Loading...

បរិយាយថ្ងៃនេះ ៖ បើដឹងមិនដល់ ត្រូវសួរគេ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 18:13 pm

សម្តេចព្រះសង្ឃរាជ ជួន ណាត បានទុកព្រះបណ្តាំថា “បើដឹងមិនដល់ ត្រូវសួរគេ គ្មានថោកអ្វីទេ ថ្លៃទេតើ” មានខ្លឹមសារអប់រំ “មនុស្សអស្មិមានះ” ដែលជម្នះធ្វើអ្វីខុសមុខជំនាញទាំងបំពាន ដោយមិនរវល់សួរអ្នកជំនាញ។ ករណីអ្នកធំ តែងតាំងទីប្រឹក្សាសម្រាប់ផ្តល់យោបល់នោះ មិនខុសអ្វីទេ ដោយហេតុថា ឥស្សរជន ឬអ្នកនយោបាយ មានជំនាញតែខាងគ្រប់គ្រង ឬដឹកនាំ រីឯជំនាញបន្ទាប់បន្សំ “ចេះមិនដល់” លុះត្រាតែសួរទីប្រឹក្សា ទើបបាន ប៉ុន្តែបើតែងតាំងទីប្រឹក្សាច្រើនពេក ក៏មិនល្អដែរ បានត្រឹមរងការរិះគន់ ដែល “នគរធំ” សូមលើកព្រះបណ្តាំអ្នកប្រាជ្ញសង្ឃ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ចាប់តាំងពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលថ្មី ដំណើរការប៉ុន្មានខែកន្លងមកនេះ យើងឃើញអ្នកគាំទ្របក្សកាន់អំណាច (CPP) អបអរសាទរ ឬផ្ញើលិខិតជូនពរថ្នាក់ដឹកនាំឱ្យទទួលបានជោគជ័យក្នុងភារកិច្ច។ ផ្ទុយទៅវិញ អង្គការសង្គមស៊ីវិលមួយចំនួន ក៏ដូចជាពួកអតីតបក្សប្រឆាំង (CNRP) ចាំតែមើលបំណាំ ឬឃ្លាំចាំចាប់កំហុសរដ្ឋាភិបាល សូម្បីតែការតែងតាំងទីប្រឹក្សាសន្ធឹកសន្ធាប់ ក៏ពួកប្រឆាំងរិះគន់ថា “បង្ហិនថវិកាជាតិ”។ ទោះយ៉ាងណា “បើដឹងមិនដល់ ត្រូវសួរគេ” ពោលគឺអ្នកដឹកនាំ មិនមែនជា “ព្រះសព្វញ្ញូ” ដែលចេះដឹងសព្វគ្មានចន្លោះដូចព្រះពុទ្ធនោះទេ ចាំបាច់ត្រូវតែមានទីប្រឹក្សា ជំនួយការ ដោយមិនអាចអត់បានឡើយ។ អ្នកនយោបាយសំខាន់ៗ ឬអ្នកកាន់ចង្កូតប្រទេស ភាគច្រើនមានជំនាញខាង “វិទ្យាសាស្ត្រនយោបាយ” ដោយគ្មានជំនាញខាង “ស្ថាបត្យកម្ម ឬតក្កកម្ម” នោះទេ ដូច្នេះ ដើម្បីបំពេញការខ្វះចន្លោះនេះ អ្នកដឹកនាំត្រូវតែជ្រើស “វិស្វករ ឬតក្កវិទូ” មកធ្វើទីប្រឹក្សា ជាការចាំបាច់បំផុត។ អ៊ីចឹង ករណីរដ្ឋាភិបាលតែងតាំងទីប្រឹក្សា មិនខុសអ្វីទេ ព្រោះអ្នកដឹកនាំប្រទេសគេ ក៏មានទីប្រឹក្សាដូចគ្នា។

