Loading...

បរិយាយថ្ងៃនេះ ៖ រលកផ្ទប់ច្រាំង

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 18:15 pm

ទោះបីជាមានពលរដ្ឋខ្មែរ រស់នៅអាមេរិក ជាច្រើនមកទទួលស្វាគមន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នៅតែមានពួកប្រឆាំងធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ នាំឱ្យមានក្តីបារម្ភដល់កិត្តិយសប្រជាជាតិខ្មែរ ទាំងមូល ព្រោះសកម្មភាពនេះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ករណី “ម្ខាងទរ ម្ខាងទប់” នេះ មិនបានផលចំណេញដល់ជាតិទេ គួរតែមានដំណោះស្រាយកុំឱ្យមានបែបនេះទៀត ព្រោះ “រលកផ្ទប់ច្រាំង” មិនឈ្នះច្រាំងក៏ពិតមែន ប៉ុន្តែវាធ្វើឱ្យច្រាំងសឹកបន្តិចម្តងៗ ដែល “នគរធំ” សូមលើកប្រធានបទ “រលកសមុទ្រ” មកបរិយាយថ្ងៃនេះ…។

រលកសមុទ្រ បើលម្ហណាមានទឹករាក់ត្រឹមជម្រៅ១០ទៅ៥០ម៉ែត្រ វាមានជារលកខ្ពស់ៗ ព្រោះខ្យល់វាយបោកទឹកសមុទ្រ ផ្ទប់នឹងបាតសមុទ្ររាក់ បង្កើតជារលកខ្ពស់ បើប៉ះព្យុះសង្ឃរាទៀតនោះ រលកនៅលម្ហទឹករាក់ប៉ុនៗកូនភ្នំ រងគ្រោះដល់នាវាចរណ៍។ ផ្ទុយទៅវិញ លម្ហដែលមានទឹកជ្រៅ ឬមានជម្រៅរាប់គីឡូម៉ែត្រ ដូចអន្លង់ទឹកមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានជម្រៅ៨គីឡូម៉ែត្រ មិនសូវមានរលកខ្ពស់ៗទេ វៀរលែងតែមានការរញ្ជួយដីនៅបាតសមុទ្រ ទើបវាបង្កជារលកយក្ស (ស៊ូណាមិ) ប៉ុនៗភ្នំ រងគ្រោះដល់ប្រទេសណាដែលនៅជិតតំបន់រញ្ជួយដីនោះ។

នៅកម្ពុជ៉ា ជម្រៅទឹកសមុទ្រមិនហួសពី៥០ម៉ែត្រ បើនៅលម្ហសមុទ្រក្រៅ មានរលកខ្ពស់ៗគួរសមដែរ ប៉ុន្តែដោយសារយើងមានកោះជាច្រើនជួយទប់ជារបាំង ទើបរលកសមុទ្រ មិនហួសពី១ម៉ែត្រ។ នៅឆកកំពង់សោម ជា “សមុទ្រក្នុង” មានរលកទាបៗ ប៉ុន្តែជួនកាលមាន “ព្យុះដៃដំរី” បង្កជារលកខ្ពស់ៗដែរ លុះមានការសង់សាងកំពង់ផែ តម្រូវយកទីតាំងដែលមានកោះពស់ បាំងពីមុខ និងកសាងទំនប់រលកមួយផង។ នឹងអាចកសាងទំនប់រលកបាន មិនមែនយកដីទៅចាក់នោះទេ ព្រោះសម័យសង្គមរាស្ត្រនិយម ដែលមានលោកហ៊ីង សាខុន ជាអភិបាលក្រុង (ជំនាន់នោះ មិនទាន់បង្កើតខេត្ត) បានចាត់ការកសាងទំនប់រលក ដោយមានរថយន្តរាប់សិបគ្រឿង ដឹកថ្មទៅចាក់ក្នុងសមុទ្រធ្វើទំនប់ យកគំរូតាម “ព្រះរាម ចងថ្នល់ទៅ កោះលង្កា”។ បន្ទាប់ពីចាក់ថ្មកិនបង្ហាប់ស្រទាប់ក្រោម ទើបគេចាក់ក្រួស និងថ្មល្អិតពីលើ បន្សល់ទុករហូតដល់សព្វថ្ងៃ ដែលទំនប់រលកនេះ ផ្តល់ផលប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចជាតិ ក្នុងការសង់កំពង់ផែ ដើម្បីទប់ “រលកធំៗ កុំឱ្យបោកផ្ទប់ច្រាំង”។

