Loading...

មីយ៉ាន់ម៉ា-បង់ក្លាដេស ចាប់ផ្តើមបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ត្រឡប់មកវិញ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:06 pm

នៅក្នុងជំនួបប្រជុំកាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ប្រទេសបង់ក្លាដេស និងមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នាចាប់ផ្តើមបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា វិលត្រឡប់មកកាន់ប្រទេសមីយ៉ាន់ម៉ា វិញ នៅក្នុងខែវិច្ឆិកា។

កិច្ចព្រមព្រៀងនេះបានកើតឡើងក្នុងរយៈពេលតិចជាង១សប្តាហ៍ បន្ទាប់ពីក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ បានព្រមានថា សំណុំរឿងប្រល័យពូជសាសន៍ ប្រឆាំងទៅនឹងជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា នៅតែដំណើរការនៅឡើយ។

នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨នេះ។

កាលពីខែសីហា ឆ្នាំកន្លងទៅ ជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា ចំនួន៧២ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស បន្ទាប់ពីមានការបង្ក្រាបយ៉ាងព្រៃផ្សៃ ដោយពួកយោធា។

ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ បាននិយាយថា មន្ត្រីយោធាកំពូលៗរបស់ប្រទេសមីយ៉ាន់ម៉ា  គួរតែត្រូវបានគេកាត់ទោសពីបទប្រល័យពូជសាសន៍ ប្រឆាំងនឹងមនុស្សជាតិ។

ទោះជាយ៉ាងណាក្តី ប្រទេសមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់ទាំងអស់នេះ ហើយបានថ្លែងការពារសកម្មភាពបង្ក្រាបរបស់មន្ត្រីយោធាទាំងនោះ។

តាមពិតទៅ ប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស មានគម្រោងបញ្ជូនជនភៀសខ្លួនទាំងនោះ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ មកម៉្លេះ ប៉ុន្តែមានឧបសគ្គជាច្រើនពាក់ព័ន្ធទៅនឹងការិយាល័យធិបតេយ្យ។ ភាគីទាំងពីរ បានបន្ទោសគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងការពន្យារពេលធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន ទាំង៧២ម៉ឺននាក់នោះ៕