Loading...

បបួលកូនស្រីគេទៅរួមរ័ក ខឹងម៉ែតាមទាន់ បើករថយន្តដេញបុក

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 17:45 pm

ភ្នំពេញ ៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង ៤០នារីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។

នារីរងគ្រោះ ដែលត្រូវប្រុសព្រានចាប់ អូសដៃចូលរថយន្ត ប្រុងនាំយកទៅរំលោភ មិន ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែ ពិនិត្យតាមភិនភាគមានវ័យមិនទាន់ដល់២០ឆ្នាំ នៅឡើយ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្រុមជនបង្កហេតុ មានគ្នា២នាក់ មិន ស្គាល់អត្តសញ្ញាណដូចគ្នា មានវ័យប្រមាណជាង ២០ឆ្នាំ បើកបររថយន្តមួយគ្រឿង ម៉ាកកាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2B-6323។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ នាងកំពុងអង្គុយ លេងតែម្នាក់ឯង នៅលើចិញ្ចើមផ្លូវមុខផ្ទះអ្នកជិតខាង ស្រាប់តែបន្តិចក្រោយមក ក៏លេចជនសង្ស័យទាំង២នាក់ខាងលើ បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ មកឈប់ក្បែរនាង រួចក៏ហៅនាងឱ្យឡើងឡាន ប្រាប់ថា មកទៅដើរលេង។ ពេលនោះ នាងបានសួរទៅជនសង្ស័យថា “ពូឯងមកពីណាមកហៅខ្ញុំទៅដើរលេង មិនដែលស្គាល់គ្នាផង?”។ ស្រាប់តែជនសង្ស័យម្នាក់ បានចុះពីលើរថយន្ត ស្ទុះមកចាប់អូសដៃនាង រួចនិយាយថា តោះទៅដេក តែនាងមិនព្រម ក៏ព្យាយាមរើបម្រះ រួចក៏រត់ទៅ ហៅបងប្រុសរបស់នាងឱ្យមកជួយ ស្រាប់តែភ្លាមនោះ បក្ខពួកជនសង្ស័យម្នាក់ទៀត ដែលនៅក្នុងរថយន្ត បានទាញដែក១ដើម បម្រុងមក វាយបងរបស់នាង ធ្វើឱ្យបងនាងភ័យ ក៏ប្រញាប់រត់ទៅហៅឪពុកម្តាយរបស់នាងមកជួយ។

ក្មេងស្រីរងគ្រោះបន្តថា លុះពេលម្តាយ របស់នាងមកដល់ សាកសួរ ស្រាប់តែជនសង្ស័យ ទាំង២នាក់ បានស្រែកដាក់ម្តាយនាងថា កុំចេះ ទើបម្តាយនាងខឹងក៏ជេរបញ្ចោរ ស្រាប់តែភ្លាម នោះ ជនសង្ស័យខឹង ក៏បើករថយន្តដេញបំបុក ឪពុកម្តាយរបស់នាងទាំងកំរោល តែសំណាងល្អ មិនបណ្តាលឱ្យរងរបួស គ្រាន់តែធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងមកជួយួអន្តរាគមន៍ ព័ទ្ធវ៉ៃជនសង្ស័យទាំង២នាក់ខាងលើ បណ្តាលឱ្យបែកមុខបែកមាត់តែម្តង។

ចំណែកស្ត្រីជាម្តាយរបស់នារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៨ គាត់បានដកទូរស័ព្ទពីកូនស្រី (នារីរងគ្រោះ) ទុក ព្រោះមិនចង់ឱ្យនាងលេងច្រើន ខ្លាចខូចភ្នែកផង ណាមួយនាងនៅក្មេង កំពុងរៀនសូត្រផង។ លុះពេលគាត់ដកទូរស័ព្ទ ទុក ស្រាប់តែកូនស្រីនេះ ក៏ខឹងអន់ចិត្តដើរចេញពីផ្ទះទៅអង្គុយលេងតែម្នាក់ឯងនៅចំណុចមុខផ្ទះយាយលក់បបរ ដែលជាអ្នកក្បែរខាងគ្នា។

