Loading...

បែកគ្នា២០ឆ្នាំ!!! កែវ កល្យាណ ជួបអម្ពរ ទេវី ញាំអាហាររួមគ្នា

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:02 pm

កាលពីថ្ងៃម្សិលមិញ (១២ តុលា) អតីតតារាភាពយន្ដជើងចាស់ អ្នកនាងកែវ កល្យាណ បានណាត់ជួបអ្នកនាងអម្ពរទេវី នៅភោជនីយដ្ឋានមួយ ហើយអ្នកទាំង២ បានបង្ហាញពីភាពនឹករលឹករកគ្នាជាពន់ពេក ក្រោយពីបានបែកគ្នាអស់រយៈពេល២០ឆ្នាំមក ក្នុងនោះក៏មានវត្តមានលោកយុត្ថារ៉ា ឆាន្នី ចូលរួមផងដែរ។

អំឡុងពេលដែលញាំអាហាររួមគ្នានោះ អ្នកនាងកល្យាណ បានថ្លែងសារថា ”មកជួបជុំមិត្តរួមអាជីព និងជំនាន់ បែកគ្នា២០ឆ្នាំហើយ នឹកណាស់”។

អ្នកនាងអម្ពរ ទេវី បានចុះឡើងពីអាមេរិក មកស្រុកខ្មែរ ជាញឹកញាប់ ដើម្បីសម្ដែងភាពយន្ដ ដូចជាកន្លងមក អ្នកនាងទេវី បានថតរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” របស់ផលិតកម្មថោន និងថ្មីៗនេះថតរឿង ”ឆន្ទា” របស់ផលិតកម្ម LD ជាដើម។

ដោយឡែក អ្នកនាងកែវ កល្យាណ វិញ បានផ្អាកអាជីពសម្ដែងជាច្រើនឆ្នាំមកហើយ បើទោះជាមានផលិតកម្មមួយចំនួន រួមទាំងហង្សមាស ផង បានទាក់ទងឲ្យអ្នកនាងថតកុនសារជាថ្មីវិញ ក៏អ្នកនាងមិនទាន់សម្រេចចិត្តវិលត្រឡប់មករកអាជីពចាស់វិញដែរ។

អ្នកនាងកល្យាណ បានរួមរស់ជាមួយកូនប្រុសស្រីទាំង៣នាក់ នៅវីឡាដ៏ប្រណីត ជិតកាំកូស៊ីធី ដោយមានផ្ទះជួលទៀតផង ខណៈដែលស្វាមីនាងជាអ្នកជំនួញម្នាក់។ ថ្មីៗនេះដែរ អ្នកនាងកល្យាណ បានប្រកាសលក់វីឡា ដើម្បីយកថវិកាឲ្យកូនៗទៅបន្ដការសិក្សានៅប្រទេសអូស្ដា្រលី តែការចរចារតម្លៃ មិនទាន់ត្រូវរ៉ូវគ្នាឡើយ។

អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅអ្នកនាងកែវ កល្យាណ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា តែត្រូវបានកូនស្រីអ្នកនាងលើកជំនួស ហើយអះអាងថា អ្នកនាងកល្យាណ ចេញក្រៅភ្លេចទូរស័ព្ទ ទើបមិនអាចសាកសួរពីការដែលអ្នកនាងបានណាត់ជួបជាមួយអ្នកនាងអម្ពរ ទេវី នោះបានឡើយ។ យ៉ាងណា អ្នកគាំទ្រតារាជើងចាស់ទាំង២ដួង ចង់ឃើញអ្នកនាងកែវ កល្យាណ និងអម្ពរ ទេវី ចាប់ដៃគ្នាសម្ដែងភាពយន្ដរួមគ្នាឡើងវិញ ក្រោយពេលដែលពួកគេឮការអះអាងរបស់អ្នកនាងកល្យាណថា បានបែកគ្នា២០ឆ្នាំ ទើបមានឱកាសបានជួប និងញាំអាហារជាមួយគ្នាវិញនេះ៕