Loading...

បរិយាយថ្ងៃនេះ ៖ ឆ្នាំងសើចឱ្យកំសៀវថាខ្មៅ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 18:13 pm

សុភាសិតសកល ១ឃ្លាថា “ឆ្នាំងសើចឱ្យកំសៀវថាខ្មៅ” (The pot that calls the kettle black) មានខ្លឹមសារបង្ហាញពីមនុស្សមានគុណវិបត្តិដូចគ្នា ក៏ចោទប្រកាន់គ្នាទៅវិញទៅមក យកពីឈ្នះដៃ។ ករណីបក្សកាន់អំណាច (CPP) និងខ្មោចគណបក្សសង្គ្រោះជាតិ (CNRP) ចោទគ្នាទៅវិញទៅមកនោះ បង្ហាញពីការបែកបាក់ជាតិធ្ងន់ទៅៗ មិនដឹងជាពេលណាស្ងប់ស្ងាត់ ធ្វើឱ្យប្រជាពលរដ្ឋមានក្តីបារម្ភ ទើប “នគរធំ” សូមលើកពីរឿង “ឆ្នាំងចោទកំសៀវ ឯកំសៀវចោទឆ្នាំង” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ឆ្នាំង និងកំសៀវ” តាមពិត វាមានពណ៌ស បើធ្វើពីដែក ឬពណ៌ដី បើផលិតពីដីឥដ្ឋ ដោយប្រើឆ្នាំងសម្រាប់ដាំស្ល ឯកំសៀវ សម្រាប់ដាំទឹកក្តៅ។ ធម្មតាចង្ក្រានដុតអុស ដាំបាយ ឬដាំទឹក តែពីរបីដង ឆ្នាំង និងកំសៀវពណ៌សនោះ ក៏ឡើងខ្មៅអ៊ូញដូចគ្នា ជាពិសេសឆ្នាំងបាយ និងកំសៀវ នៅតាមវត្តអារាមនីមួយៗ ធ្យូងកាន់ឡើងខ្មៅគ្រាក់។ បើឆ្នាំងចោទកំសៀវថា ខ្មៅកំសៀវក៏អាចចោទឆ្នាំងថាខ្មៅដែរ ព្រោះជាឧបករណ៍តម្កល់លើភ្លើងដូចគ្នា ប៉ុន្តែបើមេផ្ទះឧស្សាហ៍យកកំសៀវ និងឆ្នាំង ទៅដុសឱ្យស្អាតរាល់ថ្ងៃ និងប្រើទ្រនាប់ចង្ក្រានផងនោះ អាចរក្សាឆ្នាំង និងកំសៀវ ឱ្យសបាន។

ខាងលើនេះ ជាអត្ថានុរូបរបស់សុភាសិត “ឆ្នាំងសើចឱ្យកំសៀវថាខ្មៅ” ប៉ុន្តែបើបរិយាយតាមអត្ថប្បដិរូប ឬន័យធៀប “ឆ្នាំង សំដៅដល់បក្សកាន់អំណាច” រីឯកំសៀវ សំដៅដល់ “អតីតគណបក្សសង្គ្រោះជាតិ”។ ដូចឃើញរួចមកហើយថា ទោះបីជា CNRP ត្រូវតុលាការកំពូលចេញសាលដីការំលាយចោលជាស្ថាពរ គ្មានសិទ្ធិតវ៉ា ខណៈដែលមន្ត្រី CNRP ១១៨នាក់ ត្រូវដកសិទ្ធិធ្វើនយោបាយ៥ឆ្នាំនោះ ពួកប្រឆាំង ក៏បែកខ្ញែកគ្នារប៉ាត់រប៉ាយ ដូច “ឃ្មុំបែកសម្បុក”។ ពួកប្រឆាំងនៅក្នុងប្រទេស មិនហ៊ានហើបមាត់ទេ ដោយម្នាក់ៗសំងំសុខ បើហ៊ានខ្លះ ក៏ត្រឹមរិះគន់បក្សកាន់អំណាច ស្រាលៗ ប្រយ័ត្នប្រយែង ក្រែងមានការប្តឹងផ្តល់វ័ណ្ឌក ជាប់គុកច្រវាក់ ព្រាត់ប្រាសគ្រួសារ។ ផ្ទុយទៅវិញ ពួកប្រឆាំងក្រៅប្រទេស បានវាយប្រហារបក្សកាន់អំណាច ធ្ងន់ៗណាស់ បានទាំងបំផុសបាតុកម្មប្រឆាំងប្រមុខរាជរដ្ឋាភិបាលទៀតផង។