ស្ត្រីជាម្តាយនារីរងគ្រោះបន្តថា ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ កូនប្រុសរបស់គាត់ម្នាក់ បានរត់មកប្រាប់ថា មានគេចាប់ប្អូនស្រីដាក់ចូលឡាន ទើបគាត់ និងប្តីប្រញាប់ ស្ទុះរត់ទៅមើល។ លុះទៅដល់កន្លែងកើតហេតុ គាត់ក៏ប្រទះឃើញជនសង្ស័យពិតជាកំពុងចាប់ប្រទាញប្រទង់កូនស្រីរបស់គាត់បម្រុងដាក់ចូលឡានមែន ទើបគាត់សាកសួរថា “ឯងមកពីណា ហេតុអ្វីបានជាមកចាប់កូនស្រីគេដាក់ឡានចឹង?” ពេលនោះ ជនសង្ស័យក៏ឆ្លើយតបថា កុំមកចេះ គេនាំនាងទៅដេក។ ភ្លាមនោះ គាត់ខឹងពេក ក៏ស្រែកជេរបញ្ចោរជនសង្ស័យ ធ្វើឱ្យផ្អើលដល់ អ្នកភូមិចេញមកចោមរោមមើល ស្រាប់តែ ជនសង្ស័យក៏ទាញដំបងដែកដេញវាយគេឯង ពេញផ្លូវ រួចក៏រត់ចូលទៅក្នុងរថយន្តវិញ និងបានបើកថយក្រោយ ប៊ិះកិនគាត់ជាម្តាយបាក់ ជើងទៀត រួចហើយជនសង្ស័យក៏បើករថយន្ត ចេញទៅបានប្រមាណជាង៥០ម៉ែត្រ ស្រាប់តែមិនដឹងជាយ៉ាងម៉េចក៏បកក្បាលរថយន្តត្រឡប់មកវិញ រួចព្យាយាមបើកដេញបំបុកពួកគាត់ ជាឪពុកម្តាយក្មេងស្រីរងគ្រោះ រួមនិងអ្នកភូមិ ដែលចេញមកជួយ ធ្វើឱ្យកើតមានការផ្អើល ឆោឡោយ៉ាងខ្លាំង។ ភ្លាមនោះ ប្តីរបស់គាត់បាន រត់ទៅពួនកៀនបង្គោលភ្លើងមួយដើមជាមួយ នឹងក្មេងក្នុងភូមិ២-៣នាក់ទៀត ស្រាប់តែត្រូវ ជនសង្ស័យបើករថយន្តបំបុកបង្គោលភ្លើងពេញ មួយទំហឹង បណ្តាលឱ្យបាក់បង្គោលភ្លើងរាប ដល់ដី។ ចំណែករថយន្តក៏ទៅមុខលែងរួច រីឯប្តីរបស់គាត់ រួមនិងអ្នកភូមិសំណាងល្អ មិនមានរងរបួសអ្វីនោះទេ។

ស្ត្រីជាម្តាយរូបនេះ បញ្ជាក់ថា ក្រោយឃើញសភាពកោងកាចឃោរឃៅរបស់ជនសង្ស័យទាំង២នាក់ខាងលើនេះ ទើបធ្វើឱ្យអ្នកស្រុកភូមិ ខឹងសម្បាគ្រប់គ្នា រហូតផ្ទុះជាកំហឹង ព្រួតគ្នាវាយទៅលើជនសង្ស័យម្នាក់មួយដៃមួយជើង បណ្តាលឱ្យរងរបួសហើមពោរមុខម្នាក់ ដេកដួលលើចិញ្ចើមផ្លូវម្នាក់ដេកក្នុងរថយន្ត។ បន្ទាប់មក ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះ មកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងបានពិនិត្យឃើញថា នៅក្នុងហេតុការណ៍នេះ មានមនុស្ស២នាក់ (ជនសង្ស័យ) បានរងរបួសប៉ោងមុខ ដោយសារប្រជាពលរដ្ឋព្រួតវ៉ៃ។ ចំណែករថយន្ត របស់ជនសង្ស័យបានរងការខូចខាតយ៉ាងដំណំ ខ្ទេចផ្នែកខាងមុខខាងស្តាំ ដោយសារបុកបង្គោល ភ្លើង និងបែកកញ្ចក់ទាំងអស់ ដោយសារប្រជាពលរដ្ឋព័ទ្ធវាយជាមួយនេះ ក៏បង្កឱ្យមានការខូចខាតបាក់បង្គោលភ្លើងអស់១ដើមផងដែរ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ។ ចំណែកឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏បាននាំកូនស្រីរបស់ខ្លួនទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើផងដែរ ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យ កូនស្រី និងផ្តន្ទាទោសជនសង្ស័យតាមច្បាប់៕