Loading...

វិធីបន្ថយអាការៈរមាស់ នៃស្ត្រីមានផ្ទៃពោះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 14:30 pm

អាការរមាស់ក្នុងអំឡុងពេលមានផ្ទៃពោះ ក្រៅពីបង្កអារម្មណ៍មិនស្រណុកចិត្តកាយដល់ស្ត្រីហើយ ប្រសិនជ្រុលដៃអេះរហូតស្បែករលាក កាន់តែធ្វើឱ្យកើតជាស្នាមដំបៅ ឬស្នាមជ្រីវជ្រួញបាន។ ប៉ុន្តែ បញ្ហារមាស់រំខានចិត្តនេះនឹងអស់ ដោយវិធីដូចខាងក្រោម…

១-រមាស់ស្បែក និងរមាស់សង្វារ ៖ ស្បែកស្ត្រីមានផ្ទៃពោះតែងស្ងួត បែកស្រកា  អ្នកធ្លាប់កើតបញ្ហានេះតាំងពីមុនមានផ្ទៃពោះ ឬទើបមានអាការអំឡុងមានគភ៌។ បើពីមុនជាមនុស្សស្បែកស្ងួតស្រាប់ ហើយពេលមានគភ៌ នឹងមានឱកាសរមាស់កាន់តែខ្លាំង ជាពិសេស អំឡុងដែលក្បាលពោះរីកធំរហ័សខ្លាំង ពេលអាយុគភ៌៦ខែ កូននឹងឆាប់ធំ ស្បូនរីក ក្បាលពោះកាន់តែធំតាមយ៉ាងឆាប់រហ័ស។ បើម្តាយស្បែកស្ងួត ស្រាប់នឹងកាន់តែបែកសង្វារឃើញយ៉ាងច្បាស់។

  • វិធីបំបាត់អាការ ៖

-ពិសាទឹកឱ្យច្រើន ព្រោះសំណើមរបស់ស្បែក បានមកពីការពិសាទឹក។ ខណៈដែលរាងកាយមានការដុតរំលាយច្រើនឡើង ការពិសាទឹកគ្រប់គ្រាន់ នឹងជំនួសការខ្វះទឹករបស់ស្បែកបាន។

-ចៀសវាងនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ ឬដាក់កង្ហារបែរចំខ្លួន។

-កុំប្រើសាប៊ូដុសខ្លួនយូរ ឬច្រើនពេក ព្រោះ ងាយធ្វើឱ្យស្បែកស្ងួត និងរមាស់។ គួរជ្រើសប្រើសាប៊ូរូបមន្តខ្សោយ ដូចជា ប្រេងអូលីវ ប្រេងល្ង ឬឡេ ដែលសមស្របចំពោះសភាពស្បែក។

-ងូតទឹកក្នុងសីតុណ្ហភាពសមល្មម មិនក្តៅខ្លាំង កុំងូតទឹកញឹកញាប់ពេក និងគួរលាបឡេ ឬប្រេងលាបខ្លួន ក្រោយងូតទឹក បន្ទាប់មកជូតខ្លួនឱ្យស្ងួតល្មម។

-ចៀសវាងការអេះ ព្រោះអាចកើតជាដំបៅបាន និងមិនគួរសូណា ឬខាត់ស្បែកញឹកញាប់។

២-រមាស់ទ្វារមាសពីមេរោគផ្សិត ៖ អំឡុងមានផ្ទៃពោះសភាវៈ អាស៊ីដបាសក្នុងទ្វារមាស មានការប្រែប្រួល រួមទាំងមានរំអិលចេញមកបរិវេណទ្វារមាសរឿយៗនោះ ធ្វើឱ្យងាយចំពោះការកើតមេរោគផ្សិតត្រង់ទ្វារមាស និងកើតអាការរមាស់។

  • វិធីបំបាត់អាការ ៖

-ចៀសវាងការស្លៀកឈុតក្នុងរឹបតឹងពេក  គួរជ្រើសឈុតក្នុងប្រភេទ ក្រណាត់ស្តើងដែលបញ្ចោញខ្យល់អាកាសល្អ និងគួរសម្អាតឈុតក្នុងរាល់ថ្ងៃ ហាលឱ្យស្ងួតនៅកន្លែងដែលមានខ្យល់ខ្លាំង។