ថ្មីៗនេះ នៅក្នុងដំណើរទៅកាន់បុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ពួកប្រឆាំង ដោយមានលោកសម រង្ស៊ី បញ្ជាតាមទូរស័ព្ទ បានប្រមូលគ្នាធ្វើបាតុកម្មមុខទីស្នាក់ការ អ.ស.ប និងមុខសណ្ឋាគារ ដែលសម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន ស្នាក់នៅ។ សកម្មភាពនេះត្រូវបានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជេរថា ”ហ្វូងឆ្កែ វង្វេងជាតិ ពួកក្បត់ជាតិ” ក៏ដូចជាពាក្យអសុរោះផ្សេងៗ បង្ហោះតាមយូធូប ហ្វេសបុក។ ចំណែកពួកប្រឆាំង ជេរបកវិញថា “អាយ៉ងចិន-យួន” ជាដើម។ ឥឡូវលោកសម រង្ស៊ី ដែលបានដកស្រង់សម្តីលោកអាឡិច ហ្គនសាឡេស ដេវីតសុន ជនជាតិអេស្ប៉ាញ អតីតប្រធានចលនាមាតាធម្មជាតិ ហើយត្រូវរដ្ឋាភិបាលបណ្តេញចេញពីប្រទេសនោះ ចោទប្រកាន់រដ្ឋាភិបាលថា បានលាងលុយកខ្វក់ចំនួន១៥ពាន់លានដុល្លារ ទិញមាសទម្ងន់៣៧០តោន ពីប្រទេសសិង្ហបុរី។ ការចោទប្រកាន់នេះ ចេញ “ភ្លើងគំនុំ” ច្បាស់ក្រឡែត រកការពិតមិនឃើញទេ ប៉ុន្តែវាស្របសុភាសិតថា “ឆ្នាំងសើចឱ្យកំសៀវថាខ្មៅ” នេះឯង ពោលគឺ CPP ចោទពួកប្រឆាំងជា “ហ្វូងឆ្កែវរង្វងជាតិ” រីឯពួក CNRP អស់ពីចោទ CPP រឿងរំលោភសិទ្ធិមនុស្ស ក៏ដល់ដំណាក់កាល ចោទរឿងពុករលួយម្តងវិញ។

ករណីខ្មែរដូចគ្នា លាបពណ៌គ្នា បានត្រឹមជនបរទេសលូកដៃតែប៉ុណ្ណោះ ជាក់ស្តែងលោកអាឡិច ជាជនជាតិអេស្ប៉ាញ តែគាត់ចេះភាសាខ្មែរយ៉ាងស្ទាត់ បានជួយកាន់ជើងពួកប្រឆាំង។ CPP ក៏មានជនជាតិអាមេរិក ដែលយកប្រពន្ធខ្មែរ កាន់ជើងដូចគ្នា ដែលសម្រេចទៅ បានត្រឹម “ធ្វើឱ្យខ្មែរបែកបាក់”។