ទោះយ៉ាងណា គួរយើងលើកយកការរិះគន់របស់អ្នកវិភាគខ្លះ មកពិចារណាដែរ ខណៈដែលពួកគាត់រិះគន់ថា “ការតែងតាំងទីប្រឹក្សាជាន់ជើងគ្នាបែបនេះ បង្ហិនប្រាក់ខែរាស្ត្រ”។ បើជម្រះទស្សនៈឱ្យស៊ីជម្រៅ ការរិះគន់នេះ “ខុសពាក់កណ្តាល ត្រូវពាក់កណ្តាល” ចំណុចខុស នៅត្រង់ភ្លេចគិតថា អ្នកនយោបាយ “ដឹងមិនដល់ ចេះមិនសព្វត្រូវសួរគេ” បើអត់ទីប្រឹក្សា តើបានអ្នកណាយកមកសួរ? រីឯចំណុចត្រូវ នៅត្រង់ “ទីប្រឹក្សាច្រើនពេក មិនដឹងជាសួរអ្នកណា?”។

សូមបញ្ជាក់ថា “ព្រះបាទជយវរ្ម័នទី៧” ព្រះចៅអធិរាជនៃចក្រភពអង្គរ ទោះជាគ្មានឯកសារបញ្ជាក់ថា ព្រះអង្គមានទីប្រឹក្សាប៉ុន្មាននាក់ក្តី ក៏អ្នកសិក្សាប្រវត្តិសាស្ត្រ សន្និដ្ឋានស្របគ្នាថា ព្រះអង្គមានទីប្រឹក្សាសំខាន់ៗ ៤រូប គឺទី១ “ព្រះនាងឥន្ទ្រទេវី” ជាព្រះអគ្គមហេសី ព្រះនាងមានជំនាញខាងវប្បធម៌។ ទី២“ព្រះរាជគ្រូជយមន្តលាថ៌” លោកមានជំនាញខាងច្បាប់ ដែលសម័យអង្គរ មានច្បាប់ទ្រទ្រង់ប្រទេស៤ គឺ “ច្បាប់ធម្មសាស្ត្រ ច្បាប់អត្ថសាស្ត្រ ច្បាប់នីតិសាស្ត្រ និងច្បាប់រាជធម៌”។ ទី៣ “ព្រាហ្មណ៍បុរោហិតហឫសីកេស” លោកមានជំនាញខាងជំនឿ និងសាសនា។ ទី៤ “ភូបេន្ទ្របណ្ឌិត” មានជំនាញខាងវិទ្យាសាស្ត្រ និងសង្គម ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអធិបតីគណៈអ្នកប្រាជ្ញ និងជាប្រធានចៅក្រម។ ទីប្រឹក្សាសំខាន់ៗ តែ៤រូបនេះ បានជួយថ្វាយយោបល់ដល់ព្រះមហាក្សត្រ ញ៉ាំងទឹកដីចក្រភពកម្ពុជទេស ឱ្យលាតសន្ធឹងដល់នាយសមុទ្រ។ តាមការស្រាវជ្រាវ ព្រះបាទជយវរ្ម័នទី៧ មានជំនាញខាងនយោបាយ និងយោធា តែព្រះអង្គខ្លាំងគ្រប់មុខជំនាញ ដោយសួរយោបល់ទីប្រឹក្សានេះឯង ប៉ុន្តែព្រះអង្គជ្រើសយកតែ “កំពូលជំនាញ” មិនឱ្យជាន់ជើងគ្នាបានឡើយ។

