Loading...

នៅ សុនិតា មិនព្រមសារភាពស្នេហ៍ទិត ថាវរិទ្ធ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 15:18 pm

តួឯកស្រីក្នុងរឿង “អច្ឆរិយអង្គរ” នាងនៅ សុនិតា ដែលបង្ហាញភាពស្អិតល្មួតជាមួយអតីតអគ្គនាយករងប៉ុស្តិ៍បាយ័ន លោកទិត ថាវរិទ្ធ ដោយទាំងក្នុង និងក្រៅសិល្បៈ សុទ្ធតែចាត់ទុកថា អ្នកទាំង២ជាគូស្នេហ៍នោះ រហូតមកដល់ពេលនេះ មានរយៈពេល៦ខែទៅហើយ តែទាំងស្រីស្រស់នៅ សុនិតា និងលោកថាវរិទ្ធ មិនព្រមសារភាពស្នេហ៍ឡើយ បើទោះជាមុននេះ មានដំណឹងថា ពួកគេបានភ្ជាប់ពាក្យជាមួយគ្នា តាំងពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ក្តី។

នៅ សុនិតា ធ្លាប់អះអាងថា  ដំណឹងនៃការភ្ជាប់ពាក្យរវាងនាង និងលោកថាវរិទ្ធ នោះ មិនមែនជាការពិតនោះទេ ហើយនាងស្និទ្ធស្នាលគ្នាជាមួយលោកថាវរិទ្ធ តែពេលបំពេញការងារជាមួយគ្នាប៉ុណ្ណោះ ខណៈដែលលោកថាវរិទ្ធ វិញ ព្យាយាមមិនឆ្លើយតបជាមួយអ្នកកាសែត ពាក់ព័ន្ធរឿងនោះឡើយ ដោយរាល់លើក ឆ្លើយថា ជាប់ប្រជុំរហូត។

ទោះជាយ៉ាងណា គេថា “ដំរីស្លាប់ មិនអាចយកចង្អេរទៅបាំងជិត” នោះឡើយ ហេតុនេះហើយរឿងស្នេហានៅ សុនិតា និងលោកទិត ថាវរិទ្ធ នោះ ក៏នៅតែត្រូវបានតារាសិល្បៈជាច្រើននៅតែខ្សឹបខ្សៀវគ្នាថា ពួកគេបានបង្កាត់ភ្លើងស្នេហាជាមួយគ្នា តែមិនព្រមទទួលស្គាល់។

ប្រភពនោះបានឱ្យដឹងថា នៅ សុនិតា និងលោកទិត ថាវរិទ្ធ ថែមទាំងបានទិញវីឡាទ្រនំស្នេហ៍នៅគម្រោងទី៨ បុរីប៉េងហួត (បឹងស្នោ) ក្បែរគ្នា ទៅនិងវីឡារបស់អតីតគូស្នេហ៍លោក ថាវរិទ្ធ គឺនាងស៊ឹម សូលិកា និងសង្សារថ្មី លោកអេង រិទ្ធី ទៀតផង។ ប៉ុន្តែ ដំណឹងនៃការទិញវីឡាទ្រនំស្នេហ៍តម្លៃជាង៣០ម៉ឺនដុល្លារនេះ ត្រូវបានសុនិតា ប្រកែកញ៉ាញតែម្តង។