យ៉ាងណាមិញ “ច្រាំងសមុទ្រ” ប្រៀបបាននឹងបក្សកាន់អំណាច ដែលចាក់ប្ញសយ៉ាងរឹងមាំតាំងពីឆ្នាំ១៩៧៩។ រីឯពួកប្រឆាំង ប្រៀបបាននឹង “រលកសមុទ្រ” ដែលបោកផ្ទប់ច្រាំងពេលណាក៏បែកខ្ចាយចេញផ្កាត្រែង ប៉ុន្តែបើរលកមុខបែកផ្កាត្រែង ក៏ចេញរលកក្រោយមកដល់ជាបន្តបន្ទាប់ ជាលក្ខណៈធម្មជាតិតាក់តែងមក។ ករណីលោកសម រង្ស៊ី លោកកឹម សុខា ចាប់ដៃគ្នាបង្កើត “គណបក្សសង្គ្រោះជាតិ” គឺប្រឆាំងរហូត​ ប្រឆាំងគ្មានឈប់ លុះដល់ CNRP រលាយបាត់ ក៏នៅតែ “ព្រលឹង CNRP” តាមប្រឆាំងរដ្ឋាភិបាល គ្មានថ្ងៃអវសាន ទោះជាដឹងថា “ចូលបែកៗ ដូចទឹករលកផ្ទប់ច្រាំង ក៏នៅតែប្រឆាំង”។

ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក អ្នកឃ្លាំមើលឃើញថា ចំនួនពលរដ្ឋស្វាគមន៍សម្តេច និងអ្នកប្រឆាំងសម្តេច បានបញ្ចោញនិន្នាការឱ្យឃើញច្បាស់ក្រឡែត។ អ្នកគាំទ្រសម្តេច ជេរប្រទេច ចោទប្រកាន់លោកសម រង្ស៊ី ថាក្បត់ជាតិ រីឯអ្នកគាំទ្រលោកសម រង្ស៊ី ចោទប្រកាន់សម្តេច ថា រំលោភសិទ្ធិមនុស្ស ទាញប្រជាធិបតេយ្យ ឱ្យដើរថយក្រោយ។ ចរន្តនយោបាយ “ម្ខាងទរ ម្ខាងទប់” នេះ គឺ “អ្នកខ្លាំងជាអ្នកឈ្នះ” ឬថា រលកសមុទ្របោកផ្ទប់ច្រាំង ក៏បែកខ្ចាយ ប៉ុន្តែវាមិនចេះអស់ រលាយមួយ ចូលមួយ គ្មានពេលស្ងប់។

រលកមាន២ប្រភេទ គឺ “រលករលេញ ឬរលករលាមសាយ” និង “រលកយក្ស ឬរលកខ្ពស់”។ រលកទី១ បានដល់ “ការប្រឆាំងបែបរិះគន់ស្ថាបនា” មិនបាច់ទប់ទល់ទេ ព្រោះ “រិះគន់ស្ថាបនា ជាអាហារបណ្ឌិត” ប៉ុន្តែ រលកទី២ ឬរលកខ្ពស់ សំដៅដល់ការវាយប្រហារ “លើឆាកអន្តរជាតិ” លុះត្រាតែទប់ទល់ទើបបាន។ របៀបទប់ទល់ មិនមែន “កំហឹងទល់កំហល់” ឬប្រមូលហ្វូងមនុស្សទៅទប់ហ្វូងមនុស្សនោះទេ ប៉ុន្តែ ពុទ្ធភាសិតថា “ការផ្សះផ្សា នាំមកនូវជ័យជម្នះ” សម្រាប់អ្នកដឹកនាំ ដែលមិនខុសពី “សង់ទំនប់រលក” ការពាររលកខ្ពស់ កុំឱ្យបោកផ្ទប់កំពង់ផែ។