បច្ចុប្បន្នយើងឃើញទីប្រឹក្សាព្រោងព្រាត គ្រាន់តែទីស្តីការគណៈរដ្ឋមន្ត្រី មានទីប្រឹក្សា៨០ប្លាយឯណោះ ជាហេតុនាំឱ្យមានការរិះគន់ពីការចំណាយថវិកាជាតិ ព្រោះទីប្រឹក្សាខ្លះ បើកប្រាក់ខែពីរកន្លែងឯណោះ។ សព្វថ្ងៃ បើមិនចង់មានការរិះគន់ គួរទីប្រឹក្សាគណៈរដ្ឋមន្ត្រី មានតែ “២៨រូប” បានហើយ ដែលតំណាងឱ្យក្រសួងទាំង២៨។ បានសេចក្តីថា ក្រសួង១ ត្រូវជ្រើសយក “កំពូលអ្នកចេះ” តែម្នាក់ សម្រាប់ធ្វើទីប្រឹក្សាគណៈរដ្ឋមន្ត្រី ដូចក្រសួងវប្បធម៌ បញ្ជូនទៅ១ ក្រសួងសុខាភិបាល បញ្ជូនទៅ១ ក្រសួងកសិកម្ម បញ្ជូនទៅ១៘ គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើគិតតាមជំនាញមានច្រើនណាស់ ដែលរួមមាន៥ជំនាញ គឺ “ស្ថាបត្យកម្ម, បុរាណវិទ្យា, នាដសាស្ត្រ, សូនរូប និងតូរ្យតន្ត្រី” ដែលជំនាញទាំង៥នេះ សុទ្ធតែមានមហាវិទ្យាល័យ១ សម្រាប់បណ្តុះបណ្តាលមនុស្សស្រករក្រោយ។ ដោយឡែក នាដសាស្ត្រ ឬសិល្បៈរាំច្រៀងនេះ បែងចែកមែកធាង ជា របាំ, ល្ខោនខោល, ល្ខោនបាសាក់, យីកេ, អាយ៉ៃ ជាដើម ហើយក្នុងល្ខោនបាសាក់ ១វង់ មានអ្នកជំនាញ តួឯក តួយក្ស តួឥសី តួអាគាំង ឃើញថា បើសរុបទៅ គ្រាន់តែក្រសួងវប្បធម៌១ មានជំនាញរាប់រយឯណោះ ចុះ២៨ក្រសួង តើមានជំនាញប៉ុន្មាន? សូម្បីតែក្រសួងសុខាភិបាល ឬវេជ្ជបណ្ឌិត ក៏មានគ្រប់ជំនាញ ឬឯកទេសខុសគ្នា ដូចជាពេទ្យភ្នែក ពេទ្យធ្មេញ ពេទ្យ ឆ្មប ជាដើម។

ដូច្នេះយើងឃើញថា ក្រសួង២៨ មានជំនាញរាប់ពាន់ឯណោះ បើតែងតាំងទីប្រឹក្សាតាមចំនួននេះ រកប្រាក់ខែបើកឱ្យមិនបានទេ អ៊ីចឹងបើអាចជ្រើស “កំពូលអ្នកចេះ” ឬក្រសួង១ យក១ ជាការប្រសើរបំផុត។ ធម្មតាអ្នកចេះកំពូល ដូចព្រឹទ្ធាចារ្យ ឆេង ផុន ជំនាញខាងវប្បធម៌ ទោះជាមានសិក្ខាកាមដេញដោលសួរយ៉ាងណា ក៏គាត់អាចឆ្លើយបានយ៉ាងធូរ ឱ្យតែជាសំណួរពាក់ព័ន្ធដល់វប្បធម៌។ ហេតុនេះ បើរកទីប្រឹក្សាតែម្នាក់ មានសមត្ថភាពដូចព្រឹទ្ធាចារ្យ ឆេង ផុន ដែលទទួលមរណភាពទៅហើយនោះ ឈ្មោះថារាជរដ្ឋាភិបាល “ចំណេញថវិកាច្រើនណាស់” សម្រាប់ចំណាយទៅលើទីប្រឹក្សាដ៏ច្រើនសន្ធឹកសន្ធាប់។

