Loading...

ប្រពន្ធស្លាប់ចោល២ខែ ប្តីដេកនឹកភ្លេចបាយភ្លេចទឹក រហូតដល់ខ្យល់គរស្លាប់

​ សោម សុភា​​ | ថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 17:10 pm

ខេត្តកណ្តាល ៖ បុរសរងគ្រោះ ដែលដេកស្លាប់នៅលើផ្ទះដោយគ្មានអ្នកដឹង មានឈ្មោះយ៉ឺន យឿន អាយុ៤២ឆ្នាំ មុខរបរកសិករ ជាពោះម៉ាយប្រពន្ធទើប ស្លាប់ចោលប្រមាណជាង២ខែមកហើយ មានលំនៅក្នុងភូមិអន្លង់ទ្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម។

តាមសម្តីស្ត្រីឈ្មោះឌឿក ផាន ត្រូវជាម្តាយក្មេករបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះខាងលើ ត្រូវជាកូនប្រសារបស់គាត់ តែគេបានធ្លាក់ខ្លួនជាពោះម៉ាយអស់រយៈពេលជាង២ខែមកហើយ បន្ទាប់ពីប្រពន្ធ (កូនស្រីរបស់គាត់) បានឈឺស្លាប់ចោលបាត់ទៅ។ តាំងពីប្រពន្ធស្លាប់ចោលមក គាត់សង្កេតឃើញកូនប្រសានេះ បានកើតទុក្ខរីងរៃខ្លាំងណាស់ រហូតដល់លែងសូវនឹកនារកបាយទឹក ចេះតែអង្គុយ សញ្ជប់សញ្ជឹងតែម្នាក់ឯង ទឹកមុខស្រងូតស្រងាត់ មិនសូវនិយាយស្តីរកអ្នកណាទេ ពោលគឺហាក់កាត់ចិត្តមិនទាន់ដាច់ពីប្រពន្ធរបស់ខ្លួននៅឡើយ។

ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញស្រុកនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី គ្រូពេទ្យមណ្ឌលសុខភាពព្រែកឫស្សី លោកមេឃុំ លោកមេភូមិ បានចុះមកពិនិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ដេកស្លាប់ដោយខ្លួនឯង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ៕