នៅ សុនិតា ធ្លាប់ត្រូវបានតារាចម្រៀងតារា នីតា បកអាក្រាតថា នាងមានប្រុសស្នេហ៍ច្រើន រហូតមិនអាចចាំអស់ទៀតផង ក្នុងនោះ គ្រាន់តែនាងសុនិតា រៀបរាប់ត្រួសៗនោះ មានដូចជា លោកផ្កាយ៣, ផ្កាយ៤ និងកូនថៅកែអចលនទ្រព្យ ជាដើម ដែលធ្វើឱ្យនាងសុនិតា ទទួលបានកាដូពីគូស្នេហ៍ នូវផ្ទះវីឡាមួយខ្នង តម្លៃជាង២០ម៉ឺនដុល្លារ នៅក្បែរផ្សារទំនើបអ៊ីអនម៉ល សែន សុខ។ ប៉ុន្តែ អំឡុងពេលដែលរឿងស្នេហានៅ សុនិតា និងលោកផ្កាយ៤ ត្រូវបានបែកធ្លាយ ព្រោះតែមន្ត្រីធំនោះចូលទៅអន្តរាគមន៍ស្រីស្អាតសុនិតា ដល់ព្រលានយន្តហោះពោធិ៍ចិនតុង ដោយគ្មានការឆែកឆេរតាមការអះអាងរបស់នាងតារា នីតា នោះ ស្រាប់តែពេលនេះ អតីតសង្សារអ្នកដឹកនាំកម្មវិធីសិល្បៈរបស់ប៉ុស្តិ៍លេខ៥ម្នាក់នោះ បែរជាមកផ្ទុះរឿងស្នេហាជាមួយលោកទិត ថាវរិទ្ធ កក្រើកពេញចង្កោមអ្នកសិល្បៈ និងមហាជនទៅវិញ។

តារាសិល្បៈមួយចំនួន យល់ថា នៅ សុនិតា អាចនឹងឡើងងារ “ជំទាវ” ជាមិនខាន ប្រសិនណានាងព្រមរៀបការជាមួយលោកទិត ថាវរិទ្ធ នោះ ព្រោះតាមដំណឹងថា សង្សារចាស់អ្នកនាងសូលិកា នេះ ត្រៀមឡើងឋានៈខ្ពស់នៅក្រសួងវប្បធម៌ ដោយបានតំណែងជាឯកឧត្តមទៀតផង។ ប៉ុន្តែគូស្នេហ៍ដែលមានវ័យខុសគ្នា នៅ សុនិតា និងលោកទិត ថាវរិទ្ធ នេះ ហាក់មានភាពច្របូកច្របល់ក្នុងចិត្តខ្លាំងណាស់ ព្រោះថា លោកទិត ថាវរិទ្ធ ទើបតែបែកបាក់ស្សារាចាស់ អ្នកមេម៉ាយស៊ឹម សូលិកា ព្រោះតែតារាកូន១នេះ ទៅភ្ជាប់ស្នេហ៍ថ្មីជាមួយអេង រិទ្ធី នោះ ស្រាប់តែពេលនេះ សុនិតា ស្មគ្រ័ចិន្តាចូលខ្លួនមកស្អំរបួសបេះដូងអតីតប្តី អ្នកនាងលី ម៉ារីណា នេះទៅវិញ។

អ្វីដែលស្ទើរតែមិនគួរឱ្យជឿនោះ គឺគូស្នេហ៍នេះមានភាពកាច់កុងគ្នាខ្លាំង រហូតដល់ទិញវីឡា ក៏មិនឱ្យនៅឆ្ងាយគ្នាប៉ុន្មានដែរ គឺអាចអើតមើលគ្នាឃើញតែម្តង។

តារាមួយចំនួននិយាយថា លោកទិត ថាវរិទ្ធ មានចេតនាចង់បញ្ឈឺចិត្តអតីតសង្សារ អ្នកនាងស៊ឹម សូលិកា ដែលទៅភ្ជាប់ស្នេហ៍ជាមួយអតីតកូនចៅលោក គឺអេង រិទ្ធី នោះ ទើបភ្ជាប់ស្នេហ៍ជាមួយស្រីក្មេងនៅ សុនិតា ដើម្បីឱ្យគេស្ញប់ស្ញែងថា អតីតអគ្គនាយករងបាយ័ន រូបនេះ បែកចាស់ភ្លាម រកបានក្មេងសាច់សខ្ចីភ្លែត។

ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះ ដំណឹងនៃការចូលរោងការរបស់នាងនៅ សុនិតា និងលោកទិត ថាវរិទ្ធ នៅតែមិនទាន់លេចចេញឡើយ ហើយទស្សនិកជនរង់ចាំមើលថា តើអ្នកទាំង២ ព្រមសារភាពស្នេហ៍ និងហ៊ានបណ្តើរគ្នាជាចំហ លែងថតឱបគ្នាហើយបិទស្ទីកគ័រលើមុខលោកថាវរិទ្ធ ទៀត?៕