-ក្រោយសម្អាត គួរជូតទ្វារមាសឱ្យស្ងួតជានិច្ច និងមិនគួរលូកលាងចូលក្នុងទ្វារមាសទេ។

-សម្រាកឱ្យគ្រប់គ្រាន់ ព្រោះប្រព័ន្ធការពាររាងកាយដែលទន់ខ្សោយ អាចប្រឈមចំពោះការកើតមេរោគផ្សិតនៅទ្វារមាសបាន។

-ព្យាបាលដោយការប្រើថ្នាំសុលទ្វារមាស  ឬថ្នាំលាបបរិវេណដែលរមាស់ គួរជួបគ្រូពេទ្យ ដើម្បីទទួលការពិនិត្យឱ្យច្បាស់ថា ជាអាការរមាស់ពីមេរោគផ្សិត ឬយ៉ាងណា ដើម្បីព្យាបាលឱ្យត្រូវចំណុច។

៣-រមាស់ទ្វារមាសពីមេរោគបាក់តេរី ៖ ក្នុងអំឡុងមានផ្ទៃពោះ រាងកាយតែងមានប្រព័ន្ធការពារទន់ខ្សោយ ដែលងាយចំពោះការទទួល មេរោគបាក់តេរីនៅទ្វារមាស។

  • វិធីបំបាត់អាការ ៖

-កុំជូត ឬលាងទ្វារមាសពីមុខមកក្រោយ ហាមប្រើទឹកបាញ់លាង ជម្រះពីខាងក្រោយមកខាងមុខ ព្រោះនឹងធ្វើឱ្យឆ្លងមេរោគពីគូទចូលទ្វារមាសបាន។ គួរប្រើក្រដាសអនាម័យផ្តិត ទើបអាចបង្ការ មេរោគបានល្អជាង។

-កុំទិញថ្នាំប្រើខ្លួនឯងនៅពេលមានអាការរមាស់ និងអាការធ្លាក់ស ព្រោះអាចធ្វើឱ្យស៊ាំថ្នាំ និងមានអាការរមាស់បាន  ប៉ុន្តែ គួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យឱ្យច្បាស់លាស់។

៤-រមាស់ពីកន្ទួលក្រហម ៖ ជួបប្រទះ ញឹកញាប់ក្នុងស្ត្រីមានផ្ទៃពោះ អាចមកពីការអាល់លែរហ្ស៊ី នឹងសាប៊ូបោកសម្លៀកបំពាក់ ឡេលាបស្បែក ឬសាប៊ូដុសខ្លួន រួមទាំងកន្ទាលត្រអាក ដែលមានលក្ខណៈជាផ្ទាំងធំៗ ក៏ជួបប្រទះញឹកញាប់ទាំងអំឡុងពេលមានគភ៌ និងក្រោយសម្រាល។

  • វិធីបំបាត់អាការ ៖

-ចៀសវាងអ្វីដែលធ្វើឱ្យអាល់លែរហ្ស៊ី  ដោយត្រូវរកមូលហេតុនៃការកើតកន្ទួល រមាស់ ឱ្យឃើញដើម្បីចៀសវាងចំណុចនោះ។

-ស្លៀកសម្លៀកបំពាក់ដែលមានអារម្មណ៍ស្រួលខ្លួន មិនរឹបណែន ឬរលុងពេក និងមិនក្រាស់រហូតធ្វើឱ្យស្បែកស្អុះស្អាប់។

-ថ្នាំបំបាត់អាការរមាស់ អាចជួយបន្ថយអាការបាន ឬលេបថ្នាំព្យាបាលអាការអាល់លែរហ្ស៊ី តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

-សម្រាកឱ្យគ្រប់គ្រាន់ដើម្បីបង្កើត ប្រព័ន្ធការពាររាងកាយការសម្រាក និងគេងលក់ស្កប់ស្កល់ ដើម្បីជួយបង្កើតប្រព័ន្ធការពាររាងកាយ ដែលរឹងមាំដល់ម្តាយបាន។ ក្រៅពីនេះ គួរទៅជួបគ្រូពេទ្យ ដើម្បីវិនិច្ឆ័យថា ជាអាការរមាស់ពី មេរោគបាក់តេរី ឬវីរុស ដែលអាចនាំឱ្យប៉ះពាល់ ដល់កូនក្នុងផ្ទៃផងដែរ៕