Loading...

បរិយាយថ្ងៃនេះ ៖ ប្ញស្សី អាងបន្លា

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 17:30 pm

ព្រះតេជគុណ សុង ស៊ីវ អតីតបញ្ញវន្តព្រះសង្ឃកាលពីសម័យមុន បានទុកព្រះមរតកសាសន៍ ជាឃ្លាឃ្លោងកំណាព្យពុទ្ធនិយមថា “ប្ញស្សីអាងបន្លាការពារខ្លួន ប្រាជ្ញអាងច្បាប់ក្បួនការពារខុស មនុស្សល្ងង់គ្មានអាងអ្វីទាំងអស់ អាងតែឈ្លោះ តទល់កម្លាំងបាយ” ពិតជាផ្តល់ខ្លឹមសារអប់រំល្អណាស់ សម្រាប់មនុស្សគ្រប់រូបរៀនសូត្រតាម។ សព្វថ្ងៃ អ្នកនយោបាយខ្មែរ គ្រប់និន្នាការ “សុទ្ធតែមានអាង” ដូចគ្នា ពោលគឺអាងអាវុធ អាងច្បាប់ អាងកម្លាំង អាងវោហារ ដែល “នគរធំ” ក្តាប់បាន ក៏លើកព្រះបណ្តាំសមណបញ្ញវន្ត សុង ស៊ីវ មកបរិយាយលម្អិតនៅពេលនេះ…។

-ប្ញស្សីអាងបន្លាការពារខ្លួន ៖ បើបរិយាយតាមន័យត្រង់ គឺសំដៅដល់ប្ញស្សីស្រុក ប្ញស្សីព្រៃ ដែលជាពូជប្ញស្សីមានបន្លាច្រូងច្រាង ពិបាកចូល។ បន្លារបស់វាសម្រាប់ការពារទំពាំង កុំឱ្យសត្វចូលឈ្មុស ឬកាច់ស៊ីបាន ដូចជា​ ជ្រូក គោ ក្របី ជាដើម សូម្បីតែមនុស្សដើរជីកទំពាំង បើគុម្ពប្ញស្សីណាមានបន្លាក្រាស់ពេក គេដើរបង្ហួស ព្រោះខ្ជិលឆ្ការបន្លាចេញ ដោយទៅរកជីកទំពាំង នៅគុម្ពណាដែលមិនសូវមានបន្លា។ យ៉ាងណាមិញ អ្នកមានអំណាច យសសម្បត្តិ ទ្រព្យសម្បត្តិ បរិវារសម្បត្តិ ដែលមានកងកម្លាំងប្រដាប់អាវុធ មាសប្រាក់ និងប្រជាប្រិយភាព ជារបងការពារនោះ ក៏មានអាវការពារខ្លួន មិនឱ្យធ្លាក់ទៅក្នុងការព្យាបាទរបស់មច្ចាមិត្ត ជាពិសេស “ប្រជាប្រិយភាព” ឬការគាំទ្រខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ ជា “គោលអាងយ៉ាងរឹងមាំសម្រាប់អ្នកនយោបាយ”។ ផ្ទុយទៅវិញ បើអ្នកនយោបាយ “គ្មានប្រជាប្រិយភាព” គឺមិនខុសពី “ប្ញស្សីអត់បន្លាការពារខ្លួន” បានត្រឹមជ្រូក ឬគោ ចូលទៅឈ្មុស ឬកាប់ស៊ីទំពាំងគ្មានសល់។

