Loading...

សុំភ្ជាប់ស្នេហ៍វិញ តែប្រពន្ធអត់ព្រម ប្តីដាល់បែកចិញ្ចើមផ្អើលពេញហាង

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 17:42 pm

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ រស់នៅមិនចុះសម្រុង ចេះតែមានចិត្តប្រចែប្រចណ្ឌគ្នាទៅវិញទៅមក រហូតដល់ទ្រាំលែងបានក៏សម្រេចបែក ចែកផ្លូវគ្នាដើរអស់រយៈពេល១០ថ្ងៃមកហើយ លុះបុរសជាប្តីមិនទាន់ដាច់អាល័យ នឹកចង់ជានាជាមួយប្រពន្ធវិញ ក៏បបួលប្អូនប្រុសម្នាក់ ចូលទៅផឹកស៊ីនៅក្នុងហាងដែលប្រពន្ធកំពុងបម្រើការ បំណងសុំប្រពន្ធផ្សះផ្សារគ្នាវិញ តែប្រពន្ធនៅតែប្រកាន់ចិត្តរឹង មិនព្រមរួមរស់ជុំប្តីវិញដាច់ខាត រហូតធ្វើឱ្យកើតមានជំលោះពាក្យសម្តីនឹងគ្នាមួយប៉្រាវ ទីបំផុត បុរសជាប្តីទប់កំហឹងមិនបាន ក៏ដាល់ប្រពន្ធ១ដៃបណ្តាលឱ្យបែកចិញ្ចើម។

ករណីអំពើហិង្សាប្តីសុំផ្សះផ្សារស្នេហ៍អត់បាន ដាល់ប្រពន្ធបែកចិញ្ចើមនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចហាងផឹកស៊ី យីហោ វីផ្លេស តាមបណ្តោយផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

បុរសជាប្តីដែលដាល់ប្រពន្ធបែកចិញ្ចើម ខឹងមិនព្រមជានាគ្នាវិញនេះ មានឈ្មោះស.ឌ អាយុ៣១ឆ្នាំ មុខរបរធ្វើការសំណង់ ស្នាក់នៅក្នុងការដ្ឋាន និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះណ.វ អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក នៅហាងផឹកស៊ី (ទីតាំងកើតហេតុខាងលើ) ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមសម្តីបុរសប្តី បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធបានរួមរស់នឹងគ្នាដោយមិនបានរៀបការ (តែបានសែនព្រេន) អស់រយៈពេលជាង៤ឆ្នាំមកហើយ និងបង្កើតបានកូនតូច២នាក់ជាចំណងនិស្ស័យ។ តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធគាត់ស្រលាញ់គ្នាល្អូកល្អិនល្អណាស់ តែចូលមកដល់ មួយរយៈចុងក្រោយនេះ ប្រពន្ធរបស់គាត់ ក៏ចាប់ផ្តើមផ្លាស់ប្តូរអត្តចរិត ប្លែកតាំងពីសម្តី និងការស្និទ្ធស្នាលជាមួយប្តី រហូតធ្វើឱ្យគាត់សង្ស័យថា ប្រពន្ធនេះកំពុងលួចលាក់ក្បត់ចិត្តប្តីមានប្រុសថ្មី និងសង្ស័យថាត្រូវប្រុសចិញ្ចឹមទៀតផង ព្រោះឃើញមានលុយចាយវាយពេញៗដៃប្លែកខុសធម្មតា។ លុះរយៈពេលប្រមាណ១០ថ្ងៃមុននេះ ប្រពន្ធស្រាប់តែរកលេស សុំបែកចែកផ្លូវគ្នាជាមួយគាត់ ហើយទោះជាគាត់ព្យាយាមអង្វរក សម្រុះសម្រួលយ៉ាងណា ក៏ប្រពន្ធមិនព្រមត្រឡប់ក្រោយវិញសោះ។

ចំណែកស្ត្រីរងគ្រោះជាប្រពន្ធវិញ បានបដិសេធចោលទាំងស្រុងនូវការលើកឡើងរបស់ប្តី ដែលសង្ស័យថានាងកំពុងមានប្រុសថ្មី ផ្ទុយទៅវិញស្ត្រីរងគ្រោះ បានប្រាប់ថា តាមពិតប្តីរបស់នាងទេ ដែលបានលួចលាក់មានស្រីថ្មី ថែមទាំងបានរករឿង និងវាយធ្វើបាបនាងជាប្រពន្ធញឹកញាប់ ទៀតផង។ ដោយសារតែទ្រាំនឹងទង្វើរបស់ប្តីលែងបាន ទើបនាងបានប្រាប់ទៅប្តីតាមសម្រួលថា យើងបែកគ្នាទៅ ព្រោះរស់នៅរាល់ថ្ងៃមិនចុះ សម្រុងនឹងគ្នាទេ ជួបមុខគ្នាពេលណា ដូចក្របីឃើញដើមចេក ហើយបើទ្រាំរស់នៅរបៀបនេះទៀត ក៏គ្មានសុភមង្គលដែរ ហេតុនេះ ការបែកផ្លូវគ្នា គឺជាជម្រើសដ៏ល្អបំផុត។