ការផ្សះផ្សាដល់កម្រិត គឺ “សត្រូវចេញមុខ ល្អជាងមិត្តក្លែងក្លាយ” ពោលគឺការប្រមូលមនុស្សអែបអប ប្រាថ្នាលាភសក្ការៈ មកធ្វើការជាមួយរាប់រយនាក់ មិនស្មើអ្នកប្រឆាំងសំខាន់តែម្នាក់។ បន្ទាប់ពី CNRP ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលមក ឥឡូវពួកប្រឆាំង នៅក្នុងប្រទេស បានក្លាយជា “រលកទាបៗ” រិះគន់ស្រាលៗមិនគួរបារម្ភទេ ប៉ុន្តែពួកប្រឆាំងក្រៅប្រទេស ដែលលើកគ្នាធ្វើបាតុកម្មមុខទីស្នាក់ការ អ.ស.ប ជាប្រភេទរលកខ្ពស់ៗ ផ្តល់គ្រោះថ្នាក់។ អ៊ីចឹងបើ CPP ចង់កសាងកំពង់ផែ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម លុះត្រាតែ “សង់ទំនប់រលក” ឱ្យបានរឹងមាំដោយចាក់ថ្មបង្ហាប់ មិនមែនយកដីទៅចាក់ក្នុងទឹកសមុទ្របានទេ។ ការសង់ទំនប់រលក សំដៅដល់ការផ្សះផ្សាដល់កម្រិត ដូចអ្វីដែលយើងលើកឡើងខាងលើ ពីលក្ខណៈ “សត្រូវចេញមុខ ល្អជាងមិត្តក្លែងក្លាយ” ស្របនឹងសុភាសិតបារាំងថា “ជជែកគ្នា១ម៉ោង ប្រសើរជាងសរសេរសំបុត្រ៥០ដង” (Une heure de conversation vaut mieux que cinquante lettres) ពោលគឺ ចង់ផ្សះផ្សាទំនាស់ លុះត្រាតែនិយាយតទល់ដោយសម្ងាត់ ទើបទទួលផលវិជ្ជមាន។

គួរបញ្ជាក់ថា លោកខៀវ សំផន ដើមឡើយជាបញ្ញវន្តឆ្វេងនិយម តែងប្រឆាំងគោលនយោបាយសម្តេចឪ ប៉ុន្តែព្រះអង្គ មិនចង់ឱ្យគាត់ក្លាយជា “រលកផ្ទប់ច្រាំង” ក៏ហៅគាត់ឱ្យឈរជាតំណាងរាស្ត្រសង្គមរាស្ត្រនិយម ប្រចាំមណ្ឌលស្រុកស្អាង ខេត្តកណ្តាល ក្នុងការបោះឆ្នោតឆ្នាំ១៩៦២ ខណៈដែលពេលនោះ កម្ពុជា មានតែសង្គមរាស្ត្រនិយម ឬឯកបក្ស ដោយគ្មានគណបក្សណាចូលរួម។ លុះលោកខៀវ សំផន ជាប់ឆ្នោតតំណាងរាស្ត្រ ក៏បានចូលជួរគណៈរដ្ឋមន្ត្រី ក្នុងតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្ងប់ការប្រឆាំងអស់រលីង។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទោះបីជាប៉ុល ពត តម្រូវឱ្យសម្តេចឪ ចូលនិវត្តន៍ និងបង្ខាំងសេរីភាពព្រះអង្គ ក៏លោកខៀវ សំផន ក្នុងឋានៈជាប្រធានគណៈប្រធានរដ្ឋ តែងចូលសួរសុខទុក្ខព្រះអង្គ ដល់ក្នុងព្រះបរមរាជវាំង។ ដូច្នេះយើងឃើញថា ការអូសទាញអ្នកប្រឆាំងសំខាន់បានតែម្នាក់ ទទួលផលប្រយោជន៍ជាងមនុស្ស អែបអប ឡេមឡឺមរាប់រយនាក់ ឯការអូសទាញនោះ “និយាយគ្នា១ម៉ោង ប្រសើរជាងសរសេរសំបុត្រ៥០ដង”។ យ៉ាងណាមិញ ទោះបីជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជោគជ័យក្នុងមហាសន្និបាត អ.ស.ប ក៏រលកប្រឆាំងខ្ពស់ៗនៅតែបោកផ្ទប់ច្រាំងរហូត អាចធ្វើឱ្យច្រាំងថ្មីសឹករេចរឹល លុះត្រាតែ “ផ្សះផ្សាឱ្យដល់កម្រិត” ទើបបាន។

សរុបទៅ “រលកផ្ទប់ច្រាំង” មានន័យយ៉ាងនេះឯង ដែលរលកនោះ មាន២ប្រភេទ គឺរលកទាប (រិះគន់ស្ថាបនា) និងរលកខ្ពស់ (វាយប្រហារលើឆាកអន្តរជាតិ) បើ CPP មិន “សង់ទំនប់រលក” ការពារឱ្យរឹងមាំ រលកយក្ស អាចបំផ្លាញឆ្នេរបាន។ ម៉្យាងទៀត មនុស្សអែបអប ប្រាថ្នាលាភសក្ការៈបុណ្យស័ក្តិ រាប់រយនាក់ មិនស្មើ “អ្នកប្រឆាំងដ៏រឹងរូសម្នាក់” ដែលជាបរិបទសម្រាប់ “ច្រាំង CPP” ពិចារណា ដើម្បីការពារ “រលកខ្ពស់”…៕