Loading...

ត្រាំ គំរាមដើរចេញពីសន្ធិសញ្ញាសង្គ្រាមត្រជាក់ជាមួយរុស្ស៊ី

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 16:31 pm

យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដកខ្លួនចេញពីសន្ធិសញ្ញាសករាជសង្គ្រាមត្រជាក់ ដែលជាសន្ធិសញ្ញាលុបបំបាត់កម្មវិធីមីស៊ីលនុយក្លេអ៊ែរ ចេញពីតំបន់អឺរ៉ុប ដោយសារតែលោកយល់ឃើញថា ប្រទេសរុស្ស៊ី គឺជាអ្នករំលោភទៅលើសន្ធិសញ្ញានេះ។

ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរដ្ឋណេវេដា នៅក្នុងពិធីជួបជុំគ្នាមួយ កាលពីថ្ងៃអាទិត្យ ថា ជាសំណាងអាក្រក់ ប្រទេសរុស្ស៊ី មិនបានផ្តល់កិត្តិយសដល់កិច្ចព្រមព្រៀងនេះទេ ដូច្នេះសហរដ្ឋអាមេរិក និងលុបចោលកិច្ចព្រមព្រៀងនេះ ឬក៏ត្រូវដកខ្លួនចេញតែម្តង។

ជាការឆ្លើយតបទៅនឹងការគំរាមរបស់លោកដូណាល់ ត្រាំ លោក Sergeiryabkov អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងដែរថា  ការសម្រេចចិត្តដកខ្លួនចេញជាឯកតោភាគីរបស់សហរដ្ឋអាមេរិក វាគឺជាគ្រោះថ្នាក់មួយ ហើយអាចនាំទៅរកការសងសឹកបច្ចេកទេសយោធា។

សន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរ រយៈចម្ងាយអន្តរ-មធ្យម ត្រូវបានចរចាដោយលោករ៉ូណាល់ រីហ្គេន អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងអតីតមេដឹកនាំសូវៀត លោក Mikhail  Gorbachev កាលពីឆ្នាំ១៩៨៧ បានតម្រូវឱ្យមានការលុបចោលនុយក្លេអ៊ែរ រយៈចម្ងាយខ្លី  និងមធ្យម សន្ធិសញ្ញានោះបានហាមឃាត់មីស៊ីល រយៈចម្ងាយមធ្យម បាញ់ចេញពីដី ក្នុងចន្លោះពី៥០០ទៅ៥៥០០គីឡូម៉ែត្រ។

លោក Gorbachev ដែលបច្ចុប្បន្នមានវ័យ៨៧ឆ្នាំ បាននិយាយថា វាគឺជាកំហុសមួយដ៏ធំសម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដកខ្លួនចេញពីសន្ធិសញ្ញានេះ ហើយវាអាចធ្វើឱ្យអន្តរាយដល់ការងារដល់លោកដូណាល់ ត្រាំ និងសមភាគីរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ចប់សង្គ្រាម។

ក្រោយពីមានការគំរាមរបស់សហរដ្ឋអាមេរិក លោកវ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា លោកកំពុងតែស្វែងរកការពន្យល់បន្ថែមពីលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ដែលមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី៕