Loading...

បរិយាយថ្ងៃនេះ ៖ ខ្លឹមសារបរាភវសូត្រ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 15:40 pm

នៅវេលាទៀបភ្លឺ ក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រះសង្ឃគ្រប់វត្តអារាមនៅទូទាំងប្រទេស តែងសូត្រ “បទបរាភវសូត្រ” ជាប់ជាប្រពៃណីពីបុរាណកាល ដើម្បីដាស់តឿនក្រើនរំព្ញកពុទ្ធបរិស័ទឱ្យប្រយ័ត្នធ្លាក់ខ្លួនទៅក្នុង “សេចក្តីវិនាស១២យ៉ាង”។ ទោះជាព្រះសង្ឃសូត្រខ្ទរខ្ទារតាមឧគ្ឃោសនសព្ទយ៉ាងណា ក៏បុគ្គលមួយចំនួនមិនយកចិត្តទុកដាក់ស្តាប់ មិនស្វែងយល់ពីអត្ថន័យរបស់ “បរាភវសូត្រ” សូម្បីតែអ្នកនយោបាយ និងអ្នកគាំទ្រនយោបាយ ដឹងតែពីឈ្លោះគ្នាក្នុងរដូវកាន់បិណ្ឌ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ខ្លឹមសារបរាភវសូត្រ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“បរាភវសូត្រ” មានន័យក្លាយពី “បរាភព ឬបរាភវៈ” សំដៅដល់សេចក្តីវិនាស សេចក្តីហិនហោច ជាមេព្រះធម៌ ចារឹក ទុកក្នុងគម្ពីរព្រះត្រៃបិដក។ បរាភវសូត្រ មាន “១២ប្រការ” ដែលព្រះសម្មាសម្ពុទ្ធ បរមគ្រូ តម្រូវឱ្យពុទ្ធបរិស័ទវៀរចាក ព្រោះបើបុគ្គលដើរជាន់សេចក្តីវិនាសនេះ កាលបើរំលាងខន្ធទៅកាន់បរលោក នឹងធ្លាក់ទៅកើតឋាននរក លុះរួចទុក្ខទោសពីនរក ក៏មកកើតជាប្រេត។

សេចក្តីវិនាសទាំង១២ប្រការនេះ រួមមាន

១-វិនាសព្រោះស្អប់ខ្ពើមព្រះធម៌។

២-វិនាសព្រោះសេពគប់ជនពាល អសប្បុរស។

៣-វិនាសព្រោះដេកច្រើន និយាយច្រើន នាំឱ្យខូចប្រយោជន៍។

៤-វិនាសព្រោះរមិលគុណ មិនចិញ្ចឹមមាតាបិតា។

៥-វិនាសព្រោះលោភលន់ លបលាក់ឆ្ងាញ់តែឯង មិនគិតដល់អ្នកឯទៀត។

៦-វិនាសព្រោះប្រកាន់ជាតិ ត្រកូលខ្ពស់ អាងវណ្ណៈ មើលងាយអ្នកក្រ។

៧-វិនាសព្រោះអបាយមុខ ស្រី ស្រា ល្បែង។

៨-វិនាសព្រោះបោកបញ្ឆោត សមណៈព្រាហ្មណ៍ ឬយកសាសនាធ្វើអាជីវកម្ម។

៩-វិនាសព្រោះត្រេកត្រអាលនឹងស្រីក្មេង ឬប្រុសក្មេង ភ្លេចប្រពន្ធ ឬភ្លេចប្តី (ផិតក្បត់)។

១០-វិនាសព្រោះលួចប្រពន្ធ ឬលួចប្តីគេ។

១១-វិនាសព្រោះតែងតាំងមនុស្សខ្ជះខ្ជាយឱ្យកាន់តំណែងសំខាន់ៗ នាំឱ្យមនុស្សខ្ជះខ្ជាយនោះ បំផ្លាញទ្រព្យសាធារណៈ។

