Loading...

ជ្រកភ្លៀងជុំគ្នា៦នាក់ រន្ទះបាញ់ស្លាប់៤ នៅស្រុកព្រៃនប់

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានសិល្បៈសង្គម និងជីវិត | | 0 | ម៉ោង 13:47 pm

ខេត្តព្រះសីហនុ ៖ ហេតុការណ៍បាតុភូតរន្ទះបាញ់ បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់យ៉ាងអាណោចអាធ័មនេះ បានកើតឡើងកាលពីវេលាម៉ោងជិត២រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចរោងស្នាក់នៅរបស់កម្មករសំណង់មួយកន្លែង ស្ថិតក្នុងការដ្ឋានសំណង់ ជិតវត្តសមាធិ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។

ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ទាំង៤នាក់ រួមមាន ទី១-ឈ្មោះសាន ក្រិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ទី២-ឈ្មោះទក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិព្រែកខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត ទី៣-ឈ្មោះទុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិព្រែកខ្មៅ ឃុំស្រែក្នុង ជុំគីរី ខេត្តកំពត និងទី៤-ឈ្មោះចាន់ សឿន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមេការសំណង់ មានស្រុកកំណើតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ មុខរបរមេការសំណង់។ ចំណែកជនរងគ្រោះទាំង២នាក់ ដែលរងរបួសធ្ងន់ រួមមាន ទី១-ឈ្មោះទុយ ឡែម ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិព្រែកខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត និងទី២-ឈ្មោះស រាម ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ សំណង់ មានស្រុកកំណើតនៅភូមិព្រែកខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះទាំងអស់ទើបតែមកស្នាក់នៅកន្លែងកើតហេតុ ខ្លះបាន៤ទៅ៥ថ្ងៃ ហើយខ្លះទៀត ទើបតែបាន១ថ្ងៃប៉ុណ្ណោះ ដើម្បីធ្វើការសំណង់។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ នៅក្នុងភូមិសាស្ត្រកើតហេតុ បានធ្លាក់ភ្លៀងមួយមេធំ ទើបធ្វើឱ្យជនរងគ្រោះទាំង៦នាក់ បាននាំគ្នារត់ចូលទៅជ្រកភ្លៀងនៅក្នុងរោងស្នាក់នៅសិន ស្រាប់តែមិនបានប៉ុន្មានផង ក៏កើតមានបាតុភូតរន្ទះបាញ់ បណ្តាលឱ្យមនុស្ស៤នាក់បានស្លាប់នៅនឹងកន្លែងភ្លាមៗ ចំណែក២នាក់ទៀតទទួលរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