរាប់អានគ្នាជាយូរណាស់មកហើយ។ ចំពោះស្វាមីខ្ញុំ គាត់មិនបានចូលរួមខួបកំណើតកូនប្រុសដូចលើកមុនៗ ដោយសារតែគាត់ជាប់រវល់ខ្លាំង ការងារនៅអាមេរិក តែគាត់នឹងមកស្រុកខ្មែរ ម្ដងទៀត នៅអំឡុងខែវិច្ឆិកានេះ”។

នេះជាលើកទី៤ហើយ ដែលលី ម៉ារីណា បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនប្រុសរបស់នាង សាត ថៃសាន់ ពោលគឺបានធ្វើជារៀងរាល់ឆ្នាំតែម្ដង។ ដោយឡែក ការមិនបាច់ចំណាយមួយកាក់មួយសេន សម្រាប់ធ្វើខួបឆ្នាំនេះ ព្រោះមានលោកថៅកែជាអ្នករ៉ាប់រងនេះ ម៉ារីណា បានរៀបចំទទួលភ្ញៀវ១២តុ ហើយក្នុង១តុ តម្លៃ៩៥ដុល្លារ ដូចនេះលោកថៅកែចំណាយដល់ទៅ១១៤០ដុល្លារ សម្រាប់ធ្វើកម្មវិធីខួបឲ្យកូនប្រុសម៉ារីណា ដោយគ្មានស្វាមីរបស់នាងចូលរួមនេះ ហេតុនេះហើយបានជាភ្ញៀវគ្រប់គ្នាបានសរសើរថា ម៉ារីណា ពិតជាសំណាងមែន ត្រូវលោកថៅកែយកចិត្តទុកដាក់ចំពោះកូនប្រុសនាង ដូចជាក្រុមគ្រូសារតែមួយអ៊ីចឹង។

លោកឆេង វណ្ណា ថៅកែហាង VFriend បានឲ្យដឹងថា “លោកមិនមែនចំណាយចេញថ្លៃឲ្យកម្មវិធីទាំងមូលរបស់កូនលី ម៉ារីណា នោះទេ តែគ្រាន់តែចេញធ្វើនំខេក និងការតុបតែងកម្មវិធីឲ្យទាំងមូលមែន ព្រោះថា ម៉ារីណា ឲ្យតែមានកម្មវិធី គឺតែងតែជ្រើសរើសយកហាងរបស់គាត់ធ្វើជារៀងរាល់ឆ្នាំ មិនដែលទៅធ្វើនៅកន្លែងផ្សេងនោះទេ”។

 

លោកវណ្ណា អះអាងថា ”ខ្ញុំជាអ្នកចេញថ្លៃធ្វើនំខេក និងការតុបតែងកម្មវិធី តែការទទួលភ្ញៀវ១២តុហ្នឹង ម៉ារីណា ជាអ្នកចេញលុយផ្ទាល់ខ្លួនតើ‌! និយាយទៅ ក្រុមគ្រួសារគាត់យកហាងយើង ធ្វើកម្មវិធីច្រើនមកហើយ អ៊ីចឹងបានជាខ្ញុំរៀបចំឲ្យគាត់ហ្នឹង ម្យ៉ាងទៀតគាត់និងខ្ញុំរាប់អានគ្នាយូរណាស់មកហើយ ចំណែកស្វាមីរបស់គាត់ហ្នឹង ក៏ត្រូវជាបងប្អូនរបស់ខ្ញុំដែរ”។

លី ម៉ារីណា បានរៀបការជាមួយលោកសាត ចាន់ថន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ចំពេលដែលមានរឿងអាស្រូវថា ម៉ារីណា បង្កាត់ភ្លើងស្នេហាជាមួយលោកផ្កាយ៣ម្នាក់ ហើយត្រូវប្រពន្ធមន្រ្ដីធំនោះព្រមាន។ ក្រោយរៀបការភ្លាម ម៉ារីណា បានដឹកដៃលោកចាន់ថន ចេញទៅរស់នៅអាមេរិក ៣ឆ្នាំហើយ ទើបតែពេលស្ងប់ស្ងាត់រឿងអាស្រូវនោះទេ ទើបនាងចូលមកស្រុកវិញ កាលពីឆ្នាំ២០១៦ ដោយបន្ដអាជីពចាស់ថតសម្ដែងភាពយន្ដសាជាថ្មីវិញ ដោយលែងព្រួយបារម្ភពីសុវត្ថិភាព ខណៈដែលស្វាមីរបស់នាងចុះឡើងពីអាមេរិក មកស្រុកខ្មែរ ជាញឹកញាប់ ហើយពេលនេះ ម៉ារីណា មានភាពហ៊ឺហាមិនចាញ់ជំទាវឡើយ គឺនាងជិះរថយន្ដទំនើប Lexus LX 570 ស៊េរីឆ្នាំ២០១៥ តម្លៃជិត២០ម៉ឺនដុល្លារ ព្រមទាំងពាក់គ្រឿងអលង្ការពេជ្រទាំងឈុតៗទៀតផង៕