Loading...

អីយ៉ាស់!!! អេដា គ្រោងដឹកដៃប្រុសស្នេហ៍ថ្មីចូលរោងការ ឆ្នាំ2021

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:20 pm

ចំណងស្នេហ៍តារាចម្រៀង Original Songs នាងអេដា និងប្រុសបរទេស លោក Allen កាន់តែស្អិតល្មួតដូចស្ករតាំងម៉ែអ៊ីចឹង ដែលពួកគេទៅណាក៏ទាំងគូដែរ ទើបធ្វើឱ្យតារាជាច្រើនបានច្រណែនអ្នកមេម៉ាយអេដា ជាខ្លាំងថា  ពេលនេះ មានរាសីល្អ ទាំងចម្រៀងក៏កាន់តែល្បីល្បាញ ស្នេហាក៏កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃដែរ ទើបធ្វើឱ្យអេដា នៅឆ្នាំ2018 នេះ ជោគជ័យទាំងចម្រៀង និងស្នេហាព្រមគ្នាតែម្តង។

ទោះជាយ៉ាងណា នៅពេលដែលអ្នកកាសែតបានសួរនាំរឿងរៀបការ អំឡុងពេលដែលនាងចូលរួមសម្ពោធរឿង “ណូលី ណូឡា” របស់ផលិតកម្មមហាហង្ស នោះ នាងអេដា ថា អាចនឹងនៅបន្តមើលចិត្តគ្នាជាច្រើនឆ្នាំទៀត តែអាចនឹងក្រាបផ្ទឹមនៅអំឡុង3ឆ្នាំខាងមុខទៀត ពោលគឺនៅឆ្នាំ2021។

ប្រភពបានឱ្យដឹងថា ការដែលនាងអេដា ចង់ពិសោធន៍ស្នេហ៍ជាមួយប្រុសបរទេសថែមទៀតនោះ ដោយសារតែនាងមិនចង់ដើរជាន់ដានចាស់ជាថ្មី នាំឱ្យដំបៅបេះដូងម្តងទៀត ហេតុនេះហើយបានជានាងមិនចង់រៀបការដោយតក់ក្រហល់ពេកនោះទេ តែចង់ឱ្យស្នេហារបស់នាងបានយូរអង្វែង អ៊ីចឹងហើយនាងសុខចិត្តមើលចិត្តគ្នាឱ្យយូរបន្តិចចុះ ប្រសើរជាងរៀបការលឿន តែលែងគ្នាក៏រហ័សនោះ នាំតែដំបៅបេះដូង។

អេដា បានរៀបការជាមួយកូនមន្ត្រីធំនៅសណ្ឋាគារសូហ្វីតែល កាលពីឆ្នាំមុន ដោយមានទាំងមន្ត្រីធំៗ និងថ្នាក់ដឹកនាំជាច្រើនរូបទៅចូលរួមអបអរសាទរនាងទៀតផង។ ប៉ុន្តែ អេដា និងអតីតស្វាមី បានលែងលះគ្នាដោយសម្ងាត់ ហើយនាងក៏បានងាកមកធ្វើបទចម្រៀង Original Songs វិញ ដោយល្បីបទ “នៅទីនេះមានមនុស្សខូចចិត្ត”, “ពីរនាក់បានហើយ”, “ភ្លើង” និងបទ “មានអ្នកថែឬនៅ?” ជាដើម។

ថ្មីៗនេះដែរ នាងអេដា និងគូស្នេហ៍ថ្មី លោក Allen បានចាប់ដៃគ្នាបោះទុនបើកមុខជំនួញរួមគ្នា គឺហាង Adda & Hair Salon ដែលនាងអេដា ជាអ្នកគ្រប់គ្រង និង Al’Tacos ដែលគូស្នេហ៍នាងលោក Allen ជាអ្នកគ្រប់គ្រង។

អេដា ស្ថិតក្នុងចំណោមតារាដែលជ្រើសប្រុសបរទេសជាគូស្នេហ៍ ដូចជា នាងហ៊ាប រ៉ាឌី, ខៀវ សានសាណា, ផូ មុនីពៅ, ទូច ស្រីលក្ខណ៍, ទឹម រដ្ឋា ជាដើម ដែលពេលនេះ ពួកគេរស់នៅរបៀបគូស្នេហ៍អឺរ៉ុបផងដែរ៕