Loading...

សួស វីសា ប្រុសក្មេងស្រលាញ់ពេញបេះដូង

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:32 pm

សួស វីសា ដែលមានរាសីឡើង ព្រោះបានតំណែងសុគន្ធ និសា ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២នេះ ធ្លាប់ប្រតិកម្មខ្លាំង ពេលអ្នកកាសែតសួរនាំរឿងនាងមានស្នេហាជាមួយប្រុសក្មេងថមមី ដោយវីសា ថែមទាំងព្រមានថា បើសួររឿងនេះទៀត ថ្ងៃក្រោយនាងគ្មានជម្រើសណាផ្សេង ក្រៅពីយកសង្សារជាអ្នកកាសែត ដើម្បីកុំឱ្យគេចុះផ្សាយ ព្រោះថា រឿងនាងជាមួយប្រុសក្មេង មិនមែនជាការពិត។

ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ស្រាប់តែពេលនេះ លោកថមមី បានចេញមកសារភាពប្រាប់ទស្សនាវដ្តី “អង្គរធំ” ថា លោកស្រលាញ់ សួស វីសា ខ្លាំងណាស់ ហើយគ្មានថ្ងៃណាដែលអាចប្រែចិត្តបានជាដាច់ខាត ខណៈដែលពិធីភ្ជាប់ពាក្យ និងរៀបការ អាចនឹងលេចចេញជារូបរាងនាពេលខាងមុខនេះហើយ។

ក្នុងជំនួបជាមួយលោកថមមី ដែលជាសង្សារវ័យក្មេងរបស់តារាចម្រៀងសំនៀងផ្អែម នាងសួស វីសា នោះ តារាសម្តែងរូបសង្ហានេះ បាននិយាយត្រង់ៗថា លោកនិងវីសា ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាជាច្រើនខែមក ហើយគ្រាន់តែថា មិនទាន់បានធ្វើពិធីភ្ជាប់ពាក្យ ឬរៀបគម្រោងរៀបការនៅពេលឆាប់នេះទេ ព្រោះចង់ស្វែងយល់ចិត្តគ្នាឱ្យបានច្បាស់លាស់ជាមុនសិន។

លោកប៊ុនថុល ប៊ុនថង ហៅថមមី និយាយទាំងរីករាយថា “ខ្ញុំនិងគាត់ (វីសា) ជួបគ្នារាល់ថ្ងៃតើបងខ្ញុំស្រលាញ់វីសា មែន ហើយរឿងខ្ញុំនិងគាត់ ចាស់ទុំទាំងសងខាង សុទ្ធតែបានដឹងឮទាំងអស់គ្នាហ្នឹង គ្មានអ្នកណាជំទាស់រឿងពួកយើងទាក់ទងគ្នាទេ គ្រាន់តែថា ពួកយើងមិនទាន់គិតគូរឿងរៀបការ”។

ឆ្លើយតបសំណួរថា តើហេតុអ្វីបានជាលោកថមមី ធ្លាក់ក្នុងអន្លង់ស្នេហ៍សួស វីសា នោះ?

តារាសម្តែងរូបនេះ បានឱ្យដឹងថា “មកពីវីសា គាត់ល្អគ្រប់ចំណុចទាំងអស់ ដែលនារីផ្សេងទៀត ពិបាករកដូចគាត់។ វីសា ស្លូត សុភាព និងស័ក្តិសមជានារីខ្មែរ ខ្ញុំពេញចិត្តនិងស្រលាញ់គាត់ខ្លាំងណាស់ ព្រោះថា គាត់ជាមនុស្សដែលសំណាបយោងដីស្រីយោងប្រុស អ៊ីចឹងបានគាត់ល្អ”។

បើទោះជាលោកថមមី បញ្ជាក់ថា លោកស្រលាញ់ពេញចិត្តតែលើអូនសួស វីសា មួយ ដែលគ្មានស្រីណាអាចជំនួសបានក៏ដោយ តែតារារូបនេះថា លោកមិនអាចសម្តែងខារ៉ាអូខេបទចម្រៀងរបស់វីសា បាននោះទេ ព្រោះថា ពេលដែលថតជាមួយគ្នាមិនកើតនោះទេ ព្រោះមានអារម្មណ៍ថា “អៀនៗ” គ្នា។

ជាក់ស្តែងដូចជាបទចម្រៀងល្បីរបស់សួស វីសា “វាសនាបុប្ផាស្វាយរៀង” នោះ លោកថមមី ថា លោកជាតួប្រុស ដែលសម្តែងក្នុង MV នោះ តែដោយសារលោកនិងវីសា ជាគូសង្សារនិងគ្នា ហេតុនេះហើយពេលថតសម្តែងជាមួយគ្នា អៀនគ្នាខ្លាំងពេក ទើបអ្នកដឹកនាំសម្តែងតម្រូវដាក់តួផ្សេងជំនួសវិញ។

