Loading...

អ៊ីណូ សរសើរអនាគតភរិយាពេទ្យឆ្មប ពូកែយល់ចិត្ត

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 10:40 am

តារាចម្រៀងសាន់ដេ សាន្ដ សុភារិទ្ធិ ហៅអ៊ីណូ (Eno) បានធ្វើកម្មវិធីខួបកំណើតគម្រប់អាយុ៣៥ឆ្នាំ នៅភោជនីយដ្ឋានតាយស៊ីង ក្បែរផ្សារដីហុយ ដោយមានតារាសិល្បកររួមអាជីពជាច្រើន បានចូលរួមអបអរសាទរអ្នកចម្រៀងដែលទើបបោះជំហ៊ានឈានចូលប្រឡូករកស៊ីក្នុងវិស័យអចលនទ្រព្យនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ៊ីណូ បានបង្ហាញមុខគូស្នេហ៍នាងញឹករតនៈ បញ្ញាសុជាតា ដែលជាពេទ្យឆ្មប នៅខេត្តបាត់ដំបង នោះ ដោយប្រកាសត្រៀមចូលរោងការជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះទៀតផង បន្ទាប់ពីអ្នកទាំង២ បានស្វែងយល់ចិត្តគ្នាជាង៣ឆ្នាំមក។

អ៊ីណូ និយាយដោយសប្បាយចិត្តថា ”នេះជាលើកទី១ហើយ ដែលខ្ញុំបានធ្វើខួបកំណើតធំបែបនេះ តាំងពីខ្ញុំចូលសិល្បៈជាង១០ឆ្នាំមក ព្រោះកន្លងមក ខ្ញុំធ្លាប់តែធ្វើតូចតាចធម្មតាៗទេ។ ខួបខ្ញុំឆ្នាំនេះ គម្រប់វ័យ៣៥ឆ្នាំ ហើយខ្ញុំហៅភ្ញៀវពី១៥ទៅ២០តុដែរ ដែលភាគច្រើនភ្ញៀវជាអ្នកសិល្បៈមកពីសាន់ដេ និងតារារួមអាជីពទាំងអស់។ ថ្ងៃនេះដែរ ខ្ញុំសូមបង្ហាញអនាគតភរិយារបស់ខ្ញុំ គឺអូនសុជាតា ដែលពួកខ្ញុំបានស្រលាញ់គ្នាជាង៣ឆ្នាំមកហើយ តាមរយៈគាត់ជា Fan របស់ខ្ញុំ ពេលដែលខ្ញុំទៅច្រៀងនៅបាត់ដំបង គាត់មកឈរមើលខ្ញុំនៅមុខឆាករហូត ហើយពួកយើងបានណាត់ជួបគ្នារហូតដល់ពេលនេះ តែមិនដែលបានធ្វើអីឲ្យខុសឆ្គងប្រពៃណីខ្មែរនោះទេ។ តាមពិត ខ្ញុំមាន Fan​ច្រើនណាស់ តែខ្ញុំស្រលាញ់ជាតា ព្រោះគាត់ស្អាត មានចំណេះដឹងខ្ពង់ខ្ពស់ ត្រូវចិត្តខ្ញុំ ទោះជាគាត់កាចបន្ដិចក្ដី ឲ្យតែពេលខ្ញុំមិនស្រួលខ្លួន គឺគាត់ចាក់ថ្នាំឲ្យភា្លម។ ពេលនេះ ខ្ញុំសូមប្រកាសថា ទោះជាថ្ងៃក្រោយ ខ្ញុំល្បីជាងនេះ មានជ្រមើសល្អជាងនេះ ក៏ខ្ញុំនៅតែស្រលាញ់អូនជាតា ម្នាក់គត់ ព្រោះអូនជា ”រាជិនី” សម្រាប់បង”។

អ៊ីណូ មិនថ្លែងដែរថា ពេលបង្ហាញមុខគូស្នេហ៍នេះ រូបគេមិនព្រួយខ្លាចធ្លាក់កូដនោះឡើយ ខណៈពេលនេះទាន់បានភ្ជាប់ពាក្យជាមួយនាងញឹករតនៈ បញ្ញាសុជាតា នោះទេ តែតារាចម្រៀងរូបនេះបានប្រកាសថា នៅពេលដែលលោកត្រឡប់មកពីសម្ដែងច្រៀងនៅប្រទេសមួយ ក្នុងពេលឆាប់ៗនេះ នឹងរៀបចំមង្គលការនៅខេត្តបាត់ដំបង នឹងគ្រោងមកកាត់ចំណងដៃនៅភ្នំពេញ។

ព័ត៌មានបានឲ្យដឹងថា អនាគតភរិយាអ៊ីណូ បានប្រចណ្ឌតារាចម្រៀងអ៊ីណូ នៅពេលដែល Eno សម្ដែងឱបថើបស្រីស្អាតៗខ្លាំងដៃពេកនោះ។

អនាគតប្រពន្ធអ៊ីណូ នាងញឹករតនៈ បញ្ញាសុជាតា អាយុ២៥ឆ្នាំ បានឲ្យដឹងថា ”ខ្ញុំរៀនពេទ្យឆ្មប ចប់ហើយ បម្រើការងារនៅពេទ្យរដ្ឋខេត្តបាត់ដំបង និងគ្លីនិកឯកជនមួយ។ ខ្ញុំជឿជាក់ថា បងអ៊ីណូ ស្រលាញ់ខ្ញុំស្មោះ ហើយចំពោះរឿងគាត់ថតឱបថើបតារាស្រីៗនោះ ខ្ញុំធ្លាប់ប្រចណ្ឌដែរ តែមិនអីទេ គឺខ្ញុំបើកដៃឲ្យគាត់លេងសិល្បៈដោយសេរី តាមចិត្តដែលគាត់ស្រលាញ់ចុះ”៕