Loading...

ព្រោះតែខកចិត្តរឿងស្នេហ៍ ចងកសម្លាប់ខ្លួន

​ សោម សុភា​​ | ថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:28 pm

ខេត្តកណ្តាល៖ យុវជនគិតខ្លីចងកធ្វើអត្តឃាត មានឈ្មោះធាម ធីប អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ។

តាមសម្តីបុរសឈ្មោះឃី ឈន អាយុ៦៤ឆ្នាំ ត្រូវជាឪពុកមាជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកជនរងគ្រោះ ធ្លាប់បានធ្វើអត្តឃាត ដោយចងកម្តងរួចមកហើយ តែត្រូវបងប្អូន និងអ្នកជិតខាងដឹងទាន់ជួយសង្គ្រោះផុតពីគ្រោះថ្នាក់។ ក្រោយមក ជនរងគ្រោះក៏បានចេញពីមូលដ្ឋាន ទៅធ្វើជាកម្មករសំណង់នៅឯខេត្តព្រះសីហនុបាត់ទៅ។

ប្រភពបន្តថា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានត្រឡប់មកស្រុកកំណើតវិញ ដើម្បីមកចូលរួមពិធីបុណ្យកាន់បិណ្ឌ។ ស្រាប់តែនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ក៏មានអ្នកភូមិប្រទះឃើញជនរងគ្រោះធ្វើអត្តឃាតចងក នៅនឹងដើមស្វាយដីចម្ការរបស់ឈ្មោះពូន លុយ ដែលស្ថិតនៅខាងកើតផ្ទះជនរងគ្រោះ ចម្ងាយប្រហែល៧០ម៉ែត្រ រួចក៏រត់មកប្រាប់ក្រុមគ្រួសារជនរងគ្រោះ បន្ទាប់មកបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងរាយការណ៍បន្តមកអធិការដ្ឋាននគរបាលស្រុកកោះធំ។

តាមប្រភពពីមិត្តភក្តិ ដែលស្គាល់ជនរងគ្រោះ បានបង្ហើបប្រាប់ថា ជនរងគ្រោះកន្លងមក ធ្លាប់បានត្អូញត្អែរពីរឿងស្នេហាមិនសមបំណង ប៉ុន្តែមិនមានអ្នកណាម្នាក់ដឹងថា ជនរងគ្រោះបានស្រលាញ់គ្នាជាមួយកូនក្រមុំអ្នករស់នៅក្នុងភូមិ ឬជាមួយអ្នកណានោះទេ ស្រាប់តែចុងក្រោយ ក៏ឃើញជនរងគ្រោះ មានគំនិតខ្លី ដោយចងកបញ្ចប់ជីវិតតែម្តង៕