Loading...

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងជើង

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 16:59 pm

យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី។

មូលហេតុដែលសហរដ្ឋអាមេរិក សម្រេចធ្វើដូច្នេះ ដោយសារតែគេបានចោទប្រកាន់ក្រុមហ៊ុនទាំងនោះ ផ្គត់ផ្គង់មូលនិធិទៅឱ្យប្រទេសកូរ៉េខាងជើង ដែលជាការរំលោភទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងរតនាគារជាតិសហរដ្ឋអាមេរិក បានឱ្យដឹងថា ទណ្ឌកម្មថ្មីនេះ គឺសំដៅទៅលើក្រុមហ៊ុនបច្ចេកវិទ្យា  Yanbian Silver Star Network ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ក្រុមហ៊ុនកូរ៉េ Jong Song Hwa និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Volasys Silver Star ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី។

ក្រសួងដដែលនោះ បានឱ្យដឹងទៀតថា  ទណ្ឌកម្មនេះក្នុងបំណងបញ្ឈប់មិនឱ្យប្រាក់ចំណូលបរទេស ហូរចូលទៅក្នុងប្រទេសកូរ៉េខាងជើង។

ជាមួយគ្នានោះដែរ សហរដ្ឋអាមេរិក ក៏បានព្រមានផងដែរចំពោះក្រុមហ៊ុនទាំងឡាយណា ទូទាំងពិភពលោក ឱ្យប្រយ័ត្នប្រយែងក្នុងការជួលបុគ្គលិកបម្រើការជនជាតិកូរ៉េ សម្រាប់គម្រោងបច្ចេកវិទ្យា។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានថ្លែងដែរថា សហរដ្ឋអាមេរិក កំពុងតែបន្តដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងឱ្យប្រទេសនេះ កាត់រំសាយអាវុធនុយក្លេអ៊ែរ ចោលទាំងស្រុង។

ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានថ្លែងថា ចិន បានត្រៀមខ្លួនទប់ទល់ជាមួយសហរដ្ឋអាមេរិក ហើយក៏បានជំរុញឱ្យមហាអំណាចមួយនេះ បញ្ឈប់ធ្វើខុសតទៅទៀត។

គួររំលឹកផងដែរថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកនោះ វាហាក់ដូចជាផ្ទុយទៅនឹងស្ថានភាពល្អកាលពីសប្តាហ៍មុន នៅពេលដែលលោកគីម ជុងអ៊ុន បានសរសេរលិខិតអញ្ជើញឱ្យលោកដូណាល់ ត្រាំ បើកប្រជុំកំពូលលើកទី២ ដែលជាសញ្ញាវិជ្ជមានក្នុងការដោះស្រាយវិបត្តិការទូតនៅក្នុងឧបទ្វីបកូរ៉េ៕