១២-វិនាសព្រោះខ្លួនខ្សត់ទ្រព្យសម្បត្តិ តែចង់ក្លាយជាស្តេចធំ ឬអ្នកដឹកនាំកំពូល។

បរាភព ឬសេចក្តីវិនាស១២យ៉ាងនេះ បើបុគ្គលណាចៀសវាងបាន ពេលអស់អាយុសង្ខារ នឹងបានទៅកើតសុគតិភព មានមនុស្សលោក និងទេវលោក រហូតដល់ព្រះនិពាន ប៉ុន្តែបើប្រព្រឹត្តកន្លង នឹងទៅកើតទុគតិភព មាននរក-ប្រេត រងទុក្ខវេទនាជាពន់ពេក។ ដោយឡែកឋាននរក សម្រាប់ទទួលមនុស្សវិនាស មានច្រើនកន្លែង ដូចជា អវីចីមហានរក មាន៨រណ្តៅធំៗ មានភ្លើងឆេះជាអចិន្ត្រៃយ៍, តាបននរក, លោហកុម្ហីនរក, រកាដែកនរក, មហាតាបននរក, មហារោរុវោនរក, វេតរណីនរក, សញ្ជីវោនរក, បទុមនរក ជាដើម។ បន្ទាប់ពីរងទុក្ខក្នុងនរករួចហើយ ដោយមិនទាន់អស់កម្ម ក៏បានមកកើតជាប្រេត១២ពួក ហើយប្រេត១២ពួកនេះ ចែកជា៤ពួកទៀត។ ប្រេត៣ពួក ដែលខ្លះមានមាត់ស្រួចដូចម្ជុល ស៊ីតែខ្ទុះនិងឈាម មិនអាចទទួលមគ្គផល ដែលកូនចៅឧទ្ទិសផ្តល់បានឡើយ ប៉ុន្តែប្រេតទី៤ ឈ្មោះ “បរទត្តូបជីវី” អាចទទួលផលបាន ដែលជាបុព្វហេតុនាំឱ្យមានពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដើម្បីឧទ្ទិផលដល់ពពួកប្រេតនេះ។

ងាកមកករណី “ខ្លឹមសារបរាភវសូត្រ” ដែលព្រះសង្ឃយកមកសូត្រក្នុងពេលទៀបភ្លឺវិញ បើអ្នកចេះពិចារណាដល់ “អាយុសង្ខារមិនទៀងទាត់” តែងតែខ្លាចសេចក្តីវិនាស ១២ប្រការ ដូចលើកឡើងខាងលើ។ ទោះជាយ៉ាងណា អ្នកនយោបាយ និងអ្នកគាំទ្រនយោបាយ ឈ្លោះគ្នាក្នុងរដូវកាន់បិណ្ឌ ចាត់ទុកជាសេចក្តីវិនាសមួយដែរ គឺនៅត្រង់ចំណុច “ស្អប់ព្រះធម៌” មិនយកចិត្តទុកដាក់ក្នុងការស្តាប់។ ចំណុចសំខាន់សម្រាប់អ្នកនយោបាយ ដែលនាំមកនូវសេចក្តីវិនាស យើងដកស្រង់តែ៣ប្រការ មកបរិយាយលម្អិតដូចខាងក្រោម ៖

-វិនាសព្រោះប្រកាន់ជាតិត្រកូលខ្ពស់ មើលងាយអ្នកក្រ ៖ ជាសេចក្តីវិនាសទី៧ ក្នុងបរាភវសូត្រ មានន័យហាមប្រាមអ្នកធំ អ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ កុំអាងបុណ្យស័ក្តិ ជាតិត្រកូល រំលោភជិះជាន់ប្លន់យកដីធ្លីប្រជារាស្ត្រក្រីក្រ។ ពេលអ្នកក្រសុំអន្តរាគមន៍ គួរតែអ្នកធំបើកឱកាសឱ្យពួកគាត់ចូលជួប ចៀសវាងអង្គរក្សច្រានទ្រូងពួកគាត់ ឬចាប់ដាក់គុកច្រវាក់ ដែលជាប្រភពនៃសេចក្តីវិនាស។