ប្រវត្តិសាស្ត្របានចារទុកយ៉ាងច្បាស់ពីការបែកបាក់ជាតិ បណ្តាលឱ្យទឹកដីខ្មែរ រួញតូចទៅៗ នៅសល់មួ់យួក្រវេច មើលស្ទើរមិនឃើញក្នុងផែនទីពិភពលោក។ ជម្លោះនយោបាយ ក្លាយទៅជាសង្គ្រោមឈាមដាបធរណី យើងឃើញផ្ទុះខ្លាំងនៅសម័យស្តេចកន និងព្រះចន្ទរាជា សម័យព្រះអង្គតន់ និងព្រះអង្គនន់ បណ្តាលឱ្យប្រជារាស្ត្ររងទុក្ខវេទនាព្រាត់ប្រាសគ្រួសារ។ នៅសម័យលន់ នល់ ភាគីម្ខាងៗ ប្រៀបបាន “ឆ្នាំង និងកំសៀវ” ពោលគឺខាងលន់ នល់ ចោទប្រកាន់ពួកព្រៃថា ជា “វៀតកុង វៀតណាមខាងជើង” ទោះជាដឹងថា អ្នកបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ ៨២មិល្លីម៉ែត្រ ដាក់បន្ទាយទាហានណាមួយួ ក៏គេមិនថា “ពួករំដោះ” នោះទេ ដោយលាបពណ៌ថា ជាយួនវៀតកុង។ ចំណែកពួករំដោះ ក៏បានចោទលន់ នល់ ថា “អាយ៉ងអាមេរិក” លុះចោទចុះចោទឡើង “ស្លាប់តែខ្មែរ” ដូចឃើញកន្លងមក។ សព្វថ្ងៃ កម្ពុជា គ្មានសង្គ្រាមឈាមដាបធរណីនោះទេ ប៉ុន្តែការចោទប្រកាន់គ្នាទៅវិញទៅមកតាមប្រព័ន្ធអេឡិកត្រូនិក រាល់ថ្ងៃនេះ វាខ្លាំងជាងគ្រាប់ផ្លោងទៅទៀត។ បើកហ្វេសប៊ុក យូធូប តាមដានពេលណា ឃើញតែការលាបពណ៌គ្នា ជេរដៀមដាបគ្នាទៅតាមចរិតបុគ្គល។ សម្រាប់អ្នកនយោបាយ ឬអ្នកនាំពាក្យ បានប្រើវោហារសព្ទ គោរពសុជីវធម៌ ប៉ុន្តែអ្នកគាំទ្រនយោបាយទាំងសងខាង ប្រើពាក្យសម្តីអសុរោះ ជេរប្រទេច តែម្តង។ ចំពោះព្រឹត្តិបត្រសារព័ត៌មានក្នុងស្រុកខ្លះ បានជួយបក្សកាន់អំណាច តាមរយៈបទវិចារណាកថា ឬបទបរិយាយ វាយប្រហារពួកប្រឆាំង ប៉ុន្តែមិនសូវមានកាសែតគាំទ្រពួកប្រឆាំងនោះឡើយ។ សារព័ត៌មានក្នុងស្រុកខ្លះទៀត សរសេរតែអត្ថបទព័ត៌មាន ដោយមិនសរសេរវិចារណកថា ឬបរិយាយ ទំនងជាមិនចង់ឱ្យគេដឹងពីគោលជំហរ មិនដឹងជាគាំទ្រខាងណា? ប៉ុន្តែករណីកាសែតមិនដាក់បទវិចារណកថា ឬបរិយាយ មិនខុសពីមនុស្សគ្មានបេះដូង ឬថា “វិចារណកថា និងបរិយាយ ជាបេះដូងកាសែត”។

