Loading...

បរិយាយថ្ងៃនេះ  ៖ EBA យឺតដូចរោមជើងព្រះរាម

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 18:04 pm

ទោះបីជាអ្នកនាំពាក្យគណបក្សកាន់អំណាច (CPP) អះអាងថា បើមានការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប លើកលែងតែគ្រឿងអាវុធ (Everything But Arms) (EBA) ក៏ “កម្ពុជាមិនស្លាប់” នោះ ក៏នៅក្នុងពេលជួបជុំគ្នាតាមវត្តអារាមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មានយុវវ័យជាកម្មករ-កម្មការិនីរោងចក្រ នៅភូមិជាមួយគ្នា ជជែកគ្នាពីក្តីបារម្ភរបស់ពួកគេ ខ្លាចបាត់បង់ការងារ និងប្រាក់ចំណូល បើសិនជាសហភាពអឺរ៉ុប មិនបន្ធូរដៃ។ ទោះយ៉ាងណា ក៏មានអ្នកវិភាគមួយចំនួន រួមទាំង “នគរធំ” ផងដែរ មានទស្សនៈថា អឺរ៉ុប មិនដាច់ចិត្តផ្កាប់ឆ្នាំងបាយកម្មករ-កម្មការិនីខ្មែរនោះទេ ប្រហាក់ប្រហែលនឹងរឿង “ហនុមាន ទាញរោមជើងព្រះរាម មិនដាច់” ឬពោលឱ្យចំ “EBA យឺតដូចរោមជើងព្រះរាម” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

នៅក្នុងរឿង “រាមកេរ្តិ៍” បានតំណាលពី “ហនុមាន” ជាស្តេចស្វាខ្លាំងពូកែ បុត្រព្រះសុរិយា នៅពេលថ្វាយខ្លួនជាសេនាដៃស្តាំរបស់ព្រះរាម ស្តេចស្វានេះ មិនញញើតកោតខ្លាច “ព្រះលក្សណ្ម៍” ដែលជាប្អូនព្រះរាម នោះទេ។ ដោយចង់ឱ្យហនុមាន គោរពកោតខ្លាចព្រះលក្សណ្ម៍ ទើបព្រះរាម តួអង្គវិស្ណុអវតារ បានប្រើហនុមាន ទាញរោមព្រះបាទ (រោមជើង) ព្រះអង្គ ១សរសៃ ប៉ុន្តែហនុមាន ប្រឹងទាញយ៉ាងណាក៏មិនដាច់ ដោយរោមជើងនោះយឺតវែងទៅៗ រហូតដល់ចក្រវាល។ លុះព្រះរាម ប្រើព្រះលក្សណ្ម៍ ឱ្យទាញម្តង រោមជើងនោះក៏ដាច់ភឹង ជាហេតុនាំចិត្តហនុមាន ឱ្យគោរពកោតខ្លាចព្រះលក្សណ្ម៍ តាំងពីពេលនោះមក។

បើយករឿង ព្រះរាម បញ្ចោញមហិទ្ធិប្ញទ្ធិធ្វើឱ្យរោមជើងយឺតទាញមិនដាច់ មកប្រៀបធៀបនឹងស្ថានការណ៍បច្ចុប្បន្ន យើងឃើញថា “សហភាពអឺរ៉ុប” ប្រៀបបាននឹងព្រះរាម ចំណែក “ហនុមាន” ដ៏ខ្លាំងពូកែ ប្រៀបបាននឹង CPP រីឯ “ព្រះលក្សណ្ម៍” ប្រៀបបាននឹងអតីតគណបក្សប្រឆាំង (CNRP)។

ចាប់តាំងពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល ចេញសាលដីកាស្ថាពររំលាយចោល និងដកសិទ្ធិមន្ត្រីបក្សប្រឆាំងនេះ ១១៨នាក់ មិនឱ្យធ្វើនយោបាយ៥ឆ្នាំមក ពួកប្រឆាំង ក៏បែកខ្ញែកគ្នារប៉ាត់រប៉ាយ ខ្លះជាប់គុក ខ្លះសំងំសុខក្នុងប្រទេស ដូចកណ្តុរខ្លាចឆ្មា ខ្លះទៀតរត់ទៅជ្រកកោននៅប្រទេសក្រៅ។ ដោយឡែក សហរដ្ឋអាមេរិក ក៏ដូចសហភាពអឺរ៉ុប នៅតែស្រលាញ់លោកសម រង្ស៊ី និងសហការី ដែលកំពុងផ្ញើខ្លួននៅក្រៅប្រទេស បើពួកប្រឆាំង ទាមទារឱ្យធ្វើអ្វី អាមេរិក អឺរ៉ុប ក៏ចេះតែធ្វើតាម ជាពិសេស ធ្វើតាម CNRP ត្រង់ចំណុចចោទប្រកាន់ CPP ពីបទ “រំលោភសិទ្ធិមនុស្ស និងទាញប្រជាធិបតេយ្យ ឱ្យដើរថយក្រោយ”។ ជាងនេះទៀត សហភាពអឺរ៉ុប បនាព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាក់ព័ន្ធដល់ការអនុគ្រោះពន្ធលើវិស័យកាត់ដេរ EBA ដោយព្រមានម្តងហើយម្តងទៀត ឱ្យរដ្ឋាភិបាលកម្ពុជា សម្របសម្រួលស្តារប្រជាធិបតេយ្យឡើងវិញ ប៉ុន្តែទោះជាអឺរ៉ុប ព្រមានយ៉ាងណា ក៏សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសថា “មិនឱនក្បាលចុះចាញ់” ឬ “មិនប្តូរអធិបតេយ្យ” ជាដាច់ខាត។

