Loading...

បេប៊ី ខ្លាចលេចលីអូ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 15:28 pm

តារាសម្តែងក្លាយទៅជាអ្នកចម្រៀង នាងជុំ រចនាពេជ្រ ហៅបេប៊ី ដែលរងភាពអាម៉ាស់តែម្តងរួចទៅហើយ ព្រោះតែស្លៀកសំពត់ខ្លីរាំលើឆាក នាំឱ្យលេចចេញខោលីអូផ្អើលពេញ Youtube នោះ ស្រាប់តែពេលនេះមានការប្រុងប្រយ័ត្នប្រយែងខ្ពស់ជាងមុន ដើម្បីការពារការថ្លោះធ្លោយម្តងទៀត នាំឱ្យប្រុសៗមើល Free។

បេប៊ី ដែលស្ថិតក្នុងចំណោមតារាស្រីវ័យក្មេងមានទ្រព្យច្រើន នៅតែព្យាយាមលាក់បាំងថា នាងគ្មានកំណាន់ចិត្តនៅក្រោយខ្នងឡើយ ហើយនាងនៅតែថ្ងូរថា រកសង្សារមិនបានទេ តែ១គ្រាប់ធ្វើថ្នាំ ក៏គ្មានផង ដែលការអះអាងរបស់នាងបែបនេះ មិនសូវមានគេជឿជាក់ច្រើននោះទេ។

ភាពអាម៉ាសរបស់ស្រីស្អាតបេប៊ី នាំឱ្យប្រុសៗសម្បូរទ្រព្យ មន្ត្រីធំៗ និងលោកឧកញ៉ា  រួមទាំងតាតាមិនតិចឡើយ ដែលជ្រួលជ្រើមលើសម្រស់តារាសាច់សខ្ចីនេះ កាន់តែខ្លាំង នៅពេលដែលនាងឡើងរាំស្លៀកសំពត់ខ្លី ហើយលេចចេញលីអូកណ្តាលឆាក ដែលត្រូវក្រុមអ្នក Troll យកទៅ Share ចែកគ្នាយ៉ាងសប្បាយភ្នែក។ នេះជាលើកទី២ហើយ សម្រាប់អ្នកចម្រៀងវ័យក្មេង បន្ទាប់កាលពីខែមុន នាងចំរើន សុភ័ក្រ បង្កឱ្យមានកំហុសលេចចេញចុងសុដន់នៅលើគោក ពេលដែលនាងច្រៀងនៅលើឆាក CTN នោះ ដែលធ្វើឱ្យអ្នកចម្រៀងហង្សមាស ថា នាងខ្មាសគេខ្លាំង។

ដោយឡែក ស្រីស្រស់បេប៊ី វិញ មិនត្អូញត្អែរថា ខ្លាចខ្មាសគេខ្លាំងដូចនាងចំរើន សុភ័ក្រ ឡើយ តែនាងសន្យាថា នឹងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងមុនៗ ពេលឡើងឆាកក្រោយ និងមិនចង់ឱ្យគេមើលកន្លែងពិសេសបែបនេះទៀតឡើយ។

ក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ បេប៊ី និយាយលាយឡំសំណើចថា “ខ្ញុំមិនខឹងអាអ្នក Troll  យកទៅបង្ហោះលើ Youtube នោះទេ គ្រាន់តែថា សូមសរសើរ ហើយពិតជាពូកែមែន រាំលឿនយ៉ាងហ្នឹង មកមើលទាល់តែឃើញ។ ពីមុនដំបូង ខ្ញុំគ្រាន់តែឃើញគេគូររង្វង់ថា ខ្ញុំលេចចេញរបស់អីណា។ ខ្ញុំសើចម្នាក់ឯង មិនដឹងជានិយាយម៉េចទេ ព្រោះថា អីក៏ពូកែៗមើលម៉េស? យី! ពួកនេះមិនបានមែន លើកក្រោយចាំតែបណ្តោយឱ្យចឹងទៀតតើ។ ខ្ញុំគិតថា ការឡើងឆាករបស់ខ្ញុំកន្លងមក មិនជាសិចស៊ីអីខ្លាំងពេកទេ ព្រោះយើងស្លៀកពាក់ទៅតាមកម្មវិធីដែរ ហើយពេលរាំបទញាក់ ក៏ធ្វើទៅតាមហ្នឹងដែល ជួនកាលមើលទៅរាងសិចស៊ីតិចមែន។ ខ្ញុំនឹងមានការប្រុងប្រយ័ត្នប្រយែងជាងមុន មិនឱ្យមានរឿងអ៊ីចឹងទៀតទេ ហើយក៏គ្មានចេតនាឱ្យគេឃើញចឹងដែរ នេះជាកំហុសដោយអចេតនា យើងនឹងការពារអត់ឱ្យលេចដូចមុនទៀតទេ”។

