Loading...

ម៉ៅ សុចាន់ធី រៀបការស្ងាត់ជាមួយប្រុសក្មេង

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 9:57 am

អតីតតារាសម្តែងជើងចាស់ អ្នកនាងម៉ៅ  សុចាន់ធី ដែលបានទៅរស់នៅអាមេរិក រដ្ឋវ៉ាស៊ីនតោន ជាច្រើនឆ្នាំមកហើយនោះ ស្រាប់តែលេចមុខនៅផ្សារអ៊ីអន សែន សុខ ដោយបណ្តើរប្រុសក្មេងម្នាក់យ៉ាងស្អិតល្មួត។

អ្នកសិល្បៈដែលជិតស្និតអ្នកនាងម៉ៅ សុចាន់ធី បានបង្ហើបឱ្យដឹង ថា ប្រុសក្មេងដែលប្អូនអ្នកនាងសុចាន់ធី ជាង១០ឆ្នាំនោះ ឈ្មោះខេង បូរ៉ា ជាស្វាមីថ្មីរបស់តារាសម្តែងជើងចាស់នេះ ដែលទើបបានរៀបការស្ងាត់ៗ កាលពីពេលថ្មីៗនេះ នៅខេត្តបាត់ដំបង។

ក្នុងជំនួបផ្ទាល់ អ្នកនាងម៉ៅ សុចាន់ធី និយាយបែបអឹមអៀមថា អ្នកនាងពិតជាបានរកឃើញម្ចាស់បេះដូងថ្មី ដូចគេនិយាយមែននោះ គឺបណ្តូលចិត្តដែលរស់នៅខេត្តបាត់ដំបង ដែលទើបបានរៀបការកាលពីពេលថ្មីៗនេះ ហើយអ្នកនាងគ្រោងនាំស្វាមីក្មេងទៅរស់នៅសហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខនេះហើយ។

អតីតារាសម្តែងល្បីឈ្មោះរូបនេះ ថ្លែងថា “ខ្ញុំ និងប្តី បានស្គាល់គ្នាតាមហ្វេសប៊ុក ហើយពួកយើងស្រលាញ់គ្នាខ្លាំងណាស់ ទើបរៀបការជាមួយគ្នាតែម្តងទៅ។ ខ្ញុំបានចុះមកស្រុកខ្មែរ លើកនេះ កាលពីថ្ងៃទី០៥ ខែតុលា ហើយមុនដំបូងថា ភ្ជាប់ពាក្យជាមួយគាត់ (ប្តី) តែក៏បានប្តូរទៅជាមង្គលការតែម្តងទៅ ដោយបានធ្វើកម្មវិធីតិចតួចនៅស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង ហើយខ្ញុំគ្រោងមកកាត់ចំណងដៃនៅភ្នំពេញ ដែរ តែពេល នេះមិនទាន់បានរៀបចំនោះទេ។ មូលហេតុដែលខ្ញុំបានជ្រើសរើសយកគាត់ ព្រោះប្តីខ្ញុំនេះ ស្រលាញ់ខ្ញុំស្មោះណាស់ មិនដូចអ្នកខ្លះឃើញយើងនៅអាមេរិកអ៊ីចឹង ចង់បានតែលុយយើងនោះទេ គាត់មិនអ៊ីចឹងទេ។ មុនរៀបការនេះ ខ្ញុំបានប្រាប់គាត់តាមត្រង់ថា កាលពីឆ្នាំ២០១០ ខ្ញុំឈឺជំងឺមហារីកទ្រូង ហើយរាលដាលដល់ស្បែក និងសួត ទៀតផង តែពេលនេះ បានព្យាបាលជាហើយ គ្រាន់តែគ្រូពេទ្យតម្រូវឱ្យលេបថ្នាំ ១ថ្ងៃ ២គ្រាប់ ជាប្រចាំ ទើបខ្ញុំសួរប្តីខ្ញុំថា បើខ្ញុំឈឺអ៊ីចឹង ម៉េចបងឯងស្រលាញ់ខ្ញុំ តែគាត់ថា មិនខ្វល់ទេ ដឹងតែស្រលាញ់ខ្ញុំតែម្នាក់។ ឥឡូវខ្ញុំ និងគាត់ បានចុះអេតាស៊ីវិលហើយ ចំណែកខ្ញុំត្រូវឡើងទៅអាមេរិកវិញ នៅថ្ងៃទី០២ ខែវិច្ឆិកា នេះហើយ ទាល់តែអំឡុងដើមឆ្នាំក្រោយ ខ្ញុំមកស្រុកខ្មែរ ម្តងទៀត ទើបមករៀបចំធានាយកគាត់ទៅរស់នៅអាមេរិក ជាមួយ។ ខ្ញុំក៏សង្ឃឹមថា នឹងអាចទទួលបានចំណងដៃអាចមានកូនជាមួយគាត់ដែរ នាពេលខាងមុខនេះ”។

ដោយឡែក ស្វាមីក្មេងអ្នកនាងម៉ៅ សុចាន់ធី លោកខេង បូរ៉ា អាយុ៣១ឆ្នាំ អះអាងថា “ខ្ញុំបានរៀបការជាមួយគាត់ កាលពីថ្ងៃទី១៩ ខែតុលា ហ្នឹង គឺធ្វើតូចតាចសិនទេ ព្រោះកែប្រែពីការភ្ជាប់ពាក្យទៅរៀបការ។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងចាប់ដៃគ្នាទៅមុខបានយូរអង្វែង ព្រោះខ្ញុំស្រលាញ់គាត់ស្មោះ មិនមែនលើលុយទេ។ ខ្ញុំមិនខ្វល់ទេ អ្នកណាចង់និយាយអីនិយាយចុះ សំខាន់ខ្ញុំស្រលាញ់គាត់ខ្លាំង”៕