ស្ត្រីរងគ្រោះជាប្រពន្ធបន្តថា លុះក្រោយពីបែកផ្លូវគ្នាបានរយៈពេលប្រមាណ១០ថ្ងៃប៉ុណ្ណោះ ស្រាប់តែមកដល់យប់ថ្ងៃកើតហេតុ ក៏លេចមុខប្តីរបស់នាង បាននាំប្អូនប្រុសបង្កើតរបស់គាត់ (ប្តី) ឈ្មោះស.ធ អាយុ២១ឆ្នាំ ធ្វើការសំណង់ និងស្នាក់នៅជាមួយគ្នា ចូលមកផឹកស៊ីនៅក្នុង ហាងដែលនាងកំពុងបម្រើការ។ លុះដល់ម៉ោងកើតហេតុខាងលើ ប្តីរបស់គាត់ដែលកំពុងស្ថិតក្នុងសភាពស្រវឹងស្រឿងៗ បានព្យាយាមមកនិយាយ សម្របសម្រួល អង្វរនាងឱ្យត្រឡប់ទៅរួមរស់ជុំគ្នាវិញ តែនាងមិនព្រម ស្រាប់តែប្តីច្រឡោតខឹង រករឿងឈ្លោះប្រកែក រួចស្ទុះមកដាល់នាង១ដៃ បណ្តាលឱ្យបែកចុងចិញ្ចើមខាងស្តាំហូរឈាម ធ្វើឱ្យផ្អើលដល់សន្តិសុខក្នុងហាង និងបុគ្គលិក ខឹងថា ប្តីរបស់នាង និងប្អូនប្រុសនោះចង់អុកឡុកហាង ក៏នាំដេញវាយបងប្អូនទាំង២នាក់ មកដល់ចំណុចភោជនីយដ្ឋាន ឡឺ ហ្វេនស៊ី តាមបណ្តោយផ្លូវ២៦១កែង និងផ្លូវ១៦០ ក្នុងសង្កាត់ទឹកល្អក់២ ក៏មានប្រតាយប្រតប់គ្នា បណ្តាលក្រុមសន្តិសុខហាងផឹកស៊ី វីផ្លេស និងបក្ខពួក ទៅវាយចំរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4589 របស់ម្ចាស់ភោជនីយដ្ឋាន ឡឺ ហ្វេនស៊ី បង្កឱ្យរងការខូចខាតតិចតួច ខណៈនោះ ក៏មានកម្លាំងអាវុហត្ថខណ្ឌទួលគោក ម្នាក់បានឃើញហេតុការណ៍នោះ ក៏ចុះជួយអន្តរាគមន៍ ស្រាប់តែត្រូវមួយដៃប៉ោងក្រោមភ្នែកខាងឆ្វេងទៀត លុះចុងក្រោយ ប្តីរបស់នាង រួមនឹងប្អូនប្រុសនោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយកើតសមត្ថកិច្ច បាននាំខ្លួនបុរសទាំង២នាក់បងប្អូន មកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់២ និងមានខាងតំណាងម្ចាស់ហាងទាំងពីរ បានមកដល់ និងសម្របសម្រួលគ្នា ដោយខាងភាគីម្ចាស់ហាងវីផ្លេសចេញថ្លៃជួសជុលរថយន្តម្ចាស់ហាងឡឺ ហ្វេនស៊ី ដើម្បីបញ្ចប់រឿង។ ចំណែកកម្លាំងអាវុធហត្ថម្នាក់ដែលរងរបួស ត្រូវបានជនបង្កចេញសំណងថ្លៃជំងឺចិត្តចំនួន២៥ដុល្លារ។ ដោយឡែក ស្ត្រីរងគ្រោះជាប្រពន្ធ ដោយមិន ចង់មានរឿងរ៉ាវវែងឆ្ងាយ ទើបមិនបានប្តឹងផ្តល់អ្វីទៅកាន់ប្តីនោះទេ គ្រាន់តែសុំឱ្យសមត្ថកិច្ចជួយអប់រំណែនាំ និងធ្វើកិច្ចសន្យាឈប់បង្ករបួសស្នាមទៀត រួចឱ្យត្រឡប់ទៅផ្ទះវិញ៕