បេប៊ី ឡើងកូដនៅពេលដែលនាងឆក់ឱកាសបានក្នុងតំណែងជាពិធីការិនី CTN និង MyTV ហើយស្រីស្រស់សោភារូបនេះ បានវិវឌ្ឍខ្លួនទៅជាតារាចម្រៀងដែលផលិតបទចម្រៀងដោយខ្លួនឯង ដើម្បីចេញនៅលើយូធូប និងយកទៅច្រៀងនៅតាមឆាកតន្ត្រីផ្សេងៗទៀត ដើម្បីឱ្យកេរ្តិ៍ឈ្មោះរបស់នាងកាន់តែសាយភាយថែមទៀត។

ពិធីការិនីសាច់សខ្ចីរូបនេះ បន្ថែមថា “ខ្ញុំធ្វើបទចម្រៀងដោយខ្លួនឯងបាន៧បទហើយ។ បទដែលទទួលបានការចាប់អារម្មណ៍ជាងគេ គឺបទ “បូតសណ្តែក” ចំណែកបទ “កីឡាបាល់ទាត់កម្ពុជា”  យើងមានការប្រុងប្រយ័ត្នក្នុងការសរសេរប៉ារ៉ូលដែរ ព្រោះបទនេះទាក់ទងការលើកទឹកចិត្តកីឡាករខ្មែរយើង។ ខ្ញុំនឹងធ្វើបទចម្រៀងថែមទៀតហើយ បទណាមានការគាំទ្រច្រើន យើងនឹងថតជា MV ដែលជាការចំណាយថវិកាដោយខ្លួនឯង ហើយគ្មាន Sponsor ទេ អ៊ីចឹងមានការពិបាកខ្លះៗដែរ”។

បេប៊ី ជាតារាវ័យក្មេងដែលមានទ្រព្យសែនដុល្លារ ព្រោះនាងបានទិញវីឡាជាង២០ម៉ឺនដុល្លារ និងជិះរថយន្តទំនើប Range Rover យ៉ាងហ៊ឺហា។ ជុំវិញការមានទ្រព្យលឿនដូចផ្លេកបន្ទោរបស់នាងបេប៊ី ដែលទើបមានអាយុ២០ឆ្នាំនេះ ធ្វើឱ្យមានការសង្ស័យថា ស្រីស្អាតរូបនេះមានគូស្នេហ៍នៅក្រោយខ្នងជាអ្នកជួយជ្រោមជ្រែងឧបត្ថម្ភឱ្យនាងដេកនៅវីឡា ជិះឡានទំនើបៗ  និងចាយលុយមិនចេះអស់ឡើយ។

ជុំ រចនាពេជ្រ និយាយមិនបង្អង់ថា “រឿងមានសង្សារអីណា នៅក្រោយខ្នងហ្នឹង មិនត្រូវទេ មើលទៅ ព្រោះអីខ្ញុំរកសង្សារតែ១គ្រាប់ អត់បានផងហ្នឹង (សើច)។ អ្នកខ្លះថា យើងហ្នឹងមិនហ៊ានបណ្តើរសង្សារអីដូចគេទេ តែតាមពិតចង់បង្ហាញដែរ តែអត់អ៊ីចឹងទៅបណ្តើរអ្នកណា? ខ្ញុំធ្លាប់និយាយហើយថា អត់ចង់យកសង្សារអី នាំតែរញ៉េរញ៉ៃជាប់ដៃជាប់ជើងទេ បើយកគឺយកប្តីតែម្តង។ មានគេស្រលាញ់ បើថាអត់ ក៏គេមិនជឿដែរ អ៊ីចឹងពេលណារៀបការ អញ្ជើញអ្នកកាសែតទៅទាំងអស់គ្នា”។

ក្រៅពីបេប៊ី តារាវ័យក្មេងដែលឡើងកូដដល់កំពូល មានលុយឡាន និងវីឡាប្រជែងគ្នាយ៉ាងខ្លាំងក្លា នៅឆ្នាំ២០១៨នេះ គឺមាន នាងមាន សុនិតា, នៅ សុនិតា, ទេព បូព្រឹក្ស, ថន លក្ខិណា និងដួង ម៉ានិច្ច ជាដើម ហើយពួកគេលាក់បាំងគូស្នេហ៍នៅក្រោយខ្នងដូចៗគ្នា៕