Loading...

ពលរដ្ឋប្តឹង ប៉ូលិសនិងប្រជាការពារ ព្រួតវ៉ៃប្លន់លុយ៧០ម៉ឺនរៀល

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 17:19 pm

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍ពលរដ្ឋប្តឹងសមត្ថកិច្ច និងប្រជាការពារភូមិខាងលើនេ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅសាលាដំបូងខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះជឹង ចាន់នី ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្នមានលំនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ជាជនរងគ្រោះ បានប្តឹង ទី១-ឈ្មោះម៉ែ រ៉ាន់ ភេទប្រុស អាយុប្រហែល៥៧ឆ្នាំ ជាប្រធានប្រជាការពារភូមិ ទី២-ឈ្មោះម៉ែ ណាង ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជាប្រជាការពារភូមិ ទី៣-ឈ្មោះឈន លីម អាយុប្រហែល៤៧ឆ្នាំ ជាប្រជាការពារភូមិ ទី៤-ឈ្មោះម៉ៅ វេន ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជាប្រជាការពារភូមិ ទី៥-ឈ្មោះយេន ដែនដី ភេទប្រុស អាយុប្រហែល២៨ឆ្នាំ ជានគរបាលប៉ុស្តិ៍រដ្ឋបាលប្រម៉ោយ ទី៦-ឈ្មោះហ៊ុន រ៉ែម ភេទប្រុស អាយុ៥០ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ ទី៧-ឈ្មោះជា ប៉ារីស ភេទប្រុស អាយុ២៨ឆ្នាំ ជានគរបាល អធិការដ្ឋាននគរបាលស្រុកវាលវែង។

ក្នុងពាក្យបណ្តឹងខាងលើ ជនរងគ្រោះឈ្មោះជឹង ចាន់នី បានរៀបរាប់ថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ខ្លួនបាន បើករថយន្តម៉ាកសាំយ៉ុង ដឹកប្រពន្ធ និងកូនៗចំនួន៣នាក់ទៅកម្សាន្តនៅក្នុងបរិវេណវត្តតាំយ៉ លុះពេលដាក់ប្រពន្ធនិងកូនៗចុះរួច ខ្លួនបានបើក រថយន្តទៅចតកន្លែងមួយផ្សេង (ក្នុងវត្តដដែលនោះ) ហើយបានជួបមិត្តភក្តិឈ្មោះពុំ សាវ៉ាន ក៏នាំគ្នាអង្គុយនៅកន្លែងលក់ដូរមួយ ដោយមិនបាន ពន្លត់ម៉ាស៊ីនរថយន្តនោះទេ ព្រោះរថយន្តដេមិនឆេះ។ ខណៈនោះបានផឹកស្រាបៀរ (ខ្មៅ) ម្នាក់១ប៉ុង គ្រាន់តែចាប់ផ្តើមផឹកស្រាប់តែឈ្មោះម៉ែ ណាង ជាប្រជាការពារភូមិ បានឱ្យគាត់បើករថយន្តចេញ លុះគាត់តបវិញថា ចាំខ្ញុំផឹកស្រាអស់១ប៉ុងសិន ស្រាប់តែឈ្មោះម៉ែ ណាង បានដើរទៅហៅ បក្សពួកឈ្មោះម៉ែ រ៉ាន់ ឈ្មោះម៉ៅ វេន ឈ្មោះឈន លីម មកវ៉ៃគាត់បណ្តាលឱ្យដួលទៅនឹងដី រួចហើយឈ្មោះ ម៉ែ រ៉ាន់ បានដាក់ខ្នោះគាត់ជាប់។ ខណៈនោះឈ្មោះយេន ដែនដី ជានគរបាលអធិការដ្ឋាននគរបាលស្រុកវាលវែង បានដាក់ខ្នោះបន្ថែម១ជាន់ទៀត រួចយកម៉ូតូដាក់គាត់ថាទៅប៉ុស្តិ៍ នគរបាល លុះគាត់តបថា ខ្ញុំអត់ទៅទេ ព្រោះខ្ញុំអត់ខុសអ្វីទេ ប៉ុន្តែនគរបាល និងប្រជាការពារភូមិទំនើងទាំងនោះ បានក្រៀកគាត់ចេញផុតរបងវត្ត ប្រមាណ៥ម៉ែត្រ ក៏បានផ្តួលម៉ូតូ រួចក្រៀកគាត់ចូលមកក្នុងវត្តវិញ ដោយវាយបណ្តើរ បន្ទាប់មកឈ្មោះយេន ដែនដី ជានគរបាល បានយកកាំភ្លើង អាកាស្វាយបត់ វាយបណ្តាលឱ្យគាត់បែកក្បាលហូរឈាមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកទាំងនោះយកគាត់ទៅចងនៅដើមឈើមួយ ទាំង ដៃជាប់ខ្នោះដល់ទៅ២ជាន់ គ្រានោះក៏ឃើញឈ្មោះហ៊ុន រ៉ែម ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយជិះរថយន្តជាមួយឈ្មោះអុល ដោយយកទៅ គាត់ដាក់ក្នុងរថយន្តថាទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ពេលចេញទៅដល់ព្រៃស្ងាត់ឈ្មោះហ៊ុន រ៉ែម នាយប៉ុស្តិ៍ និងឈ្មោះអុល បានឈប់ រថយន្ត ដោយមានឈ្មោះជា ប៉ារីស ជានគរបាលស្រុកវាលវែងនៅទីនោះផង បានទាញគាត់ទម្លាក់ចេញពីរថយន្ត រួចលោកនាយប៉ុស្តិ៍ ហ៊ុន រ៉ែម និងឈ្មោះអុល បានបើករថយន្តចេញទៅបាត់ ទុកគាត់នៅជាមួយឈ្មោះជា ប៉ារីស ស្របគ្នានោះដែរមានម៉ូតូ១គ្រឿង មកពីក្រោយ ដោយលឺសម្លេង ស្រែកថា គ្នាវាមកហើយៗ ខណៈនោះឈ្មោះជា ប៉ារីស បានងើបចេញ គាត់បានដើររត់ៗ កាត់ព្រៃសំដៅដីចម្ងាយប្រមាណ២០គីឡូម៉ែត្រពីផ្ទះ រួចបានបងប្អូនសាច់ញាតិជួយកាត់ខ្នោះដៃ។ លុះព្រឹកស្អែកឡើង គាត់បានទៅឱ្យនគរបាលអធិកាដ្ឋានស្រុកវាលវែងជួយរកយុត្តិធម៌ ប៉ុន្តែគ្មានលទ្ធផលសោះ។

ពាក្យបណ្តឹងខាងលើ បានបញ្ជាក់ថា ដូច្នេះហើយទើបគាត់សម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តពោធិ៍សាត់ ដោយសំណូម ពរ សុំឱ្យតុលាការផ្តន្ទាទោសជនខាងលើទាំងនោះ ទៅតាមនីតិវិធី និងសុំឱ្យឈ្មោះខាងលើ សងថ្លៃជំងឺចិត្ត ថ្លៃព្យាបាលរបួសចំនួន ៩ពាន់ដុល្លារ រួមទាំងលុយខ្មែរ ដែលបានបាត់ចំនួន៧០ម៉ឺនរៀលផងដែរ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសមត្ថកិច្ច រួមនឹងប្រជាការពារភូមិ ទាំង៧នាក់ ដែលទទួលរងការ ចោទប្រកាន់បាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