-ប្រាជ្ញអាងច្បាប់ក្បួនការពារខុស ៖ ឃ្លានេះមានន័យត្រង់ភ្លឹងតែម្តង មិនបញ្ឆិតបញ្ឆៀងនោះទេ សំដៅដល់អ្នកដឹកនាំប្រទេស អ្នកនយោបាយ ឬអ្នកនាំពាក្យ ដែលត្រូវប្រើ “បញ្ញាដោះស្រាយបញ្ហាជាតិ”។ កាលបើមានជម្លោះនយោបាយកើតឡើង អ្នកនយោបាយ មិនចេះតែធ្វើអ្វីទាំងបំពាននោះទេ ចាំបាច់ត្រូវតែ “ពឹងលើច្បាប់” ដែលមានច្បាប់ “រដ្ឋធម្មនុញ្ញ” ជាគោលចារឹក និងមានច្បាប់រាយរងផ្សេងទៀត ដែលបំបែកចេញពីរដ្ឋធម្មនុញ្ញ។ កន្លងមក យើងឃើញបក្សកាន់អំណាច (CPP) មុននឹងដាក់ផែនការអ្វីមួយ បានយកមាត្រាខ្លះនៃច្បាប់រដ្ឋធម្មនុញ្ញ មកអនុវត្ត ដូចជាការចាប់ខ្លួនតំណាងរាស្ត្រអតីតបក្សប្រឆាំង (CNRP) ទាំងក្នុងតំណែង ដូចលោកកឹម សុខា លោកអ៊ុំ សំអាន លោកហុង សុខហួរ ជាដើម CPP “អាងលើមាត្រា៨០” នៃរដ្ឋធម្មនុញ្ញ ត្រង់ចំណុច “ក្នុងករណីបទល្មើសជាក់ស្តែង” ដោយចោទប្រកាន់តំណាងរាស្ត្រប្រឆាំងទាំងនោះ ពីបទ “ក្បត់ជាតិ” ទើបការចាប់ខ្លួននោះ មិនផ្ទុយពីច្បាប់។ ទោះយ៉ាងណា CNRP ក៏អាងច្បាប់ដូចគ្នា ដោយបកស្រាយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ត្រង់ចំណុច​ “តំណាងរាស្ត្រណាក៏ដោយ មិនត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសម្តែងយោបល់ ឬបញ្ចោញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ… នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា”។ ពួកប្រឆាំង ក៏បានអាងលើ “មតិបីភាគបួន” នៃចំនួនសមាជិករដ្ឋសភា ប៉ុន្តែ CPP អាងលើ “មតិ៥០+១” បណ្តាលឱ្យច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៨០ មានភាពចម្រូងចម្រាស ព្រោះតែការបកស្រាយបាន២ច្រក។ ទោះយ៉ាងណា ការបកស្រាយទាំងនោះបង្ហាញថា “ប្រាជ្ញអាងច្បាប់ ក្បួនការពារខុស” នេះឯង ព្រោះយុទ្ធសាស្ត្រនយោបាយ តែងតែមានខុស បើធ្វើអ្វីមិនស្របតាមច្បាប់គោលដ៏ធំនេះ។

-មនុស្សល្ងង់គ្មានអាងអ្វីទាំងអស់ អាងតែឈ្លោះតទល់កម្លាំងបាយ ៖ សំដៅដល់មនុស្សអវិជ្ជា គ្មានគិតពីច្បាប់អ្វីទេ ដឹងតែកំហឹងទល់កំហល់ ជេរប្រទេច សម្ញែងសាច់ដុំដាក់គ្នា។ សព្វថ្ងៃ អ្នកនយោបាយ ទោះជាមានជម្លោះនឹងគ្នា ក៏នៅរក្សាបានឥរិយាបថថ្លៃថ្នូរ មិនដែលអាងខ្នងអាងខ្នាយ អាងអាមេរិក អាងចិន អាងយួន អាងអឺរ៉ុប អ្វីទេ ប៉ុន្តែអ្នកវិភាគ អ្នកគាំទ្រ នយោបាយល្អិតល្អោច ជេរប្រទេចគ្នាតាមហ្វេសប៊ុក យូធូប មិនសមជាអ្នកចេះដឹងទាល់តែសោះ។ អ្នកវិភាគ អ្នកគាំទ្រខ្លះ មានឋានៈបណ្ឌិត ប៉ុន្តែពាក្យសម្តីដូចគេជះលាមកទាំងកន្ថោរ វាយប្រហារខ្មែរគ្នាឯងអត់អាសូរ មិនចេះខ្មាសបរទេស។ អ្នកគាំទ្រ CPP ជេរពួកប្រឆាំងថា ជា “ឆ្កែវង្វេងជាតិ” រីឯពួកប្រឆាំង ជេរអ្នកគាំទ្របក្សកាន់អំណាចថា “ទ្រពង” រញ៉េរញ៉ៃមែនទែន។ បើចេញក្បួនអសុរោះបែបនេះ ទោះជាឋានៈបណ្ឌិត ក៏ត្រូវរាប់បញ្ចូលទៅក្នុងឃ្លោងឃ្លាថា “មនុស្សល្ងង់គ្មានអាងអ្វីទាំងអស់ អាងតែឈ្លោះតទល់កម្លាំងបាយ” នោះហើយ។

កាលពីសម័យអាណាព្យាបាលបារាំង អ្នកនយោបាយ អ្នកគាំទ្រនយោបាយ សុទ្ធតែអាងអ៊ីចឹងដែរ រហូតដល់លោកតាមហាកវី ង៉ុយ ទុកបណ្តាំជាឃ្លោងឃ្លាថា “អាងព្រើលអាងប្រាជ្ញា អាងកោងអាងកាច អាងកាប់អាងចាក់ អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកអាងច្រវាក់ អាងម៉ាស៊ីនកាត់ក។ អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនេះមិនល្អ អ្នកគិតឱ្យល្អិត ដ្បិតស្រុកលោកក្រ ចាំជាតំណ តជាទំនុក”។ ដូច្នេះបើមនុស្សឥឡូវអាងរបៀបនេះទៀត វាជាន់ដានប្រវត្តិសាស្រ បានត្រឹមនាំមកនូវការបែកបាក់ បាត់បង់ឯកភាពជាតិតែប៉ុណ្ណោះ។

