Loading...

ក្រសួងការពារជាតិ ៖ ចិន នឹងប្រើប្រាស់កម្លាំងទ័ព មិនឱ្យកោះតៃវ៉ាន់ ផ្តាច់ខ្លួនចេញ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:51 pm

ថ្លែងនៅក្នុងវេទិកា Xianshan នៅក្នុងទីក្រុងប៉េកាំង លោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងថា ទោះក្នុងតម្លៃណាក៏ដោយ ចិន នឹងប្រើប្រាស់កម្លាំងទ័ព ដើម្បីចាត់វិធានការទៅលើកោះតៃវ៉ាន់ ដែលប៉ុនប៉ងទាមទារឯករាជ្យផ្តាច់ខ្លួនចេញ ខណៈដែលទីក្រុងប៉េកាំង នៅតែអះអាងថា  ជាបូរណភាពទឹកដីរបស់ខ្លួន។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ នេះ។

លោក Wei Fenghe បានឱ្យដឹងទៀតថា “បញ្ហាកោះតៃវ៉ាន់ គឺវាជាប់ពាក់ព័ន្ធទៅនឹងសមាហរណកម្មអធិបតេយ្យភាព និងបូរណភាព ដែលពឹងផ្អែកទៅលើផលប្រយោជន៍ចិន តែមួយ”។

លោកបានថ្លែងសង្កត់ធ្ងន់ទៀតថា “កងទ័ពរបស់ប្រទេសចិន នឹងចាត់វិធានការណ៍ចាំបាច់ទៅលើក្រុមជនទាំងឡាយណា ដែលមានបំណងទាមទារឯករាជ្យផ្តាច់ខ្លួនចេញ បើទោះជាត្រូវចំណាយអស់ប៉ុន្មានក៏ដោយ”។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍ ប្រជាជនកោះតៃវ៉ាន់ រាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មទាមទារឯករាជ្យផ្តាច់ខ្លួនចេញពីចិន។

ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងចិន បានឡើងកម្តៅ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ចេះតែបញ្ជូននាវាចម្បាំងចូលមកកាន់ទឹកដីនេះ៕