-វិនាសព្រោះត្រេកអរនឹងស្រីក្មេងសាច់ខ្ចី ៖ ចំណុចទី៩នេះ ធ្លាប់លេចឮថា មន្ត្រីធំៗមួយចំនួន មានប្រពន្ធចុងលួចលាក់ ទិញវីឡា រថយន្តទំនើប ផ្គាប់ចិត្តស្រីស្នេហ៍ បណ្តាលឱ្យជំទាវដើមខ្សែមួម៉ៅក្តៅក្រហាយ ជាប្រភពនាំមកនូវសេចក្តីវិនាស។

-វិនាសព្រោះតែងតាំងអ្នកខ្ជះខ្ជាយឱ្យកាន់តំណែង ៖ ចំណុចទី១១នេះ តាមខ្លឹមសារជាភាសាបាលីថា “ឥត្ថី សោណ្ឌី វិកិរណី បុរសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ” (បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ ឬស្រីទាំងឡាយ តាំងបុរសនោះ ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ អំពើទាំងនោះនាំឱ្យវិនាស)។ បើពន្យល់ឱ្យល្អិត ពាក្យថា “ឥស្សរិយស្មឹ” សំដៅដល់ការតែងតាំងមនុស្សក្នុងតំណែងអ្វីមួយ ឬផ្តល់ឥស្សរិយសដល់បុគ្គល បើបុគ្គលនោះជាអ្នកលេងស្រី ស្រា ល្បែង នឹងនាំឱ្យវិនាសដល់ទ្រព្យសម្បត្តិសាធារណៈ រីឯអ្នកតែងតាំងគេក៏វិនាសដូចគ្នា។

យើងលើកខ្លឹមសារបរាភវសូត្រ តែ៣ចំណុចនេះ មកបង្ហាញ ព្រោះជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់អ្នកនយោបាយគ្រប់និន្នាការ។ កាលពីសម័យឧដុង្គ បទបរាភវសូត្រ មិនត្រឹមតែព្រះសង្ឃសូត្រតាមវត្តអារាម ក្នុងរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌនោះទេ សូម្បី “ព្រះបាទអង្គឌួង” ព្រះមហាក្សត្រខ្មែរ ក៏ត្រាស់បង្គាប់ឱ្យស្រីស្នំសូត្របទនេះ ក្នុងព្រះបរមរាជវាំងដែរ។ ឯកសារខ្លះថា កាលនោះមានកសិករម្នាក់ ដឹកគោ លីនង្គ័លទៅភ្ជួរស្រែ ដោយដើរក្បែរព្រះបរមរាជវាំង នៅវេលាទៀបភ្លឺ ស្រាប់តែឮសំឡេងស្រីស្នំរាប់សិបនាក់ សូត្របទបរា យ៉ាងពីរោះលន្លង់លន្លោច បណ្តាលឱ្យកសិករនោះភាំងស្មារតី បោះជំហានទៅមុខមិនរួច ក៏ចេះតែលីនង្គ័លដើរក្រឡឹងមួយកន្លែង លុះត្រាតែស្រីស្នំសូត្រចប់ ទើបគាត់ដើរទៅស្រែរួច។ ព្រោះតែព្រះអង្គយកព្រះទ័យទុកដាក់ក្នុងព្រះពុទ្ធសាសនា និង “ខ្លាចសេចក្តីវិនាស ១២ប្រការ” នេះ ទើប “ព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះអង្គឌួង” បានចេញរាជប្បញ្ញត្តិ ហាមប្រាមប្រជារាស្ត្រមិនឱ្យចាប់ត្រីក្នុងរដូវត្រីពង មិនឱ្យរាំងព្រួលពេញទន្លេ ដោយឱ្យប្រើតែអង្រុត ឈ្នាង ក្នុងការនេសាទ ដើម្បីអភិរក្សមច្ឆជាតិ។ មុនពេលសោយព្រះទិវង្គត ព្រះអង្គបានផ្តាំផ្ញើនាហ្មឺនសព្វមុខមន្ត្រី បុត្រាបុត្រី ឱ្យ “ពន្លះព្រះមំស” ឬ ពន្លះសាច់ព្រះបរមសពព្រះអង្គ ទៅដាក់ទានឱ្យសត្វស៊ី ដើម្បីបំពេញ “អង្គបរិច្ចាគ” គឺដាក់ទានខ្លួនប្រាណ ប្តូរយកពោធិញ្ញាណ។