ធម្មតាការអាង តែងផ្តល់ផលវិបាក ឬគុណវិបត្តិ ចៀសមិនរួចទេ ដូច “ប្ញស្សីអាងបន្លា” គង់តែមានថ្ងៃណា មនុស្សកាប់ឆ្ការយកបន្លាចេញ រួចកាប់ប្ញស្សីទៅធ្វើកញ្ជើ ឬជីកទំពាំងសុសដីមិនខាន។ ចំណែកអ្នកអាងច្បាប់ ប្រទាំងប្រទើសគ្នា បកស្រាយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ខុសគ្នានោះ គង់តែមានថ្ងៃណា រដ្ឋសភាក្រោយៗ ធ្វើវិសោធនកម្មមាត្រានេះមិនខាន ដើម្បីបកស្រាយឱ្យបានតែ១ច្រកវិញ ដើម្បីបញ្ចៀសវិបត្តិនយោបាយ។ ចំណែកអ្នកវិភាគ អ្នកគាំទ្រនយោបាយ ដែលជេរប្រទេចគ្នា មិនឈប់នោះ គង់តែមានថ្ងៃណាខ្មាសខ្លួនឯង ស្តាយកំហុសដែលមិនគួរឈ្លោះនឹងខ្មែរគ្នាឯង ធ្វើឱ្យបែកបាក់ជាតិ។ ជម្លោះនយោបាយ មើលមិនធ្លុះទេ ជួនកាលថ្នាក់លើ ឬអ្នកនយោបាយកំពូលៗឈ្មោះគ្នាមួយខ្យល់ ស្រាប់តែស្រុះស្រួលបបួលគ្នា “ជល់កែវចែកកៅអី” បណ្តាលឱ្យអ្នកវិភាគ ងាកក្បាលមិនទាន់គេ បានត្រឹមអាម៉ាស់មុខ ដែលកន្លងមកយើងឃើញច្រើនលើកច្រើនសាណាស់ទៅហើយ ដែលអ្នកនយោបាយកំពូលទាស់ទែងគ្នា ស្រាប់តែត្រូវរ៉ូវគ្នាល្អូកល្អិន ធ្វើឱ្យអ្នកពូកែជេរគ្នា ស្ងួតជើងធ្មេញ ស្អកបំពង់ក ជេរគ្នាលែងកើត។

ដូច្នេះយើងឃើញថា នៅពេលនយោបាយកំពុងឡើងកម្តៅ អ្នកនយោបាយតែងស្វះស្វែងរក “ប្រជាប្រិយភាព” ប្ញស្សីអាង បន្លាការពារខ្លួន”។ នៅពេលលើកផែនការអ្វីមួយ អ្នកនយោបាយណាក៏អាងច្បាប់ដូចគ្នា បណ្តាលឱ្យច្បាប់គោលរបស់ប្រទេសសាំញ៉ាំ បកស្រាយទៅតាមនិន្នាការរៀងៗខ្លួន។ ពិសេសបំផុត អ្នកនាំពាក្យ អ្នកវិភាគ អ្នកគាំទ្រនយោបាយ ក៏នាំគ្នាជួយចាក់ចេកចាក់ស្ករ ថែមរបោយ ការពារអ្នកនយោបាយដែលខ្លួនស្រលាញ់ កើតជាការជេរប្រមាថគ្នា គ្មានសីលធម៌ បានត្រឹមអន្តរជាតិមើលងាយខ្មែរតែប៉ុណ្ណោះ។

សរុបទៅ “ប្ញស្សីអាងបន្លាការពារខ្លួន ប្រាជ្ញអាងច្បាប់ក្បួនការពារខុស មនុស្សល្ងង់គ្មានអាងអ្វីទាំងអស់ អាងតែឈ្លោះ តទល់កម្លាំងបាយ” គ្រាន់តែជាបទបរិយាយតាមមរតកសាសន៍របស់សមណបញ្ញវន្ត សុង ស៊ីវ តែប៉ុណ្ណោះ។ ហេតុនេះ បើចង់ឱ្យមានឯកភាពជាតិ គួរតែអ្នកជេរប្រមាថគ្នាតាមហ្វេសប៊ុក យូធូប ពិចារណាផង ព្រោះជួនកាល “សាច់មិនបានស៊ី យកឆ្អឹងព្យួរក” ឬថា ភ្លេចៗខ្លួន ស្រាប់តែអ្នកនយោបាយកំពូល បបួលគ្នាជល់កែវនោះ ធ្វើឱ្យអ្នកជេរគ្នា ស្តយ្កាក្រោយ មានវិប្បដិសារៈតែប៉ុណ្ណោះ៕