ការព្រមានរបស់អឺរ៉ុប មុនដំបូងថា ទុកពេលឱ្យ៣ខែ ឥឡូវកែប្រែទៅជា “៦ខែ ពីរដង” ឬ១ឆ្នាំ ឃើញថា ចេះតែពន្យារយូរទៅៗ លុះឃើញការពន្យារបែបនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថា “សហភាពអឺរ៉ុប បន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ដល់ឆ្នាំ២០២៧”។ បើអ៊ីចឹងនោះ ករណីអឺរ៉ុប ទុកពេលឱ្យ៦ខែ ពីរដង អាចនឹង “៦ខែ ១០ដង…២០ដង” ក៏ថាបាន ដែលមិនខុសពី “ហនុមាន ទាញរោមជើងព្រះរាម យឺតដល់ចក្រវាល”។

បើជម្រះទស្សនៈលើបញ្ហោនះ គឺអឺរ៉ុប សិក្សាដឹងពីផលប៉ះពាល់ដល់ជីវភាពកម្មករ-កម្មការិនីខ្មែរ ប្រមាណជាង១លាននាក់ ដែលផ្ញើជីវិតលើវិស័យឧស្សាហកម្មកាត់ដេរ បើសិនជាផ្តាច់ការអនុគ្រោះពន្ធ ឬថា រដ្ឋាភិបាល សុខចិត្តបង់ពន្ធតាមការទាមទាររបស់អឺរ៉ុបនោះ ច្បាស់ជាថៅកែរោងចក្រដែលភាគច្រើនជាជនបរទេស ត្រូវកាត់បន្ថយចំនួនកម្មករ ឬកាត់ប្រាក់ឈ្នួល ដើម្បីទុកប្រាក់ចំណេំញសម្រាប់បង់ពន្ធ។ ជួនកាលអាចធ្វើឱ្យរោងចក្រក្ស័យធន កម្មករអស់ការងារធ្វើ ធ្លាក់ទៅក្នុងភាពក្រីក្រវិញដដែល គឺបញ្ហាដ៏ធ្ងន់នោះហើយដែលសហភាពអឺរ៉ុប មើលឃើញពីអនាគតកម្មករខ្មែរ ទើបគេចេះតែពន្យារពេល និងទុកពេលឱ្យ CPP សម្របសម្រួលជាមួយពួកប្រឆាំង ឬថា “ព្រះរាម ចង់ឱ្យហនុមាន គោរពកោតខ្លាចព្រះលក្សណ៍ ជាប្អូន” ក៏ប្រើស្តេចស្វាដ៏ខ្លាំងពូកែនោះ ឱ្យទាញរោមជើងយឺតដល់ចក្រវាល។

បញ្ហានេះ អ្នកវិភាគមើលឃើញលើគោក ពោលគឺ អឺរ៉ុប ពន្យារពេលដាក់ទណ្ឌកម្ម ដើម្បីទុកឱកាសឱ្យរដ្ឋាភិបាលកម្ពុជា យល់ព្រមតាមលោកសម រង្ស៊ី ចាក់ចង្កេះអឺរ៉ុប ឱ្យធ្វើតាមអ្វីដែល “ចលនាសង្គ្រោះជាតិ” ចង់បាន។ បើនិយាយឱ្យចំមែនទែន ពួក CNRP ចង់ឱ្យអឺរ៉ុប ធ្វើអន្តរាគមន៍យ៉ាងណាឱ្យ “ខ្មោច CNRP រស់វិញ” ជាពិសេស ប្រគល់កៅអីមេឃុំ-ចៅ-សង្កាត់ តំណាងរាស្ត្ររបស់ CNRP មកវិញ និងបានចូលរួមក្នុងការបោះឆ្នោតមុនអាណត្តិ។

ចំណុចនេះ វាពាំត្រណោតមែនទែន ដែល CPP មិនអាចសម្របសម្រួលបានឡើយ ព្រោះបើយល់ព្រមប្រោះព្រំ CNRP ឱ្យរស់វិញដូច “ហុចដងដាវឱ្យគូសត្រូវ”។

