Loading...

ថាក់ស៊ីន មានជំនឿចិត្តថា គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ នឹងឈ្នះឆ្នោត

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:43 pm

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍ ទី18 ខែតុលា ឆ្នាំ2018 លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបណ្តេញចេញពីតំណែង បានថ្លែងថា គណបក្សគាំទ្រប្រជាធិបតេយ្យ អាចនឹងផ្តួលគណបក្សគាំទ្រដោយពួកយោធា នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ2019ខាងមុខនេះ ប្រសិនបើដំណើរការបោះឆ្នោតនោះ វាប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។

លោកថាក់ស៊ីន បានបន្តថា “ខ្ញុំគិតថា គណបក្សគាំទ្រប្រជាធិបតេយ្យ រួមកម្លាំងគ្នា នឹងឈ្នះការបោះឆ្នោត បានច្រើនជាង300កៅអី នៅក្នុងចំណោមកៅអីសរុប500។ វាគឺជាពេលវេលាមួយសម្រាប់អ្នកបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំត្រឹមត្រូវ និងដើម្បីផ្តួលរំលំមេដឹកនាំផ្តាច់ការយោធា នៅក្នុងប្រទេសថៃ”។

យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញ2017  ដើម្បីឈ្នះតំណែងនាយករដ្ឋមន្ត្រី គណបក្សសម្ព័ន្ធគាំទ្រប្រជាធិបតេយ្យ ត្រូវការសំឡេង376កៅអី នៅក្នុងរដ្ឋសភា។

អតីតនាយករដ្ឋមន្ត្រី វ័យ69ឆ្នាំ ដែលត្រូវបានគេបណ្តេញចេញពីតំណែង ក្នុងការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ2006 បាននិយាយថា “គណបក្សរបស់លោកធ្លាប់ទទួលជ័យជម្នះរៀងរាល់ការបោះឆ្នោតថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ2001 ហើយសង្ឃឹមថា ការបោះឆ្នោត នៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ គណបក្សរបស់លោកនៅតែទទួលបានជ័យជម្នះ”។

ទោះជាយ៉ាងណាក្តី លោកថាក់ស៊ីន និងប្អូនស្រីរបស់លោក អ្នកស្រីយីងឡាក់ ដែលជាអតីតនាយករដ្ឋមន្ត្រី បានសម្តែងក្តីបារម្ភថា ការបោះឆ្នោតក្រោមច្បាប់របស់ពួកយោធា យើងមិនអាចរំពឹងថា វានឹងទទួលបាននៅប្រជាធិបតេយ្យពិតប្រាកដ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ។

លោកថាក់ស៊ីន ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ2001-2006 ខណៈលោកស្រីយីងឡាក់ បានឡើងកាន់កាប់តំណែងនាយករដ្ឋមន្ត្រី ពីឆ្នាំ2001-2014៕