Loading...

យ៉ែម ស្រីពេជ្រ ស្រលាញ់កាំភ្លើងពេក ប៉ងចូលប្រលងយកក្របខណ្ឌរដ្ឋ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:31 pm

មិត្តភក្ដិអ្នកសិល្បៈ និងសាច់ញាតិមួយចំនួនរបស់នាងយ៉ែម ស្រីពេជ្រ បានដាស់តឿនរំលឹកតារាសម្ដែងរូបនេះ ថា​”បើស្រលាញ់កាំភ្លើងអ៊ីចឹង មិនខ្លាចអត់ប្ដីទេអី ?”…។ ប៉ុន្ដែស្រីពេជ្រ ហាក់មិនខ្វល់ខ្វយឡើយ ហើយនាងនៅតែដាក់ចិត្តស្រលាញ់អាវុធ ដែលស្រីៗមួយចំនួន មិនហ៊ានចូលក្បែរនោះដដែល។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ យ៉ែម ស្រីពេជ្រ បានឲ្យដឹងថា ការដាក់ចិត្តស្រលាញ់កាំភ្លើងនេះ កាន់តែខ្លាំងឡើងៗ បន្ទាប់ពីនាងបានថតចប់រឿង ”មន្ដស្នេហ៍អនុសេនីយ៍” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីពេលថ្មីៗនេះ ហើយក្នុងរឿងនេះធ្វើឲ្យនាងដកចិត្តមិនរួចពីការសម្ដែងក្នុងរឿងនោះទេ ហើយរឹតតែប៉ងធ្វើទាហានមែនទែនទៀតផង។

តារាស្រអែមស្រស់រូបនេះ បានថ្លែងក្នុងកម្មវិធីជប់លៀងរបស់ទូរទស្សន៍លេខ៥ នៅភោជនីយដ្ឋានទន្លេបាសាក់២ (ក្បាលថ្នល់) កាលពីពេលថ្មីៗនេះថា ”រឿងនោះ ៩០% គឺថតនៅបន្ទាយទាហាន ហើយខ្ញុំលេងជាពេទ្យទាហាន ពាក់ស័ក្ក៣ ដែលត្រូវយល់ដឹងពីផ្នែកទាហាន និងឧបករណ៍ពេទ្យហ្នឹងច្រើន។ តាំងពីសម្ដែងរឿងនោះមក ខ្ញុំមិនដឹងម៉េចស្រលាញ់តែកាំភ្លើង ឲ្យតែឃើញកាំភ្លើងរត់ទឱបសិនហើយ ទើបសួរថា ម្ចាស់ជាអ្នកណា? មិត្តភក្ដិខ្ញុំជាច្រើនបានសួរមកខ្ញុំថា អូនឯងជាស្រីអ៊ីចឹង ស្រលាញ់កាំភ្លើងអ៊ីចឹង មិនខ្លាចអត់ប្ដីទេអី? ខ្ញុំថាមិនដឹងជាធ្វើម៉េច បើខ្ញុំដក់ចិត្តស្រលាញ់តែកាំភ្លើងហ្នឹងមែន។ តាមរយៈផ្ទៃរឿងទាំងមូល ”មន្ដស្នេហ៍អនុសេនីយ៍” នេះ ខ្ញុំយល់ថា រឿងមួយនេះធ្វើឲ្យប្រជាជនកាន់តែស្រលាញ់វិស័យការពារជាតិ ថែមទៀត ហើយសម្រាប់បំណងខ្ញុំ គឺចង់ប៉ងចូលប្រលងយកក្របខណ្ឌរដ្ឋណាមួយ​ឲ្យបានក្នុងពេលឆាប់ៗនេះ ពិសេស គឺខាងទាហាននេះតែម្ដង”។

តាមរយៈការក្ដាប់តួឯករឿង ”មន្ដស្នេហ៍អនុសេនីយ៍” ដែលស្រីពេជ្រ សម្ដែងប៉ះជាមួយតួឯកប្រុស លោកសេង រតនៈ នេះ ធ្វើឲ្យពួកគេកាន់តែមានភាពស្និទ្ធស្នាលគ្នានៅក្រៅឆាកយ៉ាងចម្លែក រហូតធ្វើឲ្យមានការសង្ស័យថា ស្រីពេជ្រ ចង់ស្អំរបួសបេះដូងអតីតសង្សារ នាងឃុនច័ន្ទ មូនណា ទៀតផង ។ ប៉ុន្ដែស្រីពេជ្រ និយាយដោយសំណើចថា រឿងនោះមិនអាចមើលឃើញទេ ហើយនាងសរសើរពីទេពកោសល្យសម្ដែងរបស់ប្រុសរូបសង្ហាររតនៈ ទៀតផងថា ពិតជាពូកែកំប្លែង លេងស៊ីចង្វាក់គ្នាល្អជាមួយនាងទៀតផង៕