តាមការកត់សម្គាល់ បើពួកប្រឆាំងវ៉ៃខ្លាំង ដោយបង្កើតជាបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រៅប្រទេស ច្បាស់ជានៅក្នុងប្រទេសមាន “ញត្តិគាំទ្ររដ្ឋាភិបាល” ចេញពីគ្រប់ក្រសួង ស្ថាប័ន អង្គភាព មិនខានឡើយ។ បើ “ម្ខាងទរ ម្ខាងទប់” យ៉ាងនេះ មិនអាចរកការសម្របសម្រួលឃើញឡើយ។ ចំណែកអាមេរិក អឺរ៉ុប បានត្រឹមព្រមានដាក់ទណ្ឌកម្មដដែលៗ សាំអស់ទៅហើយ។ ចំណុចនេះ ក៏មានតាញៀនកាហ្វេម្នាក់ លើកឡើងនៅក្នុងវេទិកាតុកាហ្វេ១ថា “បើសិនជាខ្មោច CNRP បែកបាក់គ្នាជា២ ច្បាស់ជា CPP សម្របសម្រួលភ្លាម មិនពិបាកទេ”។ តាម្នាក់ទៀត ពោលបន្តថា “បើមានបក្សសម រង្ស៊ី បក្សកឹម សុខា ឈ្លោះហែកហួរគ្នា ច្បាស់ជា CPP យល់ព្រមឱ្យបោះឆ្នោតមិនខាន តែយ៉ាប់ត្រង់មេបក្សប្រឆាំងធំទាំងពីរហ្នឹង មិនព្រមបែកគ្នាសោះ”។

ដូច្នេះយើងឃើញថា បើយោងតាមសម្តីតាៗញៀនកាហ្វេ ដរាបណាខ្មោច CNRP នៅតែមានព្រលឹងចងពៀរ ទាមទារចាប់ជាតិ បានចូលប្រឡូកក្នុងការបោះឆ្នោត វាពាំត្រណោតមែនទែន ព្រោះបក្សកាន់អំណាច មិនប្រថុយប្រថាននោះឡើយ បានត្រឹមទុកនៅជា “ជនក្បត់ជាតិ” ឬ “ឧទ្ទាមក្រៅច្បាប់” រហូតទៅ។ លុះ CPP មិនអាចសម្របសម្រួលបញ្ហានោះបាន CNRP ក៏ផ្លុំត្រចៀកពួកអឺរ៉ុប ឱ្យ “ដាក់ទណ្ឌកម្មឆាប់ៗទៅ” ប៉ុន្តែពួកអឺរ៉ុប អាណិតអាសូរកម្មករ-កម្មការិនីខ្មែរ ទើបគេមិនដាច់ចិត្តដាក់ភ្លាមៗ ក៏ចេះតែពន្យារ “៦ខែ ពីរដង” ហើយអាចនឹងពន្យារទៅមុខទៀត ដូចព្រះរាម បញ្ចោញប្ញទ្ធិតេជះ ធ្វើឱ្យរោមជើងព្រះអង្គ យឺតទាញមិនដាច់។ បើអ៊ីចឹង កម្មករ-កម្មការិនីខ្មែរ ដែលជជែកគ្នាក្នុងវត្ត ពាក់ព័ន្ធក្តីបារម្ភដល់ EBA នោះ សូមឈប់បារម្ភទៀតទៅ ព្រោះរឿងពន្យារពេលនេះ វាយឺតដូចរោមជើងព្រះរាម ដោយហេតុថា ព្រះរាម “ប្រើល្បិចធ្វើឱ្យហនុមាន កោតញញើតប្អូន” ដូចអ្វីដែលរៀបរាប់ខាងលើ។

សរុបទៅ “EBA យឺតដូចរោមជើងព្រះរាម” គ្រាន់តែជាទនស្សនៈមួយ ជួយសម្រាលទុក្ខកម្មករ-កម្មការិនីខ្មែរតែប៉ុណ្ណោះ ដែលពួកគេកំពុងព្រួយបារម្ភពីអនាគត។ បើសិនជាអឺរ៉ុប ចង់ធ្វើបាប ឬផ្កាប់ឆ្នាំងបាយកម្មករខ្មែរនោះ គេមិនចាំបាច់ព្រមានម្តងហើយម្តងទៀតយ៉ាងនេះទេ។ រឿងអឺរ៉ុប ពន្យារពេល គឺចង់ឱ្យ CPP ចរចាសម្របសម្រួលបើកផ្លូវឱ្យខ្មោច CNRP រស់វិញ ប៉ុន្តែនឹងអាចធ្វើបែបនេះបាន លុះត្រាតែ CNRP បែកជា២ ជា៣ ហើយបើមិនបែក CPP អត់ចរចា រីឯអឺរ៉ុប ចេះតែពន្យារពេលវែងទៅៗ ដូចរោមជើងព្រះរាម យ៉ាងនេះឯង…៕