Loading...

ត្រាំ បញ្ជូនកងទ័ព៥២០០នាក់ ទប់ស្កាត់ជនអន្តោប្រវេសន៍

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:04 pm

កាលពីថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានសម្រេចបញ្ជូនទាហាន ចំនួន៥២០០នាក់ ទៅការពារព្រំដែនជាមួយ ជាប់ជាមួយប្រទេសម៉ិកស៊ិក ស្របពេលដែលជនអន្តោប្រវេសន៍មកពីអាមេរិកកណ្តាល រាប់ពាន់នាក់ កំពុងសម្រុកចូលមកទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ ២០១៨។

ការសម្រេចចិត្តបញ្ជូនទាហានដ៏ច្រើនសន្ធឹកសន្ធាប់ ទៅដាក់ពង្រាយនៅតាមបណ្តោយព្រំដែនជាប់ប្រទេសម៉ិកស៊ិក របស់រដ្ឋបាលលោកដូណាល់ ត្រាំ គឺជាការពង្រឹងជំហររបស់ខ្លួន ស្តីអំពីការទប់ស្កាត់ជនអន្តោប្រវេសន៍ មុនពេលការរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខ។

ទំហំនៃការដាក់ពង្រាយកងទ័ពដ៏ច្រើនបែបនេះ គឺស្មើទៅនឹងការដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីលោកដូណាល់ ត្រាំ កំពុងតែមានការយកចិត្តទុកដាក់ខ្លាំងទៅលើគោលនយោបាយជនអន្តោប្រវេសន៍ ដែលតែងតែលួចឆ្លងចូលតាមច្រកព្រំដែនប្រទេសម៉ិកស៊ិក ចូលមកកាន់សហរដ្ឋអាមេរិក។

លោក Terrence មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក បាននិយាយថា “ទាហានចំនួន៨០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវទៅកាន់ព្រំដែនរដ្ឋតិចសាស់ និងជាច្រើននាក់ទៀត  ត្រូវបានយកទៅដាក់នៅបណ្តោយព្រំដែន រដ្ឋកាលីហ្វ័រនីញ៉ា និងអារីហ្សូណា”។

មេបញ្ជាការដដែលនេះ បានឱ្យដឹងទៀតថា “លោកប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ចោញទស្សននយោបាយច្បាស់លាស់ថា សន្តិសុខតាមបណ្តោយព្រំដែន គឺជាសន្តិសុខរបស់ជាតិ”។

គោលនយោបាយប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ បានធ្វើឱ្យលោកដូណាល់ ត្រាំ ឈ្នះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦ ឥឡូវនេះ លោកបានបន្តធ្វើគោលនយោបាយទប់ស្កាត់ជនអន្តោប្រវេសន៍មកពីអាមេរិកកណ្តាល  នៅក្នុងយុទ្ធនាការបោះឆ្នោតនៅពេលខាងមុខ។

ប្រធានាធិបតី លោកដូណាល់ ត្រាំ បានថ្លែងថា “សហរដ្ឋអាមេរិក នឹងកសាងទីក្រុងសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ជាជាងបណ្តេញឱ្យពួកគេ ត្រឡប់ទៅវិញ”៕