កន្លងមក បក្សកាន់អំណាច អះអាងថា “កម្ពុជា គ្មានជម្លោះនយោបាយទេ” ប៉ុន្តែករណី “ឆ្នាំង និងកំសៀវ ចោទគ្នាថាខ្មៅ” នេះ វាពាក់ព័ន្ធរឿងនយោបាយ។ កាលបើជម្លោះនេះកើតឡើង លុះត្រាតែមាន “បុគ្គលអព្យាក្រឹត” ជួយធ្វើអន្តរាគមន៍ ទើបបាន ដូចករណី “ព្រះសម្មាសម្ពុទ្ធ បរមគ្រូ” ជួយធ្វើអន្តរាគមន៍ឃាត់ជម្លោះរវាងស្តេច “ទេវទហៈ និងកបិលពស្តុ” កុំឱ្យច្បាំងគ្នា ដណ្តើមទឹកស្ទឹង។ “សម្តេចព្រះសង្ឃរាជ ហួត តាត” ក៏បាជួយធ្វើអន្តរាគមន៍ផ្សះផ្សាទំនាស់នយោបាយ រវាងលោកសេនាប្រមុខ លន់ នល់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ និងលោកអ៊ិន តាំ ឱ្យស្រុះស្រួលគ្នា បន្ទាប់ពីឥស្សរជនទាំង៣រូបនេះ ទាស់អធ្យាស្រ័យគ្នា។ បានន័យថា ព្រះពុទ្ធ សម្តេចព្រះសង្ឃរាជ ជាបុគ្គលអព្យាក្រឹត ប៉ុន្តែនៅប្រទេសខ្លះ បើមានអ្នកនយោបាយទាស់គ្នា ព្រះមហាក្សត្រ ក៏អាចធ្វើអន្តរាគមន៍បានដែរ ដូចករណីព្រះចៅភូមិភុន អៈឌុនយ៉ៈដេត អតីតព្រះមហាក្សត្រថៃ តែងធ្វើអន្តរាគមន៍ឃាត់ជម្លោះនយោបាយយ៉ាងប៉ិនប្រសប់ ដើម្បីបញ្ចៀសសង្គ្រាម ជាហេតុនាំឱ្យរាជាណាចក្រថៃ មិនដែលកើតសង្គ្រាម ទោះជាមានរដ្ឋប្រហារ១៩ដងក្តី។

ឥឡូវរឿង “ឆ្នាំងនិងកំសៀវ ចោទគ្នាថាខ្មៅ” នេះ ល្បីខ្ទរខ្ទារលើឆាកអន្តរជាតិទៅហើយ តើគួរទុកឱ្យនៅរបៀបនេះ តទៅទៀតឬយ៉ាងណា? សូមរំព្ញកថា កាលពីសម័យសង្គមរាស្រនិយម ពួកខ្មែរសេរី ដឹកនាំដោយលោកសឹង ង៉ុកថាញ់ បានបង្កើតវិទ្យុផ្សាយសំឡេង ចេញពីទឹកដីថៃ វាយប្រហាររាជរដ្ឋាភិបាល យ៉ាងជូរចត់។ ក្រោយមក សម្តេចឪ ក៏ស្នើទៅអាជ្ញាធរថៃ ឱ្យបិទវិទ្យុនេះ ទើបការជេរបញ្ចោរស្ងប់ស្ងាត់ទៅ។ ដូច្នេះករណីពួកប្រឆាំងសព្វថ្ងៃ វាយប្រហាររដ្ឋាភិបាល តាមប្រព័ន្ធ យូធូប ហ្វេសប៊ុក វិទ្យុ ចេញពីទឹកដីអាមេរិក តើរាជរដ្ឋាភិបាល អាចស្នើអាមេរិក ឱ្យបិទបានទេ? បើបិទមិនបាន “កំសៀវ នឹងចោទឆ្នាំងថាខ្មៅ” គ្មានថ្ងៃអវសាន។

សរុបទៅ “ឆ្នាំងសើចឱ្យកំសៀវថាខ្មៅ” សំដៅដល់ការចោទប្រកាន់គ្នាទៅវិញទៅមកនេះឯង ដែលជាសញ្ញាបង្ហាញនូវ ការបែកបាក់ជាតិធ្ងន់ទៅៗ បើកាលណាមានការបែកបាក់ជាតិ បណ្តាលឱ្យកើតអនាធិបតេយ្យ ចោរកម្ម គ្រឿងញៀន អបាយមុខ ពិបាកបង្ក្រាបណាសា់ ប៉ុន្តែបើ “ឆ្នាំង និងកំសៀវ ឈប់ចោទគ្នា” ប្រទេសជាតិ នឹងបានសុខស្ងប់ ឯចោរកម្ម អនាធិបតេយ្យ ក៏វិនាសទៅឯងៗ មិនចាំបាច់បង្ក្រាប ឬថា “ត្រូវដុសឆ្នាំង និងកំសៀវ ឱ្យស” ទើបមានអនាម័យ ដាំបាយឆ្ងាញ់ និង ដាំទឹកឆុងកាហ្វេក៏ឆ្ងាញ់…៕