ដូចយើងលើកឡើងខាងលើរួចហើយថា ព្រះបាទជយវរ្មន័ទី៧ មានទីប្រឹក្សាកំពូលតែ៤រូបប៉ុណ្ណោះ ធ្វើឱ្យព្រះអង្គក្លាយទៅជាព្រះចៅអធិរាជនៃចក្រភពកម្ពុជទេស។ ការតែងតាំងទីប្រឹក្សា គួរចែកឱ្យដាច់ពីគ្នារវាង “ការផ្សះផ្សាចែករំលែក” ពោលគឺការចែករំលែក ទោះជាអ្នកមានចំណេះដឹងទាប ក៏ត្រូវតែងតាំងឱ្យមានយសស័ក្តិតាមសមត្ថភាពដែរ “ដើម្បីកាត់បន្ថយនិន្នាការប្រឆាំង” ប៉ុន្តែការតែងតាំងទីប្រឹក្សា គេជ្រើសយកតែ “កំពូលអ្នកចេះ” សម្រាប់ផ្តល់យោបល់ មិនមែនដើម្បីផ្គាប់ចិត្តបុគ្គល កាត់បន្ថយការប្រឆាំង ឬពង្រឹងអំណាចនោះទេ។

បើមានទីប្រឹក្សាកំពូល ២៨រូប ស្មើចំនួនក្រសួងនោះ ប្រហែលជាគ្មានអ្នករិះគន់ទៀតទេ ព្រោះអ្នករិះគន់នោះ ភាគច្រើន សុទ្ធតែជាបណ្ឌិតបញ្ញវន្តដែរ។ ទោះយ៉ាងណា “នគរធំ” យល់យ៉ាងច្បាស់ពីយុទ្ធសាស្ត្ររបស់បក្សកាន់អំណាច (CPP) ដែលកំពុងព្យាយាមកាត់បន្ថយនិន្នាការប្រឆាំង ដោយប្រមែប្រមូលអ្នកចេះដឹងពីគ្រប់បក្ស មកឱ្យធ្វើទីប្រឹក្សា ទោះជាច្រើនយ៉ាងណា ក៏ “បង្រួបបង្រួម ចែកគ្នារស់”។

កន្លងមក កាលពីអាណត្តិមុនៗ ទីប្រឹក្សាក៏មានច្រើនដែរ ដែលខ្លះមិនសូវមានអ្នកស្គាល់ បើគាត់ចង់ផ្តល់យោបល់អ្វី ត្រូវសរសេរជាលាយលក្ខណ៍អក្សរ ផ្ញើទៅថ្នាក់លើ តាមខ្សែរយៈប្រធានទីប្រឹក្សា។ បើយោបល់គាត់ល្អ ក៏យក តែបើមិនល្អ ក៏បោះចោល ប៉ុន្តែប្រាក់ខែនៅតែបើក ដែលបង្ហាញថា បើជ្រើសយកតែ “ឈើខ្លឹម មកធ្វើដងទ្រសោ ប្រសើរជាងយកឈើស្រាយ” ព្រោះដងទ្រ ធ្វើពីខ្លឹមគ្រញូង កូតឮងំស្រួយស្រែស តែបើយកឈើស្រាយ ឮមិនពីរោះទេ។

សរុបទៅ “បើដឹងមិនដល់ ត្រូវសួរគេ” សំដៅដល់ការតែងតាំងទីប្រឹក្សា មិនអាចអត់បានឡើយ ប៉ុន្តែគួរចម្រាញ់ចម្រោះយកតែកំពូលអ្នកចេះ តាមក្រសួងនីមួយៗ មកតែងតាំងជាការប្រសើរបំផុត។ ដូចយើងផ្តល់ឧទាហរណ៍ ករណីព្រឹទ្ធាចារ្យ ឆេង ផុន កំពូលជំនាញវប្បធម៌តែម្នាក់ អាចឆ្លើយបានសព្វពីវិស័យវប្បធម៌ ប៉ុន្តែបើរដ្ឋាភិបាលតែងតាំងមន្ត្រីវប្បធម៌ ជាន់ជើងគ្នា មកធ្វើទីប្រឹក្សា ឬថា យកនិម្មាបនិកម្នាក់, បុរាណវិទូម្នាក់, គ្រូល្ខោនម្នាក់, គ្រូយីកេម្នាក់, គ្រូភ្លេងម្នាក់…. មកធ្វើទីប្រឹក្សា ច្បាស់ជារងការរិះគន់ជុំទិសមិនខានឡើយ៕