Loading...

ម៉ាឡេស៊ី បោះឆ្នោតបង្គ្រប់អាសនៈ បើកផ្លូវឱ្យលោកអាន់វ៉ា ស្នងតំណែងលោកមហាធៀ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 18:02 pm

កាលពីថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី បានរៀបចំការបោះឆ្នោតបង្គ្រប់អាសនៈ នៅមណ្ឌលបោះឆ្នោត Port Dickson ស្ថិតនៅភាគខាងត្បូងម៉ាឡេស៊ី។ ការបោះឆ្នោតនេះ គឺជាការបើកផ្លូវឱ្យអតីតមេបក្សប្រឆាំង លោកអាន់វ៉ា អ៊ីប្រាហ៊ីម វិលត្រឡប់ចូលឆាកនយោបាយ និងឈានទៅកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសលោកមហាធៀ មហាម៉ាត់ ដែលមានវ័យ៩៣ឆ្នាំទៅហើយ។

នៅក្នុងទីក្រុង Port Dickson មានប្រជាជនជាង៧៥០០០នាក់ ចាប់ផ្តើមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួន នៅថ្ងៃសៅរ៍ ទី១៣ ខែតុលា នេះ។

គណៈកម្មការរៀបចំការបោះឆ្នោតរំពឹងថា ប្រជាជនដែលគ្រប់អាយុបោះឆ្នោតយ៉ាងតិច ៧០ភាគរយ នឹងទៅបោះឆ្នោត ហើយលទ្ធផលនឹងត្រូវប្រកាសនៅយប់ថ្ងៃសៅរ៍ ដែរ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP ការបោះឆ្នោតបង្គ្រប់អាសនៈនេះ ធ្វើឡើងក្រោយពេលសមាជិកសភាម្នាក់នៃសម្ព័ន្ធបក្សកាន់អំណាច Pakatan Harapan ចុះចេញពីតំណែងដើម្បីត្រួសត្រាយផ្លូវឱ្យលោកអាន់វ៉ា អ៊ីប្រាហ៊ីម ចូលនយោបាយវិញ។

ការឃោសនាពីរសប្តាហ៍មកនេះ លោកអាន់វ៉ា បានប្រឹងប្រែងយ៉ាងខ្លាំង និងបានសន្យាចំពោះប្រជាជនជាអ្នកបោះឆ្នោតថា លោកនឹងនាំមកការអភិវឌ្ឍ, រដ្ឋាភិបាលដែលស្អាតស្អំ និងជំរុញទេសចរណ៍ក្នុងតំបន់ផងដែរ។

នៅក្នុងការឃោសនានៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោកមហាធៀ ដែលត្រូវជាសត្រូវចាស់របស់លោកអាន់វ៉ា នោះ ក៏បានបង្ហាញខ្លួនលើឆាកជួបជុំ សមាជិក-សមាជិកាបក្សជាមួយលោកអាន់វ៉ា។ តាមពិតទៅ ការឈ្នះបានអាសនៈនេះជាលក្ខខណ្ឌ តម្រូវសំខាន់បំផុតមួយ សម្រាប់អតីតមេបក្សប្រឆាំងដ៏មានឥទ្ធិពលរូបនេះ ព្រោះលោកត្រូវត្រឡប់ចូលឆាកនយោបាយវិញ និងឈានទៅកាន់តំណែងប្រមុខរដ្ឋាភិបាលជំនួសលោកមហាធៀរ មហាម៉ាត់ នាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេលើលោកផង៕