Loading...

តុលាការពិភពលោក បញ្ជាឱ្យសហរដ្ឋអាមេរិក កុំដាក់ទណ្ឌកម្មមនុស្សធម៌ទៅលើអ៊ីរ៉ង់

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានសិល្បៈ | | 0 | ម៉ោង 18:07 pm

កាលពីថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ តុលាការពិភពលោក បានបញ្ជាឱ្យសហរដ្ឋអាមេរិក ត្រូវតែធានាថា ការដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ គឺមិនប៉ះពាល់ទៅដល់ជំនួញមនុស្សធម៌ ឬក៏សុវត្ថិភាពអាកាសចរស៊ីវិល។

នេះបើយោងតាមប្រភពព័ត៌មាន Reuters  ចេញផ្សាយកាលពីថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។

ចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បានផ្តល់ជ័យជម្នះទៅឱ្យប្រទេសអ៊ីរ៉ង់ ដែលបានលើកឡើងថា ការដាក់ទណ្ឌកម្មចាប់តាំងពីខែឧសភា ដោយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺរំលោភទៅនឹងសន្ធិសញ្ញាឆ្នាំ១៩៥៥ រវាងប្រទេសទាំងពីរ។

សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រទេសអ៊ីរ៉ង់ សាជាថ្មី ក្រោយពេលដែលខ្លួនប្រកាសដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥ កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ។

ICJ គឺជាតុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ សម្រាប់ដោះស្រាយជម្លោះរវាងប្រទេសនិងប្រទេស ប៉ុន្តែគ្មានសិទ្ធិអំណាច ដើម្បីបង្ខំឱ្យពួកគេគោរពតាម ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រងើយកន្តើយទៅនឹងសេចក្តីសម្រេចរបស់តុលាការ។

ទោះជាយ៉ាងណាក្តី តុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ នៅតែទទូចសុំឱ្យការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កុំឱ្យប៉ះពាល់ទៅដល់ជំនួយមនុស្សធម៌ ដូចជា ថ្នាំពេទ្យ គ្រឿងបរិក្ខាពេទ្យ ម្ហូបអាហារ សម្ភារៈកសិកម្ម ព្រមទាំងទំនិញ និងសេវាកម្មមួយចំនួន សម្រាប់បម្រើឱ្យវិស័យសុវត្ថិភាពអាកាសចរស៊ីវិល។

បើទោះជាមានការរិះគន់ពីអន្តរជាតិយ៉ាងណាក្តី ទីក្រុងវ៉ាស៊ីនតោន គឺមិនងាកថយក្រោយនោះទេ ផ្ទុយទៅវិញ ទណ្ឌកម្មថ្មីៗជាច្រើននឹងចូលជាធរមាន ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ដោយផ្តោតអារម្មណ៍ធំបំផុត ទៅលើការនាំប្រេងចេញរបស់ប្រទេសអ៊ីរ៉ង់៕