Loading...

អតីតតួកុន​ សម តារា ឡើងផ្កាយ៤

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 15:56 pm

លោកសម តារា ត្រូវបានដំឡើងឋានន្តរ ស័ក្តិពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ទៅជានាយឧត្តមសេនីយ៍ (ផ្កាយ៤) ដែលពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មហាជនជាច្រើនបានភ្ញាក់ផ្អើលចំពោះអតីតតារាសម្តែងល្បីឈ្មោះអំឡុងទសវត្សឆ្នាំ១៩៩០ លោកសម តារា ដែលក្លាយទៅជាមន្ត្រីធំនេះ ខណៈដែលកន្លងមកលេចឮថា លោកកំពុងរស់នៅយ៉ាងសុខសាន្តជាមួយភរិយា និងកូនៗនៅផ្ទះវីឡា ស្កឹមស្កៃក្រុងតាខ្មៅ ដោយភរិយារបស់លោក ត្រូវជាសាច់ញាតិរបស់លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច។

លោកសម តារា ធ្លាប់ប្រឡូកសិល្បៈយ៉ាងពេញទំហឹងជាមួយអ្នកសិល្បៈរួមអាជីព ដូចជា លោក ទេព រិនដារ៉ូ, ខៃ ប្រសិទ្ធ, យស បូវណ្ណៈ, អ្នកនាងអម្ពរ ទេវី, សុខ ស្រីមុំ, ចាន់ តារាទី ជាដើម ក្រោយរៀបអាពាហ៍ពិពាហ៍មក លោកបានបោះបង់អាជីពសិល្បៈរហូតមក ដោយពុំដែលបង្ហាញខ្លួនតាមកម្មវិធីសិល្បៈម្តងណាឡើយ។

ទោះជាយ៉ាងណា តាមតារាដែលធ្លាប់ថតសម្តែងជាមួយលោកសម តារា បានឱ្យដឹងថា អតីតតារាសម្តែងរូបនេះ នៅតែមានការនឹករលឹកដល់អ្នករួមអាជីពជាមួយគ្នាដដែល តែដោយសារជាប់កិច្ចការងាររាជការមមាញឹក ទើបលោកគ្មានពេលជួបជុំមិត្តភក្តិដូចមុន។

ប្រភពដដែល បានបន្ថែមថា នៅពេលដែលជួបមិត្តចាស់ដោយចៃដន្យ លោកសម តារា តែងតែទៅរាក់ទាក់ និងបង្ហាញពីការនឹករលឹកគ្នាជាខ្លាំង ហើយលោកបានប្រាប់ថា មិនដែលភ្លេចអនុស្សាវរីយ៍កាលនៅថតកុននោះឡើយ៕