Loading...

ខេមរៈ សិរីមន្ត ស្រលាញ់កូនស្រីស្ទើរលេប

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:45 pm

តារាចម្រៀងហង្សមាស ខេមរៈ សិរីមន្ត កាន់តែហ៊ានបង្ហាញមុខប្រពន្ធកូនជាងតារាផ្សេងៗទៀតមួយរយៈនេះ បន្ទាប់ពីរូបគេព្យាយាមលាក់អស់៩ឆ្នាំមក។ ជាមួយកាយវិការស្រលាញ់កូនស្រីរបស់ខ្លួន កុមារីខេមរៈ ស្ត្រី ដោយជូនទៅសាលារៀនផ្ទាល់នោះ កាលពីព្រឹកថ្ងៃទី២៨  ខែកញ្ញា នេះ សិរីមន្ត ក៏បាននាំកូនស្រីទៅវត្តធ្វើបុណ្យកាន់បិណ្ឌ ថ្ងៃទី២ ផងដែរ។

ខេមរៈ សិរីមន្ត បានថ្លែងភ្ជាប់ជាមួយរូបថតកូនស្រីថា “បានមួយវត្តហើយជាមួយសំណព្វចិត្ត កូនមន្ត ស្ត្រី សូមជូនបុណ្យឱ្យអ្នកទាំងអស់គ្នាផង”។

អ្នកគាំទ្រតារាចម្រៀងរូបនេះជាច្រើន បានចូលទៅបញ្ចោញយោបល់ ដោយសរសើរថា កូនស្រីខេមរៈ សិរីមន្ត ពិតជាគួរឱ្យស្រលាញ់ និងខ្លះទៀតថា ទោះជាតារារូបនេះ មានប្រពន្ធនិងកូន ទៅហើយក្តី ក៏ពួកគេនៅតែគាំទ្រសិរីមន្ត ដូចមុនដដែល។

ការបីកូនស្រីទៅវត្តរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នាពេលនេះ បន្ទាប់ពីមុននេះ សិរីមន្ត និងភរិយា បានចេញមុខសរសើរគ្នាទៅវិញទៅមក ដោយពួកគេអះអាងថា មិនអាចខ្វះគ្នាបានជាដាច់ខាត ទើបធ្វើឱ្យមហាជនច្របូកច្របល់ក្នុងចិត្តថា សិរីមន្ត នេះពិតជាចម្លែកជាងតារាដទៃទៀតមែន ព្រោះពេលលាក់ប្រពន្ធខុសគេ ដល់ទៅជិត១ទសវត្សរ៍ តែពេលបង្ហាញគិតតែពីសរសើរប្រពន្ធពេញៗមាត់ ហាក់ដូចជាផ្អែមល្ហែមហួស គឺពិតជាពិបាកស្មានមែន។

ប៉ុន្តែយ៉ាងណា តារាចម្រៀងដែលមានកូន៣នាក់ និងគេសង្ស័យថា ភរិយារបស់លោកនាងផល្លី កំពុងពពោះកូនទី៤នោះ នៅតែមិនទាន់កំណត់ពេលវេលានៃការចូលរោងការតាមប្រពៃណីខ្មែរ ឱ្យបានច្បាស់លាស់ឡើយ ខណៈដែលមុននេះ សិរីមន្ត ធ្លាប់អះអាងថា រូបគេបានរៀបការម្តងហើយ កាលពីឆ្នាំ២០០៩ ប៉ុន្តែការថ្លែងរបស់តារាចម្រៀងហង្សមាស នេះ មិនត្រូវបានគេជឿជាក់ច្រើនឡើយ ព្រោះថា រូបថតអាពាហ៍ពិពាហ៍របស់សិរីមន្ត មិនធ្លាប់ត្រូវបានបញ្ចោញដូចលោកព្រាប សុវត្ថិ និងភរិយានោះទេ។

តាមព័ត៌មានថា ក្រៅពីបីកូនស្រីទៅរាប់បាត្រនៅវត្តក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ខេមរៈ សិរីមន្ត ក៏បាននាំភរិយាអ្នកនាងផល្លី ទៅជាមួយដែរ ដែលបង្ហាញឱ្យឃើញថា គ្រួសារ១នេះកំពុងរស់នៅដោយសុភមង្គល ចំណែកក្រមុំៗទាំងឡាយដែលធ្លាប់ចាប់ឱបថើបសិរីមន្ត តាមឆាកតន្ត្រី  នោះ ព្រោះច្រឡំថា លោកប៊ុនថៃ នៅកំលោះបានត្រឹមខកចិត្ត៕