Loading...

ប៊ុត សីហា ពន្យារពេលបង្ហាញមុខនៅថោន

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 10:23 am

ប៊ុត សីហា ដែលធ្លាប់អះអាងថា នឹងចូលផលិតកម្មថោន នៅពេលដែលរូបគេត្រូវបានហង្សមាស ដេញចេញ កាលពីចុងឆ្នាំ២០១៧ ដោយសារពាក់ព័ន្ធការសេពគ្រឿងញៀននោះ រហូតមកដល់ពេលនេះ ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ កាលពីឆ្នាំ២០១៥ នេះ តែពន្យារពេលចេញមុខនៅទ្រនំថ្មីនេះដដែល។

តារាចម្រៀងជាច្រើននៅថោន រួមទាំងនាងរ៉ាប៊ី ផង ដែលអ្នកយកព័ត៌មានយើងបានសាកសួរនោះ ពួកគេអះអាងថា ប៊ុត សីហា នៅមិនទាន់ឃើញថតបទចម្រៀងនៅថោន នោះទេ ហើយក៏មិនដែលជួបមុខអតីតអ្នកចម្រៀងហង្សមាស នេះនៅថោន ដែរ។

ទោះជាយ៉ាងណា គេជឿជាក់ថា ប៊ុត សីហា នឹងចេញស្តារមុខមាត់នៅថោន ក្នុងពេលឆាប់ៗនេះជាមិនខាន ខណៈដែលផលិតកម្មសាន់ដេ ក៏រង់ចាំស្វាគមន៍អ្នកចម្រៀងដែលមកពីខេត្តកំពង់ស្ពឺ នេះដែរ។

ប៊ុត សីហា ក្រោយអស់តួនាទីជាអ្នកចម្រៀងហង្សមាស នោះ បានលេចមុខច្រៀងតាមអកកេសក្នុងកម្មវិធីជប់លៀងតូចៗជាច្រើន ហើយពេលនេះ សីហា ល្បីបទ “គ្មានអ្នកណាកែចិត្តបងបានទេ” ដែលមានអ្នកគាំទ្រ១២លាននាក់ ក្រោយចេញតាមយូធូប។

តារាចម្រៀងដែលមានប្រវត្តិកម្សត់ ត្រូវឪពុកស្លាប់ចោល ចំថ្ងៃដែលរូបគេប្រលងចម្រៀងនៅហង្សមាស នេះ កំពុងរស់នៅជាមួយភរិយាអ្នកនាងឃុន ស្រីនាង និងកូនស្រីម្នាក់ ក្បែរផ្សារដើមថ្កូវ រាជធានីភ្នំពេញ ហើយទស្សនិកជនមួយចំនួននៅតែមិនអស់ចិត្តចំពោះហង្សមាស ដែលបានប្រកាសថា ទោះជាសីហា កែខ្លួនយ៉ាងណា ក៏ផលិតកម្មនេះមិនយកវិញជាដាច់ខាតនោះ ដោយពួកគេចាត់ទុកថា ហង្សមាស កាត់ទោសសត្វសេកស្មើខ្លា ដោយសំអាងថា ខ្លាស៊ីមនុស្សពេញភូមិ មានទោសស្មើសេកលួចស៊ីស្រូវគេដែរ។

ប៉ុន្តែយ៉ាងណា Fan តារាចម្រៀងប៊ុត សីហា ចង់ឃើញអ្នកចម្រៀងរូបនេះកែខ្លួនសាជាថ្មី នឹងឈប់សេពគ្រឿងញៀនតទៅទៀតនោះ តារាចម្រៀងរូបនេះនឹងនៅតែមានអ្នកគាំទ្រដដែល។

តារាចម្រៀងថោន នាងរ៉ាប៊ី បានឱ្យដឹងថា នាងមិនស្អប់ខ្ពើមប៊ុត សីហា នោះទេ ប្រសិនបើអតីតអ្នកចម្រៀងរូបនេះ ចូលថោនមែន តែពេលនេះ នាងមិនទាន់បានដឹងរឿងទាំងនោះឡើយ ក្រោយពេលដែលសីហា ខកខានដំណើរចេញទៅច្រៀងនៅអាមេរិក ជាមួយនាងកាលពីខែមេសា ឆ្នាំ២០១៨ នេះ៕