Loading...

តើសួស វីសា ក្រសោបតំណែងឱក សុគន្ធកញ្ញា បានអត់?

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:25 pm

ការត្រៀមខ្លួនរៀបការប្តីរបស់ឱក សុគន្ធកញ្ញា ជាមួយលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នោះ បានបើកផ្លូវឱ្យតារាចម្រៀងសួស វីសា អាចសម្រេចក្តីស្រមៃក្លាយទៅជាតារាចម្រៀងសំខាន់ម្នាក់ នៅហង្សមាស បានជាមិនខាន ព្រោះថា សមត្ថភាពនាងសួស វីសា ត្រូវបានមហាជនមើលឃើញថា នាងមិនចាញ់សុគន្ធកញ្ញា នោះឡើយ។

អតីតតារាចម្រៀងផលិតកម្ម Rock និងជាម្ចាស់ពាន Rock Star កាលពីឆ្នាំ២០០៥ របស់ CTN នាងសួស វីសា ធ្លាប់អះអាងថា នាងមិនមានចេតនា ចង់ប្រជែងឱក សុគន្ធកញ្ញា នោះឡើយ ប៉ុន្តែមានក្តីស្រមៃចង់បានតំណែងលេខ២ នៅហង្សមាស ពោលគឺបន្ទាប់ពីសុគន្ធកញ្ញា គឺរូបនាងតែម្តង ប៉ុន្តែបំណងប្រាថ្នារបស់វីសា នេះ ត្រូវបានរលាយក្តីសង្ឃឹមជាច្រើនឆ្នាំ ដោយសារតែនៅហង្សមាស ពេជ្រ សោភា នៅតែមានភាពប្រដមប្រសងខ្លាំងជាមួយឱក សុគន្ធកញ្ញា នៅឡើយ ខណៈដែលវីសា ទៅមិនរួចនោះទេ រយៈពេលជាង៧ឆ្នាំ ដែលនាងឈរជើងនៅហង្សមាស នេះ។ ប៉ុន្តែការដកសុគន្ធ និសា ចេញដោយដាក់សួស វីសា ចូលកាន់ក្នុងតំណែង The Voice Kids Cambodia នោះ គឺបើកផ្លូវឱ្យតារាចម្រៀងវីសា អាចស្តារមុខមាត់ ហើយនឹងមានឱកាសបានងើបមុខមាត់ឡើងវិញជាមិនខាន ខណៈដែលឱក សុគន្ធកញ្ញា តាំងពីបានភ្ជាប់ពាក្យជាមួយប្អូនលោកថៅកែហង្សមាស កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មក ពេលនេះ នាងគិតតែផ្តោតលើការដើរកម្សាន្តជាមួយសង្សារថ្មី លោកសុខលី នៅបរទេសច្រើនជាងការថតបទចម្រៀងថ្មីៗ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ប្រសិនបើនាងវីសា មានបទថ្មីៗថែមទៀតពីលើតំណែងជាគ្រូបង្វឹកនោះ ទើបមានន័យថា ហង្សមាស បានយកចិត្តទុកដាក់ចំពោះនាងមែន តែបើបានតំណែងជំនួសនិសា ហើយគ្មានបទថ្មីៗច្រៀងនោះទេ វីសា អាចនៅទ្រឹងបន្តទៅទៀតជាមិនខានឡើយ ព្រោះថា ពេលនេះ ហង្សមាស មានតារាចម្រៀងច្រើនពេក ហេតុនេះហើយតារាល្បីមួយចំនួនបានងាកទៅធ្វើបទចម្រៀងរៀងៗខ្លួនដែរ ដើម្បីទប់ទល់ទីផ្សារចម្រៀងរបស់ពួកគេ។

ដោយឡែក ឱក សុគន្ធកញ្ញា បើទោះជាគ្មានបទថ្មីចេញសោះ ក៏នាងនៅតែជាអ្នកចម្រៀងដែលមានប្រៀបជាងតារាផ្សេងទៀតដែរ ព្រោះថា អនាគតស្វាមីនាង លោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស នោះ បានប្រគល់កម្មវិធីលំដាប់ថ្នាក់ពិភពលោក ដល់ទៅ៣ព្រមគ្នា ឱ្យនាងកាន់នោះ គឺ The Voice Cambodia ,The Voice Kids Cambodia និង Cambodian Idol អ៊ីចឹងទាំងសួស វីសា ឬតារាស្រីផ្សេងទៀត នៅតែមិនអាចប្រៀបផ្ទឹមជាមួយសុគន្ធកញ្ញា បានដដែល។

មតិមួយចំនួនលើកឡើងផងដែរថា កុំឃើញឱក សុគន្ធកញ្ញា គិតតែនាំសង្សារថ្មីដើរលេងនៅក្រៅប្រទេសថា នាងអាចបណ្តោយឱ្យតារាស្រីផ្សេងយកតំណែងនោះ គឺគិតស្មានខុសហើយ ផ្ទុយទៅវិញ ពេលដែលសុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃលោកថៅកែហង្សមាស នេះហើយ ដែលធ្វើឱ្យនាងកាន់តែត្រូវបានហង្សមាស លើកជាងគេ នឹងមិនឱ្យតារាស្រីណាផ្សេងទៀតនៅលើនាងបានឡើយ។

សួស វីសា មានទឹកដមសំឡេងក្រអួនក្រអៅដែលអាចច្រៀងបានជាច្រើនទម្រង់ ហើយនៅឆ្នាំ២០១៨នេះ នាងក៏បានដំឡើងតម្លៃខ្លួន លើសកាលពីឆ្នាំមុនៗផងដែរ ពោលគឺច្រៀង១កម្មវិធី ស៊ីថ្លៃជាង២ពាន់ដុល្លារ។ គេកត់សម្គាល់ថា តាំងពីសួស វីសា បានផ្តាច់ពាក្យពីគូដណ្តឹង លោកមាស សាឡី មក តារាចម្រៀងមានស្រុកកំណើតនៅខេត្តស្វាយរៀង នេះ ធ្លាប់ប៉ះស្នេហ៍ដ៏រសើប ដោយត្រូវលោកឆាំ ឆាន្នី ចោទថា នាងមានស្នេហាជាមួយលោកនាយករដ្ឋមន្ត្រី ធ្វើឱ្យវីសា ភ័យបះសក់ច្រូង រហូតរត់រកមេធាវីឱ្យជួយអន្តរាគមន៍ទៀតផង។ ប៉ុន្តែពេលនេះ អំឡុងពេលដែលវីសា មានយីអ៊ុនឡើងខ្ពស់បានកាន់តំណែងធំជំនួសនាងសុគន្ធ និសា មកចំណងស្នេហាថ្មីរបស់នាងជាមួយប្រុសក្មេងប៊ុនថុល ប៊ុនថង ហៅថមមី ក៏កាន់តែបើកជាចំហដែរ ដោយថ្មីៗនេះ ប្រុសក្មេងរូបសង្ហាលោកថមមី ថែមទាំងបានប្រកាសជាចំហទៀតផងថា លោកស្រលាញ់តែអូនវីសា ម្នាក់គត់ ដោយគ្រោងនឹងរៀបការជាមួយនាង នាពេលខាងមុខនេះទៀតផង ព្រោះថាពេលនេះ ចាស់ទុំទាំងសងខាងបានដឹងឮរឿងពួកគេស្រលាញ់គ្នានោះអស់ទៅហើយ បើទោះជាមិនទាន់ធ្វើពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ ក៏ដោយ៕