Loading...

ពេជ្រ សោភា ធ្វើឱ្យទេព បូព្រឹក្ស អស់សង្ឃឹម

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:38 pm

ពេជ្រ សោភា ដែលគេគ្រប់គ្នាបានដឹងថា មិនត្រូវគ្នាទាល់តែសោះជាមួយសិស្សប្អូនរួមទ្រនំ នាងទេព បូព្រឹក្ស នោះ ពេលនេះ សោភា កាន់តែមានប្រៀបឆ្ងាយជាងនាងស្រីនិច្ច ថែមទៀត តាមរយៈការចាប់ដៃគូជាមួយប្រុសក្មេង លោក Step ទាំងការច្រៀងសម្តែង រួមទាំងការធ្វើបទចម្រៀងនោះ ខណៈដែលពេលនេះ នាងទេព បូព្រឹក្ស ត្រូវរងាឯកោ ព្រោះបាត់ដៃគូស្នេហាងួន ចាន់ដេវីត។

តារាចម្រៀងរួមទ្រនំ បានឱ្យដឹងថា ពេលនេះ ពេជ្រ សោភា កាន់តែធ្វើឱ្យនាងទេព បូព្រឹក្ស អស់សង្ឃឹមក្នុងការឈរក្នុងតំណែងតារាចម្រៀងស្រីឈានមុខគេនៅទ្រនំធំនេះជាមិនខាន ព្រោះថា ការបាត់បង់សង្សារដេវីត ពីហង្សមាស នោះ បូព្រឹក្ស ហៅស្រីនិច្ច ហាក់ដូចជាបាត់ដៃម្ខាងទៅហើយ អ៊ីចឹងចង់ទម្លាក់ពេជ្រ សោភា ឬវ៉ាអ្នកមេម៉ាយរូបនេះ ប្រាកដជាមិនអាចទៅរួចនោះទេ។

ថ្វីត្បិតតែពេជ្រ សោភា ហាក់ចង់ជិះសេះលែងដៃនៅហង្សមាស ព្រោះថា ឱក សុគន្ធកញ្ញា ក៏អាចប្រឈមការធ្លាក់ចុះ ដោយសារគិតតែពីរឿងផ្អែមល្ហែមជាមួយសង្សារថ្មី លោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស ជាងការច្រៀង  ហើយសិស្សប្អូនទេព បូព្រឹក្ស ត្រូវបែកខ្ញែកពីដៃគូស្នេហាងួន ចាន់ដេវីត ក្តី តែមុននេះ ម្ចាស់បទ “រាំញីកែងជើង” នោះ បានសន្យាថា ទោះជារូបគេចេញពីហង្សមាស មែន តែលោកបានត្រៀមធ្វើបទភ្លេង និងចម្រៀងឱ្យសង្សារបណ្តូលចិត្ត ទេព បូព្រឹក្ស ច្រៀងដូចមុនដដែល។

ដោយឡែក ពេជ្រ សោភា វិញបានអះអាងថា នាងគ្មានចាប់អារម្មណ៍ប៉ុនក្រចកដៃរឿងងួន ចាន់ដេវីត ដើរចេញពីហង្សមាស ឬទៅចូលផលិតកម្មណានោះទេ ព្រោះពេលនេះ នាងគិតតែម៉្យាងគត់ គឺប្រឹងធ្វើបទចម្រៀងថ្មីៗ និងរកលុយជួយក្មួយៗ ឱ្យបានរៀនសូត្រខ្ពង់ខ្ពស់។

ពេជ្រ សោភា ដែលយកខ្លួនទៅធានាងួន ចាន់ដេវីត ឱ្យបានចូលហង្សមាស រហូតល្បីឈ្មោះនោះ ទីបំផុតស្ទើរតែក្អួតឈាម ព្រោះថា ដេវីត លែងចាប់ដៃជាមួយនាង ហើយទៅស្នេហាជាមួយនាងទេព បូព្រឹក្ស ដែលមិនត្រូវគ្នាទាល់តែសោះជាមួយនាងនោះ។ ពេលនេះ ពេជ្រ  សោភា មិនដែលនិយាយរកទេព បូព្រឹក្ស និងងួន ចាន់ដេវីត ឡើយ។ ប៉ុន្តែអ្នកមេម៉ាយឡើងកូដពេជ្រ សោភា ត្រូវបានគេចាត់ទុកថា នាងជោគជ័យតែអាជីពចម្រៀងប៉ុណ្ណោះ ចំពោះរឿងស្នេហាវិញ គឺឆ្វាក់តែការបរាជ័យជាបន្តបន្ទាប់៕