Loading...

ពលរដ្ឋតៃវ៉ាន់ រាប់ពាន់នាក់ ធ្វើបាតុកម្មទាមទារឯករាជ្យពីចិន

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:04 pm

យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា បាតុករគាំទ្រឯករាជ្យរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងទៅនឹងការធ្វើទុក្ខបុកម្នេញរបស់ទីក្រុងប៉េកាំង ហើយក៏បានអំពាវនាវឱ្យមានការធ្វើប្រជាមតិ ថាតើកោះតៃវ៉ាន់ ដែលមានស្វ័យគ្រប់គ្រង គួរតែប្រកាសឯករាជ្យជាផ្លូវការពីប្រទេសចិន បានឬយ៉ាងណា?

នេះគឺជាការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំលើដែនកោះតៃវ៉ាន់ នៅឆ្នាំនេះ ដែលត្រូវបានរៀបចំដោយមនុស្សមួយក្រុម ដែលទើបតែបង្កើតអង្គការមួយ ដែលមានឈ្មោះថា សម្ព័ន្ធហ្វ័រមូសា (Formosa Alliance) បានរយៈពេល៦ខែ។ ការតវ៉ានេះបានធ្វើឡើងនៅជិតទីស្នាក់ការគណបក្សជឿនលឿនប្រជាធិបតេយ្យ របស់លោកស្រីប្រធានាធិបតី Tsai Ing-wen។

លោក Kenny Chung អ្នកនាំពាក្យសម្ព័ន្ធហ្វ័រមូសា បានថ្លែងថា ចំនួនអ្នកចូលរួមធ្វើបាតុកម្មដ៏ច្រើនបែបនេះ គឺជាសញ្ញាជោគជ័យមួយដ៏ធំធេង។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងកោះតៃវ៉ាន់ បានប្រែល្អក់កករជាមួយគ្នា ចាប់តាំងពីលោកស្រីប្រធានាធិបតី Tsai Ing-wen ឡើងកាន់អំណាចកាលពីឆ្នាំ២០១៦ ដែលចិន មានការសង្ស័យថា លោកស្រីកំពុងតែទាមទារឯករាជ្យផ្លូវការពីទីក្រុងប៉េកាំង។

អ្នកតវ៉ាជាច្រើនបាននាំគ្នាអំពាវនាវឱ្យរដ្ឋាភិបាល លោកស្រី Tsai ប្រឆាំងទៅនឹងទីក្រុងប៉េកាំង ហើយជួយឱ្យមានការធ្វើប្រជាមតិមួយ ដើម្បីទាមទារឯករាជ្យ ចៀសវាងការរស់ក្រោមដំបូលរបស់ចិន។

ទាក់ទងទៅនឹងការក្រោកតវ៉ារបស់ប្រជាជនកោះតៃវ៉ាន់នេះ លោកស្រី Tsai បាននិយាយថា ខ្ញុំនឹងនៅតែមានទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំង ប៉ុន្តែ ខ្ញុំប្តេជ្ញាជំរុញឱ្យមានសន្តិសុខជាតិ សម្រាប់កោះតៃវ៉ាន់ ព្រមទាំងមិនឱ្យមានការរឹតបន្តឹង ឬសង្កត់សង្កិនរវាងពលរដ្ឋរបស់ខ្លួនទេ៕