Loading...

រទេះភ្លើងបុកមនុស្សស្លាប់៥៥ និងរបួស៦០នាក់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:08 pm

យ៉ាងហោចណាស់ មនុស្ស៥៥នាក់ បានស្លាប់បាត់បង់ជីវិត និង៦០នាក់ បានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍រទេះភ្លើងបើកបុកហ្វូងមនុស្ស ដែលកំពុងប្រារឰពិធីបុណ្យសាសនាឥណ្ឌូ នៅលើកំណាត់ផ្លូវរថភ្លើង ភាគខាងជើងប្រទេសឥណ្ឌា។ នេះបើយោងតាមប្រភពព័ត៌មានពី CNN ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។

មន្ត្រីប៉ូលិសជាន់ខ្ពស់ក្នុងតំបន់ បានថ្លែងប្រាប់ CNN ថា រទេះភ្លើងបានបើក និងកិនមនុស្ស ដែលកំពុងឈរនៅលើផ្លូវរថភ្លើង។

ដោយឡែក លោក Deepak Kumar អ្នកនាំពាក្យក្រសួងដឹកជញ្ជូនផ្នែកផ្លូវដែក បានថ្លែងថា មានតែរទេះភ្លើងមួយប៉ុណ្ណោះ ដែលជាប់ពាក់ព័ន្ធទៅនឹងហេតុការណ៍បុកសម្លាប់មនុស្សនេះ។

លោកបានបន្តទៀតថា ហេតុការណ៍នេះបានកើតឡើងចំពេលដែលមានការបាញ់កាំជ្រួច ដែលធ្វើឱ្យមនុស្សសប្បាយស្រែកហ៊ោកងរំពង ហើយមិនបានឮសំឡេងរថភ្លើងមកដល់នោះទេ។

ពាក់ព័ន្ធទៅនឹងករណីនេះ រដ្ឋាភិបាលឥណ្ឌា បានប្រកាសសងជំងឺចិត្តទៅដល់ក្រុមគ្រួសារដែលមានមនុស្សស្លាប់បាត់បង់ជីវិត ដោយម្នាក់ៗទទួលបានទឹកប្រាក់៦៨០៥ដុល្លារ ក្នុង១គ្រួសារ៕