តាមព័ត៌មានបានឱ្យដឹងថា មុនពេលដែល សួស វីសា ដឹកដៃប្រុសក្មេងលោកថមមី ចូល រោងការនាពេលខាងមុខនេះ ពួកគេបានចូលលុយគ្នាបោះទុនគ្រោងបើកភោជនីយដ្ឋានមួយ នៅម្តុំស្តុបបូកគោ តែដំណឹងនេះ ត្រូវបានលោកថមមី អះអាងថា ហាងនោះមិនមានលុយវីសា ចូលទេ គឺជាលុយរបស់លោកសុទ្ធសាធ ដែលទើបសាងសង់បានខ្ទង់៣០% ហើយគ្រោងនឹងធ្វើពិធីសម្ពោធនាពេលរួចរាល់ហើយ ខាងមុខនេះ។

តារាសម្តែងថមមី បានសម្តែងការអបអរសាទរ និងរីករាយជាខ្លាំង នៅពេលដែលគូស្នេហ៍ នាងសួស វីសា បានតំណែងធំជាគ្រូបង្វឹកក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២នេះ ដែលធ្វើឱ្យវីសា កាន់តែមានឈ្មោះល្បីល្បាញទៅមុខទៀតជាមិនខានឡើយ។ សង្សារថ្មីអ្នកចម្រៀងផលិតកម្មរស្មីហង្សមាស នាងសួស វីសា នេះ ក៏អះអាងថា លោកមិនមានការព្រួយបារម្ភច្រើននោះទេ នៅពេលដែលមានដំណឹងថាវីសា មានអ្នកធំៗស្រលាញ់ច្រើននោះ ដោយចាត់ទុកថា រឿងនេះគឺរឿងធម្មតា ព្រោះវីសា នៅលីវ និងស្អាត ហើយពេលនេះ លោកនិងវីសា ចិត្តមួយថ្លើមមួយទៅហើយ។

សួស វីសា បានផ្តាច់ពាក្យពីគូដណ្តឹង តារាចម្រៀងមាស សាឡី នៅពេលដែលនាងឈានជើងចូលផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ២០១០ ហើយពេលនេះ លោកសាឡី ដែលនៅតែតាមដានវីសា និងដឹងថា នាងមានមន្ត្រីធំៗស្រលាញ់ច្រើននោះ តារាខកស្នេហ៍នេះបានរៀបការប្រពន្ធថ្មីបាត់ទៅហើយ ទើបធ្វើឱ្យវីសា  ងាកមកភ្ជាប់ស្នេហ៍ជាមួយប្រុសក្មេងលោកថមមី វិញ។ ប៉ុន្តែ យ៉ាងណា នៅពេលដែលអ្នកកាសែតសួរជជីកសួស វីសា រឿងមានស្នេហាជាមួយប្រុសក្មេងថមមី នេះ នាងបែរជាមិនសប្បាយចិត្តទេ ហើយថា នោះជាព័ត៌មានមិនពិតឡើយ  ហើយអ្នកចម្រៀងផលិតកម្មរស្មីហង្សមាស បានព្រមានថា បើអ្នកសារព័ត៌មានសួររឿងនាងជាមួយថមមី ទៀត នាងគ្មានជម្រើសអីក្រៅពីយកសង្សារជាអ្នកកាសែត ដែលចុះរឿងនេះឡើយ ដើម្បីកុំឱ្យគេចុះរឿងអាក្រក់ៗទៀត។

ប៉ុន្តែ វីសា បញ្ជាក់ថា បើនាងយកសង្សារជាអ្នកកាសែតនោះ គឺមិនមែនយក១ទេ គឺយក២ ដើម្បីឱ្យពួកគេឈ្លោះគ្នា និងស្គាល់ពីភាពឈឺចាប់ ពេលដែលត្រូវគេចុះផ្សាយវិញម្តង។

យ៉ាងណា ការរៀបគម្រោងឱ្យអ្នកកាសែត ឈ្លោះគ្នារឿងស្នេហាត្រីកោណ ព្រោះច្បាំងគ្នាដណ្តើមនាងរបស់អ្នកចម្រៀងសួស វីសា មិនបានជោគជ័យឡើយ ព្រោះពេលនេះ ប្រុសក្មេងថមមី បានប្រកាសថា លោកស្រលាញ់អូនវីសា ១០០% គ្មានថ្ងៃងាករេផ្លាស់ប្តូរប្រែចិត្តឡើយ៕