Loading...

ម្ចាស់ពាន Camboodian Idol គ្រី ថៃពៅ ៥ខែហើយ ស្ងាត់ដូចចោរលួចសេះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:27 pm

ម្ចាស់ពាន Camboodian Idol រដូវកាលទី៣ គ្រី ថៃពៅ ត្រូវបានមហាជនទូទៅវាយតម្លៃថា តាំងពីកាន់ពានជាង៥ខែនេះ តារាចម្រៀងថ្មីផលិតកម្មរស្មីហង្សមាសនេះ នៅមិនទាន់មានបទចម្រៀងណាមួយផ្ទុះខ្លាំង ដូចម្ចាស់ពានផ្សេងៗទៀតនោះទេ រហូតដល់គេថា ថៃពៅ ស្ងាត់ដូចចោរលួចសេះទៀតផង។ ការសន្និដ្ឋានបែបនេះ ដោយសារតែនៅតាមបណ្តាររង្គសាល ភោជនីយដ្ឋាននានា និងតាមអកកាដង់ផ្សេងៗទៀត គ្មានតារាចម្រៀងណាមួយ ដែលយកបទចម្រៀងម្ចាស់ពាន ដែលមានដើមកំណើតមកពីខេត្តកំពង់ចាម រូបនេះ ទៅច្រៀងឡើយ ហេតុនេះហើយបានជាសំណួរដែលមហាជនលើកឡើងថា តើថៃពៅ ម្ចាស់ពាននោះ មិនត្រូវបានហង្សមាស លើកឬក៏អ្នកចម្រៀងរូបនេះ សមត្ថភាពនៅមានកម្រិត?

បើតាមទស្សនិកជនមួយចំនួន ដែលតាមដានតារាចម្រៀងគ្រី ថៃពៅ បានឱ្យដឹងថា ការចេញបើកឆាក បទ “ខ្វះគេមិនបាន” របស់ម្ចាស់ពានរូបនេះ ហាក់មិនមានការចាប់អារម្មណ៍នោះទេ ទាំងការប្រើតិចនិកច្រៀង និងអត្ថន័យបទចម្រៀងនោះ ប៉ារ៉ូលមិនសូវទាក់ទាញ ហេតុនេះហើយបានជាធ្វើឱ្យថៃពៅ ស្ងៀមស្ងាត់ដែលខុសពីម្ចាស់ពានមុនៗរបស់ហង្សមាស សម្រាប់តារាចម្រៀងប្រុសៗ ដូចជា ប៊ុត សីហា, នី រតនា, ដួង វីរៈសិទ្ធិ, និងថែល ថៃ ជាដើមនោះ ពួកគេសុទ្ធតែមានបទល្បីរៀងៗខ្លួន យ៉ាងហោចណាស់ ក៏មាន១បទដែរ។

ដោយឡែក គ្រី ថៃពៅ វិញ ថ្វីត្បិតតែពេលនេះនៅមិនទាន់មានអ្វីគួរឱ្យចាប់អារម្មណ៍មែន តែរូបគេនៅមានពេលវេលាច្រើនទៀត ហើយហង្សមាស ដែលកន្លងមកឱ្យតែចង់លើកតារាណា គឺត្រូវតែល្បីនោះ គេជឿថា ថៃពៅ ច្បាស់ជាមានសង្ឃឹមនៅថ្ងៃណាមួយ បានល្បីដូចតារាផ្សេងនៅទ្រនំនេះដែរជាមិនខាន ព្រោះថ្មីៗនេះដែរ ហង្សមាស ក៏បានរុញថៃពៅ ឱ្យចូលទៅថតភាពយន្តភាគរបស់ខ្លួន ដើម្បីឱ្យតារាចម្រៀងរូបនេះ កុំឱ្យស្ងប់ស្ងាត់ពេកដែរ តាមរយៈរឿង “ខ្ញុំមានញាណលើស” ដែលថៃពៅ សម្តែងប៉ះជាមួយរៀមច្បងឆន សុវណ្ណារាជ, ណុប ប៉ាយ៉ារិទ្ធ, សយ រតនៈ, សុខ ស្រីនាង និងប៉ាច គីមមួយ ជាដើម។

គ្រី ថៃពៅ មកពីខេត្តកំពង់ចាម បានក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៣ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីផ្តួលគូប្រជែង៣រូបផ្សេងទៀត នៅថ្ងៃផ្តាច់ព្រ័ត្រ គឺនាងឈាង សុវណ្ណារី មកពីខេត្តបន្ទាយមានជ័យ, ចែម ស្រីលក្ខណ៍ មកពីតាកែវ និងសៀក ញញឹម មកពីខេត្តកណ្តាល៕