Loading...

Miss Grand Cambodia 2018 ចំនួន២៧នាក់ ទៅចែកអាហារដល់កុមារ២៨៧នាក់ នៅខេត្តកំពង់ស្ពឺ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:05 pm

ស្រីស្អាតៗចំនួន២៧នាក់ របស់កម្មវិធី Miss Grand Cambodia 2018 ដឹកនាំដោយក្រុមហ៊ុន BKA បាននាំគ្នាយកចំណីអាហារទៅចែកជូនដល់កុមារដែលផ្ទុកមេរោគអេសដ៍ ចំនួន២៨៧នាក់ នៅ “សហគមន៍ផ្ទះជាក្រុមភូមិរបស់យើងនៃអង្គការក្ដីសង្ឃឹម ថ្មីនៃកម្ពុជា” (NHCC) នៅភូមិសុបិន្ទ ឃុំត្រពាំងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។

ពិធីករហូ ប៉ូសេង បានប្រាប់ថា កម្មវិធីសប្បុរសធម៌នេះបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន CP ដែលជាក្រុមហ៊ុនផ្ដោតទៅលើឧស្សាហកម្មចំណីសត្វកសិដ្ឋានពូជសត្វ និងច្នៃម្ហូបសាច់ស្រស់ ដោយគ្មានជំងឺដែលដំណើរការរយៈពេល១៨ឆ្នាំមកហើយ នៅប្រទេសកម្ពុជា។

Miss Grand Cambodia 2018 ចំនួន២៧រូបនោះ បានបង្ហាញភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ចំពោះក្មេងៗដែលផ្ទុកមេរោគអេសដ៍ គួរឲ្យអាណិតទាំងនោះ ដោយពួកគេបានបញ្ចុកអាហារដល់ក្មេងៗ ព្រមទាំងច្រៀងរាំឲ្យក្មេងទស្សនាទៀតផង។

លោកសុក ផល្លា នាយកប្រតិបត្តិ “សហគម៍ផ្ទះជាក្រុម ភូមិរបស់យើងនៃអង្គការក្ដីសង្ឃឹមថ្មីនៃកម្ពុជា” បានឲ្យដឹងថា “នេះជាកម្មវិធីសប្បុរសធម៌ដ៏ល្អប្រពៃមួយ របស់ក្រុមហ៊ុន CP ដើម្បីលើកទឹកចិត្តដល់ក្មេងៗទាំងអស់ នៅសហគមន៍មានអារម្មណ៍ថា ពួកគេមិនឯកោទេ គឺមានថ្នាក់ដឹកនាំក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ដល់ពួកគេដោយគ្មានការរើសអើង។ ខ្ញុំសូមថ្លែងអំណរគុណដល់លោកនាយក CP ដែលបាននាំយកអាហារមកចែកជួនប្អូនៗ បានញាំដោយឈ្ងុយឆ្ងាញ់នាពេលនេះ ហើយសូមឲ្យ CP កាន់តែមានអតិថិជនច្រើនទៀតគាំទ្រ”។

នេះមិនមែនជាលើកទី១ឡើយ ដែល Miss Grand Cambodia បានទៅទស្សនកិច្ចនៅ “សហគមន៍ផ្ទះជាក្រុម ភូមិរបស់យើងនៃអង្គការក្ដីសង្ឃឹមថ្មីនៃកម្ពុជា” នេះ ព្រោះកន្លងមក BKA បាននាំបេក្ខនារីជំនាន់មុន មកចែកអាហារដល់ប្អូនៗផ្ទុកមេរោគអេសដ៍ជាញឹកញាប់មកហើយ។

លោកបុណ្យកើដ អាំងអំនួយសិរិ ប្រធានក្រុមហ៊ុន BKA បានឲ្យដឹងថា “លោកបានដឹកនាំបេក្ខនារី​ Miss Grand Cambodia ៤លើកមកហើយ ដល់អង្គការក្ដីសង្ឃឹមថ្មីនៃកម្ពុជានេះ ដើម្បីឲ្យបេក្ខនារីទាំងអស់បានចូលរួមកម្មវិធីសប្បុរសធម៌ តាមរយៈការចែករំលែកអាហារដល់ប្អូនៗកុមារកំព្រា ដែលផ្ទុកមេរោគអេសដ៍ គួរឲ្យអាណិតទាំងនេះ។ យើងមិនឲ្យប្អូនៗឯកោទេ ហើយថ្ងៃនេះ យើងធ្វើការជាមួយ CP និងបេក្ខនារីរបស់យើង២៧រូប ដែលឈានទៅប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែកញ្ញា នេះ តាមទូរសទស្សន៍ MyTV។ ការចែកអាហារដល់ប្អូនៗឲ្យបានញាំសប្បាយជាមួយគ្នានេះយើងនឹងបន្តសកម្មភាពនេះទៅមុខទៀត តាមដែលអាចធ្វើទៅបាន៕