Loading...

មាស សុខសោភា កាក់កបរកលុយក្រៅស្រុក ជាមួយខេម

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:33 pm

តារាចម្រៀងល្បីល្បាញរបស់ផលិតកម្មថោន នាងមាស សុខសោភា បានចេញទៅច្រៀងសម្ដែងនៅប្រទេសអាឡឺម៉ង់ដ៍ និងបង្ហួសទៅដល់ប្រទេសបារាំង រួមទាំង សហរដ្ឋអាមេរិក ទៀតផង  បើតាមគម្រោងដែលតារាចម្រៀងរួមទ្រនំ លោកខេម បានប្រាប់ពេលដែលពួកគេបានដឹកដៃគ្នាឡើងយន្ដហោះ មុនបុណ្យភ្ជុំបិណ្ឌនោះ។

តាមរយៈបទប្រពៃណីខ្មែរជាច្រើនបទ ដែលមាស សុខសោភា និងលោកខេម បានចាប់ដៃគ្នាច្រៀងនៅថ្ងៃបុណ្យភ្ជុំបិណ្ឌនោះ មានអាណិកជនខ្មែរ​នៅអាឡឺម៉ង់ដ៍ ឡើងរាំជាច្រើន ហើយក៏មានការសំណូមពរឲ្យអ្នកចម្រៀងល្បីឈ្មោះ២ដួង ជ្រកកោនក្រោមដំបូលផលិតកម្មតែមួយនេះ ច្រៀងរួមគ្នា​បទ ”ឲ្យអត់ស្រឡះទៅ” ដែលជាបទរាំវង់ល្បីល្បាញរបស់អ្នកចម្រៀងទាំង២ផងដែរ ។

គេកត់សម្គាល់ដែរថា មាស សុខសោភា ដែលអាចច្រៀងបានគ្រប់ទំរង់ទាំងអស់នោះ នាងទៅច្រៀងដល់រដ្ឋណា ក៏មានអាណិកជននៅទីនោះ បានមកទស្សនាគាំទ្រនាងយ៉ាងច្រើនកុះករដែរ បើប្រៀបធៀបជាមួយតារាចម្រៀងល្បីឈ្មោះផ្សេងៗទៀត ហេតុនេះហើយបានជាអ្នកចម្រៀងល្បីល្បញរូបនេះ មិនដែលបោះបង់ទីផ្សារចម្រៀងនៅក្រៅស្រុកនោះទេ គឺបើទោះជានាងមានភាពមមាញឹកក្នុងស្រុកយ៉ាងណា ក៏នៅតែឆ្លៀតចេញទៅច្រៀងសម្ដែងរកលុយនៅទីផ្សារក្រៅប្រទេស ស្ទើរតែរៀងរាល់ឆ្នាំតែម្ដង។

តារាចម្រៀងប៉ុន សុណារិន្ទ ហៅខេម បានប្រាប់អ្នកយកព័ត៌មានយើង មុនពេលទៅច្រៀងសម្ដែងនៅក្រៅប្រទេសនោះថា ការចាប់ដៃគូច្រៀងជាមួយមាស សុខសោភា មានរយៈពេលដល់ទៅ៣ខែ ហើយតាមគម្រោង ត្រូវទៅច្រៀងនៅអាឡឺម៉ង់ដ៍, បារាំង និងអាមេរិក ជាដើម ហើយក្នុងនាមជាតារាចម្រៀងជ្រកកោនក្រោមដំបូលផលិតកម្មតែមួយនោះ លោកពេញចិត្តក្នុងការសម្ដែងច្រៀងជាមួយមាស សុខសោភា ដែលជាតារាចម្រៀងល្បីឈ្មោះម្នាក់។ ប៉ុន្ដែលោកខេម អះអាងថា មិនមែនទាល់តែចាប់ដៃគូជាមួយអ្នកល្បី ទើបលោកព្រមចេញទៅច្រៀងនៅបរទេសទេ ជាមួយតារាចម្រៀងណាក៏បាន ឲ្យតែខាងម្ចាស់ Sponsor តម្រូវ គឺអាចចេញទៅបានទាំងអស់។

មាស សុខសោភា រកបានប្រាក់ចំណូលជាច្រើនសែនដុល្លារ ក្នុងរដូវក្ដៅកន្លងមក ជាមួយតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃជិត៣ពាន់ដុល្លារ ដែលប្រដមប្រសងជាមួយនាងឱក សុគន្ធកញ្ញា។ ដោយឡែក សម្រាប់រដូវធ្លាក់ភ្លៀងនេះ សោភា មិនបង្អង់យូរឡើយ គឺនាងឆ្លៀតទៅច្រៀងនៅបរទេស ដើម្បីរកប្រាក់ចំណូលបន្ថែមទៀត ទើបធ្វើឲ្យទីផ្សារចម្រៀងសោភា ត្រូវប៉ាន់ទាំងរដូវប្រាំង និងវស្សា។

មាស សុខសោភា ដែលកំពុងកាក់កបច្រៀងសម្ដែងនៅបរទេសនេះ ក៏មានការអមដំណើរដោយស្វាមីរបស់នាង លោកគ្រូពេទ្យ អ៊ឹត រ៉ាដា ផងដែរ ហើយក្រៅពីច្រៀងរាំសម្ដែងនោះ សោភា បាននាំគូស្នេហ៍ទៅដើរលេងកម្សាន្ដសាងអនុស្សារីយ៍ឲ្យបានកាន់តែច្រើនថែមទៀត បន្ទាប់ពីពួកគេបានចាប់ដៃគ្នាសាងស្នេហ៍ រយៈពេល១១ឆ្នាំមក។

ក្រុមអ្នកគាំទ្រតារាចម្រៀងមាស សុខសោភា បានដាក់ការសង្ស័យថា អ្នកចម្រៀងផលិតកម្មថោន និង Camtrax រូបនេះ ចេញទៅរកលុយនៅក្រៅស្រុកលើកនេះ អាចជាការសន្សំលុយរៀបការធំជាមួយគូស្នេហ៍ តែសោភា នៅតែមិនទាន់អះអាងពីពេលវេលាជាក់លាក់នៃការចូលរោងការឡើយ ដោយនាងនិយាយមិនសូវច្បាស់លាស់ថា អាច២ទៅ៣ឆ្នាំទៀត ទើបគិតគូរៀបការ បន្ទាប់ពីលើកពេលកាលពីឆ្នាំ២០០៩ មក៕