ដូច្នេះយើងឃើញថា “ខ្លឹមសារបរាភវសូត្រ” មានតម្លៃណាស់ សម្រាប់ដុសខាត់អារម្មណ៍ពុទ្ធបរិស័ទឱ្យប្រុងប្រយ័ត្នក្នុងការរស់នៅ ក្រែងដើរជាន់សេចក្តីវិនាស ១២យ៉ាង នាំឱ្យកើតជាប្រេត។ រីឯបាបកម្ម សម្រាប់មនុស្សប្រកាន់វណ្ណៈ ជាតិត្រកូល មើលងាយអ្នកក្រ នឹងទៅកើតជាប្រេត ឈ្មោះ “សព្វង្កា” មានដំបៅស្អុយរលួយពេញខ្លួន រុយរោមអែអុក ស្រេកឃ្លានអាហារ ជាពន់ពេក។ ចំណែកបាបកម្មផិតក្បត់ កាលបើរួចពីនរក ក៏ទៅកើតជាប្រេតឈ្មោះ “គុណបា” មានក្បាលធំជាងខ្លួន សក់វែងអូសដី ស៊ីតែខ្ទុះឈាម។ ក្នុងរឿង “តេមិយជាតក” បានតំណាលពីព្រះតេមិយ ដឹងជាតិ កាលពីកើតជា ស្តេច ពីអតីតជាតិ បានកាត់ក្តីឱ្យពេជ្ឈឃាត យកចោរទៅសម្លាប់ និងដាក់គុកច្រវាក់ ធ្វើទារុណកម្មអ្នកទោស លុះសោយទិវង្គតទៅ ព្រះអង្គបានទៅកើតនរក-ប្រេត។ លុះអស់ចំហាយកម្ម បនាមកកើតជាព្រះតេមិយ និងត្រូវបានសោយរាជ្យស្នងព្រះបិតា ប៉ុន្តែព្រះអង្គខ្លាចរឿងកាត់ក្តី ធ្លាក់នរកទៀត ក៏ពុតធ្វើថ្លង់គ ១៦ឆ្នាំ បានទៅបួសជាតាបស មិនរវល់នឹងរាជសម្បត្តិ ព្រោះតែខ្លាចសេចក្តីវិនាសនេះឯង…។

សរុបទៅ “ខ្លឹមសារបរាភវសូត្រ” ដែលព្រះសង្ឃយកមកសូត្រក្នុងពេលទៀបភ្លឺ នារដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ សំដៅទូន្មានដល់មនុស្សគ្រប់រូប សូម្បីតែអ្នកនយោបាយ និងអ្នកគាំទ្រនយោបាយ កុំឱ្យធ្លាក់ទៅក្នុងសេចក្តីវិនាស។ ជម្លោះនយោបាយ ក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ មិនល្អទេ គួរតែផ្អាកមួយរយៈសិន ដើម្បីដុសខាត់អារម្មណ៍ តម្រង់ស្មារតី ចាប់យករសព្រះធម៌ ទុកជាស្ពានឈានទៅសុគតិភព៕