Loading...

ឱក សុគន្ធកញ្ញា នៅតែស្និទ្ធសុវណ្ណរាជ ទោះគូដណ្តឹងនៅក្បែរ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:32 pm

ឱក សុគន្ធកញ្ញា ធ្លាប់ត្រូវបានគេសង្ស័យថា នាងបានបង្កាត់ភ្លើងស្នេហាជាមួយតារាចម្រៀងក្រោនដំបូលតែមួយ បុរសសង្ហារោមទ្រូងច្រើន លោកឆន សុវណ្ណរាជ ដោយពួកគេធ្លាប់បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា តាមរយៈការច្រៀងរួមគ្នាលើឆាក ហើយឱបថើបគ្នា និងបានប្រកាសសារភាពស្នេហ៍នៅចំពោះមហាជនទៀតផង។

ប៉ុន្តែ ផ្ទុយទៅវិញ សុគន្ធកញ្ញា បានធ្វើឱ្យដាច់ចង្កេះសុវណ្ណរាជ ដោយសារនាងបានភ្ជាប់ពាក្យកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ជាមួយប្រុសដែលនាងស្រលាញ់ពិត ដែលមិនមែនជាសុវណ្ណរាជ ឡើយ តែជាមេតារាចម្រៀងរូបនេះ គឺលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន។

មហាជនជាច្រើនបានលើកឡើងថា ការលេងមួយក្បាច់របស់សុគន្ធកញ្ញា នៅពេលនេះ នឹងធ្វើឱ្យសុវណ្ណរាជ លែងហ៊ានស្និទ្ធស្នេហ៍ជាមួយកញ្ញា ទៀតជាមិនខានឡើយ ព្រោះថា អនាគតស្វាមីរបស់តារាចម្រៀងល្បីល្បាញរូបនេះ មិនមែនជារូបលោកឡើយ តែគឺជាមេរបស់សុវណ្ណរាជ ហេតុនេះហើយបើសុវណ្ណរាជ នៅតែហ៊ានស្និទ្ធសុគន្ធកញ្ញា ដោយឱបថើបលើឆាក និងប្រកាសស្នេហ៍ទៀតនោះ ច្បាស់ជាមានរឿងធំជាមិនខាន។ ប៉ុន្តែ ផ្ទុយពីការលើកឡើងទាំងនេះ ព្រោះថា កាលពីថ្ងៃទី២០ ខែកញ្ញា នេះ សុវណ្ណរាជ បានរៀបចំកម្មវិធីខួបកំណើតឱ្យនាងសុគន្ធកញ្ញា ដោយធ្វើនំខេកផ្គួបជាមួយលោកសុខលី ហើយលោករាជ បានអបអរដល់គូស្នេហ៍មេ និងកូនចៅនេះ សូមឱ្យស្រលាញ់គ្នាដល់ចាស់កោងខ្នងទៀតផង។ ទាំងឱក សុគន្ធកញ្ញា និងអនាគតស្វាមីលោកអ៊ឹង សុខលី បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង ពេលដែលត្រូវសុវណ្ណរាជ ធ្វើខួបឱ្យនេះ ដោយអ្នកទាំង២ ដែលនឹងក្លាយទៅជាប្តីប្រពន្ធគ្នាស្របច្បាប់នាពេលខាងមុខនេះ ញញឹមបិទមាត់មិនជិតឡើយ។

អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះ គឺក្រោយពីឆន សុវណ្ណរាជ បានរៀបចំធ្វើខួបកំណើតឱ្យឱក សុគន្ធកញ្ញា និងគូដណ្តឹងរបស់នាងហើយនោះ សុវណ្ណរាជ បានបណ្តើរសុគន្ធកញ្ញា ទៅប្រទេសជប៉ុនបាត់ ដោយអ្នកទាំង២ នៅតែបង្ហាញភាពស្និទ្ធស្នាលគ្នាដូចមុនដដែល តាមរយៈការជិះរថភ្លើង និងទូករួមគ្នា តែគេមិនឃើញសុវណ្ណរាជ ហ៊ានឱបថើបសុគន្ធកញ្ញា ដូចមុនទៀតទេ។

តាមអ្នកបម្រើការនៅហង្សមាស បានឱ្យដឹងថា សុគន្ធកញ្ញា និងសុវណ្ណរាជ ទៅជប៉ុន លើកនេះ មិនមែនទៅសាងស្នេហាអីជាមួយគ្នាឡើយ គឺពួកគេទៅថតកម្មវិធី “ឋានសួគ៍ក្រោមមេឃ” (Explore World) ហើយមិនមែនទៅ២នាក់ទេ គឺមានពិធីករលោកសាន ពិសាល និងអ្នកនាងប៊ុន កែវនិមល រួមដំណើរដែរ តែគ្មាននាងពេជ្រ ច័ន្ទធីតា ដែលជាពិធីការិនីក្នុងកម្មវិធីនោះ ត្រូវបានគេកោះហៅឱ្យទៅជាមួយឡើយ។

ប្រភពនោះបន្ថែមថា ក្រោយថតចប់ សុគន្ធកញ្ញា និងសុវណ្ណរាជ និងត្រូវវិលវិញឆាប់ៗនេះ ដោយគ្មានត្រូវការពន្យាពេលសាងអនុស្សារីយ៍អីច្រើនទេ ព្រោះថា អ្នកទាំង២នៅមានកិច្ចការជាច្រើនទៀត ត្រូវបំពេញនៅស្រុកខ្មែរ។

ឱក សុគន្ធកញ្ញា កាន់តែមានឥទ្ធិពលខ្លាំងជាងតារាចម្រៀងផ្សេងៗទៀតរបស់ផលិតកម្មរស្មីហង្សមាស ក្រោយពេលដែលនាងបានក្លាយទៅជាគូដណ្តឹងរបស់លោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស។ សុគន្ធកញ្ញា និងអនាគតស្វាមី បានទិញវីឡាទ្រនំស្នេហ៍តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេវីឡា ហើយអ្នកទាំង២ នឹងបានរួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខ។

អ្នកស្រីឌី សាវ៉េត តារាភាពយន្តជើងចាស់ បានហៅសុគន្ធកញ្ញា ថា ជាតារាដែលមាន “សំណាង” ព្រោះជិតក្លាយជាប្អូនថ្លៃថៅកែហង្សមាស  ដែលជាកក្រុមហ៊ុនធំជាងគេប្រមូលផ្តុំដោយសិល្បៈជាច្រើនផ្នែក ដោយអ្នកស្រី សាវ៉េត យល់ថា សុគន្ធកញ្ញា កាន់តែមានអំណោយផលច្រើនថែមទៀត ក្នុងការឈរជើងក្នុងអាជីពចម្រៀង។

ប៉ុន្តែមានការសន្និដ្ឋានថា សុគន្ធកញ្ញា  អាចខ្លាចធ្លាក់កូដ មិនហ៊ានរៀបការជាមួយលោក សុខលី ឆាប់ៗនោះទេ តែដំណឹងនេះត្រូវបានអ្នកស្រីអ៊ិន ថាច ម្តាយសុគន្ធកញ្ញា ច្រានចោល ដោយលោកស្រីយល់ថា កញ្ញា ជានារីខ្មែរ មិនអាចព្រោះតែភាពល្បីល្បាញហើយ សាងស្នេហ៍ដូចពួកអឺរ៉ុបបានទេ គឺត្រូវតែរៀបការនៅពេលវេលាសមស្របណាមួយនាពេលឆាប់ៗនេះ៕